មនុស្សយ៉ាងហោចណាស់8នាក់បានបាត់បង់ជីវិតនៅពេលយន្តហោះពីរគ្រឿងបានបុកគ្នានៅលើអាកាស និងធ្លាក់ចុះចូលទៅក្នុងបឹង Coeur d’Alene ក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិក កាលពីវេលាម៉ោងប្រហែល14និង20នាទី នាថ្ងៃទី5កក្កដាកន្លងទៅ។
លោក Ryan Higgins អ្នកនាំពាក្យអធិការដ្ឋាននគរបាលតំបន់ Kootenai បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាសនេះបានកើតឡើងនៅលើអាកាសនៃបឹង Coeur d’Alene។ ប៉ុន្តែ បច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់រកឃើញមូលហេតុ ក៏ដូចជាចំនួនមនុស្សដែលបានជិះនៅលើយន្តហោះដែលជួបគ្រោះថ្នាក់នេះនៅឡើយ។ “នៅពេលនេះ យើងជឿថាមិនមានអ្នកណាម្នាក់នៅមានជីវិតឡើយ” នេះបើតាមលោក Ryan Higgins។
ជនរងគ្រោះពីរនាក់ត្រូវបាននាំចេញពីយន្តហោះ នៅមុនពេលមធ្យោបាយនេះលិចទៅក្នុងទឹកបឹង។ ចំណែកជនរងគ្រោះចំនួន6នាក់ផ្សេងទៀតដែលត្រូវបានគេជឿថា បានបាត់បង់ជីវិតនោះ រួមមានកុមារចំនួនពីរនាក់ផងដែរ។ ក្រៅពីនេះ មិនទាន់មានព័ត៌មានលម្អិតនៅឡើយ។
លោក Higgins ថ្លែងថា សាកសពយន្តហោះកំពុងស្ថិតក្រោមទឹកបឹងជម្រៅជាង38ម៉ែត្រ ហើយគេត្រូវរង់ចាំដល់ថ្ងៃទី6 ឬ7កក្កដា ទើបអាចស្រង់ឡើងបានទាំងស្រុង។ សាក្សីមួយចំនួនបានឃើញ ឬឮសំឡេងផ្ទុះនៃការបុកគ្នារបស់យន្តហោះ នៅពេលពួកគេកំពុងចែវទូកលេងនៅលើបឹង Coeur d’Alene កាលពីចុងសប្ដាហ៍ ខណៈមានថ្ងៃឈប់សម្រាក់ក្នុងឱកាសបុណ្យឯករាជ្យជាតិនៃសហរដ្ឋអាមេរិក នាថ្ងៃទី4កក្កដា។
អ្នកនាំពាក្យរបស់អង្គភាពគ្រប់គ្រងអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) Ian Gregor បានឱ្យដឹងថា យន្តហោះមួយគ្រឿងក្នុងចំណោមយន្តហោះពីរគ្រឿងដែលបានជួបគ្រោះថ្នាក់នេះ គឺជាយន្តហោះ Cessna 206។ ចំណែកយន្តហោះមួយគ្រឿងទៀត មិនទាន់បានដឹងច្បាស់នៅឡើយ។ Gregor ថ្លែងថា FAA និងគណៈកម្មការសុវត្ថិភាពចរាចរណ៍អាមេរិកាំងកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ៕
ប្រភព៖ CNN/NYTimes