អង្គការអវកាសអឺរ៉ុប (ESA) បានចែករំលែកវីដេអូប្រឌិតមួយដែលបង្ហាញអំពីការហោះហើររុករកពីខាងលើរណ្ដៅ Korolev ដ៏ធំ ដែលមានទឹកកកគ្របដណ្ដប់ពេញមួយឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់រូបភាពទាំងឡាយដែលបានមកពីកាមេរ៉ា HRSC នៅលើយានអវកាស Mars Express Orbiter របស់ ESA បូករួមជាមួយនឹងទិន្នន័យដែលប្រមូលបានកន្លងមក បង្កើតបានជាទិដ្ឋភាព 3D របស់រណ្ដៅ Korolev ដ៏ស្រស់ស្អាត គួរជាទីគយគន់។ នេះបើតាមទំព័រ IFL Science ដែលបានចេញផ្សាយកាលពីថ្ងៃទ3កក្កដាកន្លងទៅ។ ក្នុងវីដេអូនេះ រណ្ដៅ Korolev មានភាពលេចធ្លោនៅលើផ្ទៃរបស់ពិភពព្រះអង្គារ ដោយសារតែវាមានពណ៌សក្បុស។
រណ្ដៅ Korolev ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃប៉ូលខាងជើងរបស់ពិភពព្រះអង្គារនេះ មានទំហំ82គីឡូម៉ែត្រ និងត្រូវបានគ្របដណ្ដប់ដោយស្រទាប់ទឹកកកដែលមានកម្រាស់1.8គីឡូម៉ែត្រពេញមួយឆ្នាំ។ មូលហេតុដែលនាំឱ្យរណ្ដៅនេះមានសភាពបែបនេះ គឺដោយសារបរិយាកាសនៅផ្នែកខាងលើនៃស្រទាប់ទឹកកកមានសីតុណ្ហភាពទាប ព្រោះតែបរិយាកាសរបស់ពិភពអង្គារមានសមត្ថភាពទាបក្នុងការចម្លងកម្ដៅពីបរិយាកាសផ្នែកខាងលើ ទៅបរិយាកាសខាងក្រោម ដូច្នេះ ស្រទាប់ទឹកកកមិនអាចរលាយបាន។
រណ្ដៅនេះត្រូវបានដាក់ឈ្មោះទៅតាម Sergei Pavlovich Korolev ដែលជាបុគ្គលដែលល្បីឈ្មោះថាជា “ម្ដាយបង្កើត” នៃបច្ចេកវិទ្យាអវកាសរបស់ប្រទេសរុស្ស៊ី។ លោក Sergei Pavlovich Korolev មានការរួមចំណែកយ៉ាងធំធេងទៅក្នុងដំណើរការអភិវឌ្ឍកាំជ្រួចរុញច្រាន R-7 ដែលជាជំនាន់ដើមរបស់កាំជ្រួច Soyuz រួមនឹងការហោះហើរជាលើកដំបូងរបស់មនុស្សទៅក្នុងអវកាសដែលត្រូវបានធ្វើឡើងដោយអវកាសចរ Yuri Gagarin កាលពីឆ្នាំ1961។
យានអវកាស Mars Express Orbiter ត្រូវបានបាញ់បង្ហោះចេញពីអាកាសយានដ្ឋាន Baikonur ប្រទេសកាហ្សាក់ស្ថាន កាលពីខែមិថុនា ឆ្នាំ2003 និងបានចំណាយពេល6ខែដើម្បីហោះទៅដល់ពិភពព្រះអង្គារ។
ក្នុងរយៈពេលជិត2ទសវត្សរ៍នៃការបំពេញបេសកកម្ម យាននេះបានបញ្ចូនទិន្នន័យសំខាន់ៗជាច្រើនមកកាន់ផែនដី ក្នុងនោះក៏មានការរកឃើញបឹងដែលមានទឹកមួយកន្លែងនៅប៉ូលខាងត្បូងនៃផ្កាយព្រះអង្គារផងដែរ៕
ប្រភព៖ IFL Science