លោក ដូណាល់ ត្រាំ មេដឹកនាំសេតវិមានដ៏មហាសែនក្លៀវក្លា កំពុងត្រូវបានវាយតម្លៃដោយអ្នកវិភាគថា កំពុងស្ថិតក្នុងស្ថានភាពអស់ក្បាច់ហក់…ឱកាសក្នុងការឈ្នះការបោះឆ្នោតជ្រើសតាំង ក្លាយជាប្រធានាធិបតីអាណត្តិទី2 មើលទៅកាន់តែស្រពេចស្រពិលខ្លាំងឡើងជារៀងរាល់ថ្ងៃ…ការនិយាយស្ដី ថ្លែងការប្រាស្រ័យនៅចំពោះមុខប្រជាជន មិនរញ្ជួយចិត្ត មិនដាច់ខាត និងមិនគួរឱ្យជឿជាក់ ដូចកាលពីអាណត្តិមុនឡើយ។
ទោះជាចង់ប្រើកាយវិការបែបណា ក៏មិនជំពប់ភ្នែក ឬត្រូវចិត្តអ្នកស្ដាប់ដែរ…រឹតតែជិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងផង ជនអាមេរិកាំងដែលធ្លាប់និយមពេញចិត្តលោកត្រាំ បានចាប់ផ្ដើមមើលឃើញថា លោកត្រាំ ជាមេដឹកនាំដែលមានបញ្ហាច្រើនណាស់ ទាំងផ្នែកការគិត នយោបាយ ទង្វើ និងតួនាទីផ្សេងៗ ក្នុងឋានៈជាអ្នកដឹកនាំប្រទេសមហាអំណាចលំដាប់លេខ1 របស់ពិភពលោក។
រឹតតែជាបញ្ហាដ៏ធ្ងន់មួយទៀត នៅពេលដែលមិត្តជិតស្និទ្ធ មិត្តយូរអង្វែង ដូចជាក្រុមប្រទេសអឺរ៉ុប ចាប់ផ្ដើមបែរខ្លួនចេញឆ្ងាយ និងមើលឃើញហើយថា លោកត្រាំ ដូចជាមិនមែនជាមិត្តភក្តិដែលគួរឱ្យសេពគប់ ទុកចិត្តមិនបាន និងថែមទាំងមិនអាចពឹងពាក់បានទៀតផង ហើយថែមទាំងសម្លឹងមើលមកពួកមិត្តភក្តិមេដឹកនាំប្រទេសក្នុងសហគមន៍អឺរ៉ុប ប្រៀបដូចជាកូនចៅ តួរង ឬខ្ញុំកញ្ជះទៀតផង។
ការបង្ហាញខ្លួនក្នុងអំឡុងពិធីជប់លៀងនៅថ្ងៃបុណ្យជាតិសហរដ្ឋអាមេរិក 4កក្កដា លោកត្រាំមិនបានបង្ហាញឱ្យប្រជាជនអាមេរិកាំង ជឿជាក់លើគុណភាពនៃការធ្វើជាមេដឹកនាំទាល់តែសោះ…ព្រោះជំនួសឱ្យការដែលត្រូវនិយាយឱ្យជនអាមេរិកាំង មានក្ដីសង្ឃឹមនាពេលអនាគត កណ្ដាលវិបត្តិធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច នយោបាយ សង្គមនោះ លោកត្រាំមិនធ្វើ…តែបែរជាទៅនិយាយបំផុសបំផុលជនអាមេរិកាំង ឱ្យមើលឃើញពីគ្រោះភ័យដ៏កាចសាហាវរបស់ក្រុមឆ្វេងនិយម ក្រុមប្រឆាំងហ្វាស់ស៊ីស ក្រុមក្បាលរឹងផ្សេងៗទៀត ដែលចេញមកពីផលប៉ះពាល់របស់ការទាមទារតវ៉ាប្រឆាំងនឹងទង្វើរបស់ជនស្បែកស ដែលនៅមានគំនិតបង្កប់នៅក្នុងខួរក្បាល រឿងការរើសអើងជាតិសាសន៍ពណ៌សម្បុរ រហូតក្លាយជាវិបត្តិរបស់ប្រទេសជាតិនាពេលបច្ចុប្បន្នទៅវិញ។
