នៅទូទាំងសកលលោកមានមនុស្សជិត2,900នាក់ មានទ្រព្យច្រើនជាងពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2019 ដែលភាគច្រើនគឺជាក្រុមមនុស្សដែលរកស៊ីក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ ឧស្សាហកម្ម និងអចលនទ្រព្យ។
ក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Wealth-X ដែលទើបតែបានបញ្ចេញរបាយការណ៍មួយដែលមានឈ្មោះថា Biilionaire Census បានបង្ហាញថា ពិភពលោកមានមហាសេដ្ឋីសរុបចំនួន2,825នាក់នៅក្នុងឆ្នាំ2019 គឺកើន 8.5% បើធៀបនឹងឆ្នាំ2018។ នេះគឺជាចំនួនច្រើនបំផុត រាប់ចាប់ពី Wealth-X បានចាប់ផ្ដើមតាមដានទិន្នន័យនេះតាំងពីឆ្នាំ2010។ ទ្រព្យសរុបរបស់ក្រុមមហាសេដ្ឋីនេះ គឺប្រមាណជា 9.4 (9,400,000,000,000.00 USD) លានលានដុល្លារអាមេរិក គឺកើនឡើងច្រើនបើធៀបនឹង 8.6 (8,600,000,000,000.00 USD) លានលានដុល្លារកាលពីឆ្នាំ2018។
ក្នុងចំណោមមហាសេដ្ឋីទាំងអស់ក្នុងពិភពលោក គឺមានបុរសចំនួន 88% និងមានវ័យជាមធ្យម 66ឆ្នាំ។ ចំណែកមហាសេដ្ឋិនីវិញ គឺមានតែ 12% ប៉ុណ្ណោះ។ ជាងពាក់កណ្ដាលនៃមហាសេដ្ឋីសរុប គឺជាអ្នកមានដោយសារការប្រឹងប្រែងផ្ទាល់ខ្លួន ហើយពួកគេមានវ័យជាមធ្យមក្រោម 50ឆ្នាំ។
ភាគច្រើននៃមហាសេដ្ឋីខាងលើ គឺរកស៊ីមានបាននៅក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ ឧស្សាហកម្ម និងអចលនទ្រព្យ។ ទោះជាយ៉ាងនេះក្ដី ចំនួនមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាក៏កំពុងតែកើនឡើងយ៉ាងលឿនផងដែរ។
អឺរ៉ុបគឺជាទ្វីបដែលមានមហាសេដ្ឋីច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយមានដល់ទៅ 847នាក់។ ឈរលំដាប់ទី2គឺអាមេរិកខាងជើង ដោយមាន 834នាក់។ ប៉ុន្តែបើគិតអំពីទ្រព្យសរុបវិញ អាមេរិកខាងជើងមានច្រើនជាង (3.5លានលានដុល្លារ)។
រីឯអាស៊ីវិញ បែរជាតំបន់ដែលបាន “ផលិត” មហាសេដ្ឋីច្រើនជាងគេបង្អស់ក្នុងឆ្នាំ2019 ដោយមានមហាសេដ្ឋីថ្មីចំនួន80នាក់ ក្នុងចំណោមមហាសេដ្ឋីសរុប 758នាក់។ ទ្រព្យសរុបនៃមហាសេដ្ឋីទាំងនេះ មានចំនួន 2.4លានលានដុល្លារអាមេរិក គឺកើន 11% បើធៀបនឹងឆ្នាំ2018។ ដោយឡែក ប្រទេសចិនមានមហាសេដ្ឋីសរុបចំនួន 342នាក់៕
ប្រភព៖ CNBC