រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី2កក្កដាកន្លងទៅ បានអនុម័តយល់ព្រមទិញយន្តហោះចម្បាំងចំនួន33គ្រឿងពីប្រទេសរុស្ស៊ី ព្រមទាំងធ្វើការបន្ទាន់សម័យទៅលើយន្តហោះចម្បាំងចំនួន59គ្រឿងផ្សេងទៀត ក្នុងគ្រាដែលភាពតានតឹងកំពុងឡើងកម្ដៅនៅតាមព្រំដែនដែលមានជម្លោះជាមួយប្រទេសចិន។
សារព័ត៌មាន Reuters ដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានអនុម័តយល់ព្រមទិញយន្តហោះចម្បាំង MiG-29 ចំនួន21គ្រឿង និង Su-30 ចំនួន12គ្រឿង ដែលមានតម្លៃសរុប 2.43ពាន់លានដុល្លារអាមេរិក។ ការទិញយន្តហោះចម្បាំង ក៏ដូចជាការបន្ទាន់សម័យយន្តហោះចម្បាំងផ្សេងទៀតរបស់កងទ័ពឥណ្ឌា គឺជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រីកឥទ្ធិពលនៃទ័ពអាកាសរបស់ឥណ្ឌា។
ការអនុម័តទិញយន្តហោះចម្បាំងខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ប្រទេសរុស្ស៊ី កាលពីចុងខែមិថុនាកន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ទីក្រុងនីវដេលី (New Delhi) ក៏បានតឿនឱ្យទីក្រុងមូស្គូបង្កើនល្បឿនក្នុងការប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលឥណ្ឌាបានបញ្ជាទិញនោះផងដែរ។
ឥរិយាបថខាងលើរបស់ឥណ្ឌា បានកើនឡើងក្នុងកាលៈទេសៈដែលប្រទេសចិននិងឥណ្ឌាកំពុងមានជម្លោះនៅតាមបន្ទាត់ព្រំដែន ក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នាប្រកបដោយភាពឃោរឃៅកាលពីពេលថ្មីៗនេះនៅក្នុងតំបន់ជ្រលងភ្នំ Galwan ដែលហេតុការណ៍នេះបានបណ្ដាលឱ្យទាហានឥណ្ឌាយ៉ាងតិច20នាក់បាត់បង់ជីវិត។
ក្រោយកិច្ចចរចាក្នុងសប្ដាហ៍នេះ ក្រុមមន្ត្រីនៃប្រទេសទាំងពីរបានយល់ព្រមដកកងទ័ពចេញពីតំបន់ព្រំដែនដែលកំពុងមានជម្លោះទៅតាមដំណាក់កាលនីមួយៗ ក្នុងបំណងកាត់បន្ថយភាពតានតឹង។ ប្រភពព័ត៌មានមួយចំនួន មុននេះ បានរាយការណ៍ថា ទាំងឥណ្ឌា ទាំងចិន នៅតែបន្តបង្កើនវត្តមានកងទ័ពរៀងៗខ្លួននៅតាមបន្ទាត់ព្រំដែន សូម្បីតែនៅពេលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការដកកងទ័ពដ៏ដោយ៕
ប្រភព៖ Reuters