ក្នុងសភាវប្រក្រតី ជនអាមេរិកាំងមានការបែកបាក់ខាងគំនិត រឿងនយោបាយពណ៌សម្បុរស្រាប់ទៅហើយ គ្រាន់តែរង់ចាំការផ្ទុះឡើងប៉ុណ្ណោះ ជួនកាល ការថ្លែងរបស់លោកត្រាំ ក្នុងអំឡុង 2-3ថ្ងៃ មុនថ្ងៃឈប់សម្រាកវែងកន្លងមកនេះ គ្រាន់តែជាការចាប់ផ្ដើមទេ តែវាត្រូវបានសំពងបន្ថែមឱ្យទំនាស់រឿងពណ៌សម្បុរនោះ រឹតតែបើកធំឡើងជាងអ្វីដែលកំពុងមាន ក្នុងខណៈពេលនេះ។
លោកត្រាំ និយាយរឿងការបង្កភេរវកម្ម អាងថា ក្រុមមនុស្សជំនាន់ថ្មី រង់ចាំតែបំផ្លាញប្រវត្តិសាស្ត្រ ពិធីសាសនា វប្បធម៌ ជាក្រុមឆ្វេងជ្រុល ជាក្រុមអ្នកត្រូវការកសាងសង្គមថ្មី ក្រុមនិយមអនាធិបតេយ្យ ក្រុមនិយមការរឹងរូស…អាងថា ក្រុមស្បែកខ្មៅចង់តែបំផ្លាញ និងចង់ផ្លាស់ប្ដូរប្រវត្តិសាស្ត្រ។
ការថ្លែងប្រាស្រ័យ សំឡេងវ៉េវវ៉ាវនៅក្នុងសួនច្បារផ្កាកុលាបខាងក្រោយមន្ទីរសេតវិមាន ដែលនិយាយអំពីរឿងប្រវត្តិសាស្ត្រនោះ អ្នកវិភាគមើលឃើញថា លោកត្រាំកំពុងស្ថិតក្នុងគំនិតតែលតោល មិនតភ្ជាប់នឹងសភាពការណ៍ពិតនាពេលបច្ចុប្បន្ន ព្យាយាមដាស់ខ្មោចស្នេហាជាតិ លើកតម្កើងវប្បធម៌របស់ជនជាតិអាមេរិក និងថែមទាំងធ្វើឱ្យគេឯងមើលឃើញទៀតថា លោកកំពុងស្ថិតក្នុងសភាព “ស្រមើស្រមៃ” វង្វេងវង្វាន់ ដូចការវិភាគនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន របស់ជនល្បីឈ្មោះ ខាល ប៊ើនស្ទីន ដែលបានគាស់កកាយលើករឿង វ៉តធើរ ហ្គេត មកនិយាយក្នុងយុគសម័យលោកប្រធានាធិបតី រីឆាដ និកសុន ដែលត្រូវលាឈប់ពីតំណែងយ៉ាងអាម៉ាស់។
នៅពេលប្រៀបធៀបជាមួយមេដឹកនាំប្រទេសមហាអំណាច 2ទៀត ដែលជាគូសងសឹករបស់លោកត្រាំ គឺលោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំប្រទេសរុស្ស៊ី ក៏រឹតតែខុសគ្នាឆ្ងាយទៅទៀត…កម្រិតខុសគ្នាឆ្ងាយណាស់! ព្រោះលោកពូទីន បានឈ្នះការធ្វើប្រជានិយមឱ្យកែច្បាប់ ដោយកែសម្រួលឱ្យលោកពូទីន នៅធ្វើជាមេដឹកនាំប្រទេសរុស្ស៊ីបាន 2អាណត្តិទៀត រហូតដល់អាយុ 83ឆ្នាំ។
នឹងនៅបានឬអត់? វាអាស្រ័យលើលទ្ធផលការបោះឆ្នោតជ្រើសតាំងក្នុង 2អាណត្តិដែលកន្លងមក ហើយនឹងនៅបានឬអត់? អាស្រ័យលើគ្រូពេទ្យ ដែលនឹងត្រូវពិនិត្យរាងកាយលោកពូទីនថា នៅតែមាំមួនល្អ ព្រោះត្រូវឆ្លងកាត់ការបោះឆ្នោត បើប្រជាជនរុស្ស៊ី មិនជ្រើសយក ក៏មានន័យថា លោកពូទីន មានឱកាស តែធ្វើតទៅទៀតមិនបាន…។
តពីពេលនេះទៅ គឺ 16ឆ្នាំទៀត តើលោកត្រាំនឹងទៅជាអ្វី? ទៅនៅទីណាបាត់ហើយក៏មិនដឹង? បើនៅរស់ ក៏ស្ថិតក្នុងវ័យជាង 90ឆ្នាំ និងនៅក្នុងគុក ឬក្រៅគុក? ក៏នៅតែជាប្រធានបទឱ្យយើងសន្និដ្ឋានទៅ ព្រោះធ្លាប់ទៅលូកលាន់ពាក់ព័ន្ធនឹងកិច្ចការ ដែលត្រូវបានគេមើលឃើញថា មានផលប្រយោជន៍ ដែលមានទាំងដោយផ្ទាល់ និងមិនស្មុគស្មាញទៀតផង។
ហើយអ្នកជំនាញខាងវិភាគ លោក ខាល ប៊ើនស្ទីន មើលឃើញថា លោកត្រាំនៅស្ទើរភ្លើងណាស់ ពេលចរចានយោបាយជាមួយរុស្ស៊ី ដោយលោកពូទីនបានប្រើក្បាច់ជន្លផង មែនផងក្នុងការជជែកតវ៉ា ធ្វើឱ្យលោកត្រាំទៅលែងរួច ព្រោះខ្លួនឯងគិតតែពីនិយាយអួតអាងថា ជាមេដឹកនាំប្រទេសដែលមានសមត្ថភាព អច្ឆរិយៈ ស្ថិតស្ថេរ…ហើយប្រធានាធិបតីមុនៗ សុទ្ធតែប្រើការមិនកើតទាំងអស់!។
អ៊ីចឹងសួរថា បើលោកពូទីន នៅតទៅទៀតបានយូរ ឯលោកត្រាំ នៅបានតែ 1អាណត្តិ តើសហរដ្ឋអាមេរិក នឹងទៅជាយ៉ាងណា?
រឹតបើប្រៀបធៀបជាមួយលោកប្រធានាធិបតីនៃប្រទេសចិន ស៊ី ជីនភីង ដែលនឹងនៅបានយូរទៅទៀត ឬរហូតដល់ស្លាប់ផងនោះ រឹតតែធ្វើឱ្យលោកត្រាំមិនអាចប្រៀបធៀបបានទៅទៀត ហើយម្យ៉ាងទៀតមេដឹកនាំចិន និងរុស្ស៊ី មានសម្ព័ន្ធភាពដ៏ល្អនឹងគ្នាទៀតផង។ វាជាភាពខុសគ្នាយ៉ាងខ្លាំងផ្នែកប្រព័ន្ធនយោបាយ ទោះជាប្រទេសមហាអំណាចដូចគ្នាក៏ដោយ…។
ស្ថានភាពរបស់លោកត្រាំ មើលទៅទន់ជ្រាយ នៅពេលសហរដ្ឋអាមេរិក ក្លាយជាប្រភពធំរបស់ការឆ្លងរាលដាលមេរោគកូវីដ-19 ដែលធ្វើឱ្យជនអាមេរិកាំងឆ្លងមេរោគដល់ទៅជិត 3លាននាក់ និងស្លាប់ជិត 1.4សែននាក់ និងពេលនេះកំពុងឆ្លងយ៉ាងធ្ងន់ធ្ងរ ស្ទើរតែរកមើលវិធីទប់ស្កាត់មិនបានទៀតផង។ ទាំងអស់នេះ គឺលោកត្រាំមានចំណែកធ្វើឱ្យក្លាយទៅជាដូច្នោះ។
ការបណ្ដែតបណ្ដោយ ធ្វើព្រងើយចំពោះការណែនាំរបស់អ្នកជំនាញការ ភាពបែកបាក់ខាងគំនិតនយោបាយ ធ្វើឱ្យខ្វះភាពជាធ្លុងមួយផ្នែកនយោបាយ និងវិធានការការពារព្យាបាល ហើយថែមទាំងនៅមានវិបត្តិផ្នែករើសអើងជាតិសាសន៍ពណ៌សម្បុរ ជាបញ្ហាដែលលោកត្រាំធ្វើឱ្យរីកធំ និងសាងភាពបែកបាក់ក្នុងសង្គមទៀតផង។
និយាយប្រាស្រ័យរកសំឡេងឆ្នោត ក៏គិតតែសង្កត់ធ្ងន់លើការសាងភាពរ៉ៅឆាន ក្នុងក្រុមជនអាមេរិកាំង…។
លោកត្រាំ មើលទៅរាងឆ្លេឆ្លា មិនដឹងថា ត្រូវយកពីណា ទៅតនៅត្រង់ណា នៅពេលដែលជនស្បែកខ្មៅ នាំគ្នាបំផ្លាញស្ដូបអនុស្សាវរីយ៍ជនល្បីឈ្មោះសំខាន់ៗក្នុងប្រវត្តិសាស្ត្រ។ ចាប់ផ្ដើមពីរូបសំណាកលោក គ្រីស្ដូហ្វើរ ខូឡាំបាស់ អ្នកប្រមាញ់អាណានិគម ដែលរកឃើញប្រទេសអាមេរិក និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានឥរិយាបថក្នុងការធ្វើជំនួញទាសករ សាងសង្គ្រាមក្នុងស្រុក ធ្វើឱ្យរឿងរ៉ាវកាន់តែធំទៅ។
លោកត្រាំក៏គិតតែពីឆ្លៀតឱកាសវាយសំពងបន្ថែម សាងអារម្មណ៍បែកបាក់កាន់តែខ្លាំងចូលទៅទៀត។ ប្រជាជនអាមេរិកាំងមួយចំនួន មើលឃើញថា លោកត្រាំ នឹងធ្វើឱ្យប្រទេសមានបញ្ហារយៈពេលយូរ និងជាមេដឹកនាំដែលមានគ្រោះថ្នាក់ចំពោះសន្តិសុខជាតិ ដូចដែលអ្នកវិភាគ និងអ្នកធ្លាប់រួមការងារជាមួយលោកត្រាំកាលពីមុន ធ្លាប់បាននិយាយទុកពីមុនមកហើយ។
ក្នុងសភាវបែបនេះ សហរដ្ឋអាមេរិកកំពុងត្រូវក្រុមសម្ព័ន្ធមិត្តក្នុងអឺរ៉ុប មិនចង់ជិតស្និទ្ធជាមួយឡើយ ព្រោះវាមិនកើតប្រយោជន៍អ្វី ទើបពួកគេបែរទៅសេពគប់ជាមួយរុស្ស៊ី និងចិន ដែលមានផលល្អប្រសើរជាង ខាងផ្នែកពាណិជ្ជកម្ម នយោបាយ…លោកត្រាំ មិនអាចបន្ទោសនរណាបានទេ ក្រៅពីខ្លួនឯង ព្រោះធ្លាប់ទៅមើលងាយប្រជាជនអឺរ៉ុប តាំងពីពេលខ្លួនឯងឡើងធ្វើជាអ្នកដឹកនាំ។
ខែវិច្ឆិកា ជាវារៈសំខាន់ ដែលជនអាមេរិកាំង នឹងធ្វើការសម្រេចចិត្តថា តើនឹងជ្រើសយកលោកត្រាំ ធ្វើជាមេដឹកនាំ 1អាណត្តិទៀត ឬយ៉ាងណា? និងតើ ជនមហាកំពូលអហង្ការរូបនេះ នៅមានវិធីណាស្ដារភាពធ្លាក់ចុះ ដើម្បីយកឈ្នះចិត្តជនអាមេរិកាំងបានទេ?
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា