ហ្គីលលៀត សៃអេនសេស ក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់អាមេរិក នឹងគិតប្រាក់ពីរដ្ឋបាលសហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍នានា 390ដុល្លារ ក្នុង1ដប សម្រាប់ “រេមដេស៊ីវៀរ” ឬ Remdesivir ថ្នាំព្យាបាលជំងឺកូវីដ-19 ឬប្រមាណ 2,340ដុល្លារ ពេញមួយរយៈពេលព្យាបាលឱ្យជាដាច់ ដែលប្រើពេលវេលា 5ថ្ងៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញ ក្រុមហ៊ុនហ្គីលលៀត បានបញ្ជាក់ថា ខ្លួននឹងដាក់ស្នើតម្លៃខាងលើ ទៅបណ្ដាប្រទេសអភិវឌ្ឍន៍ហើយនៅទូទាំងពិភពលោក ដើម្បីធ្វើជាគំរូតម្លៃស្តង់ដាតែមួយដូចគ្នា ចៀសវាងការចរចាតម្លៃតាមប្រទេសមួយៗ ដែលនឹងធ្វើឱ្យការទទួលបានថ្នាំមានភាពយឺតយ៉ាវ។
លោក ដានៀល អូដេយ៍ CEO របស់ក្រុមហ៊ុន ហ្គីលលៀត សៃអេនសេស ថ្លែងថា “យើងត្រូវការការជឿជាក់ថា នឹងគ្មានអ្វីមករារាំង រេមដេស៊ីវៀរ ក្នុងការចូលទៅដល់អ្នកប្រើប្រាស់ឡើយ តម្លៃ នឹងសាងការជឿទុកចិត្តថា គ្រប់គ្នាទូទាំងពិភពលោក នឹងទទួលបានថ្នាំមួយនេះ”
390ដុល្លារ ក្នុង 1ដប ជាតម្លៃសម្រាប់អង្គភាពផ្សេងៗរបស់រដ្ឋបាល និងនៅពេលការផ្គត់ផ្គង់មានច្រើនឡើង ខាងហ្គីលលៀត នឹងចាប់ផ្ដើមលក់ថ្នាំមួយនេះ តាមរយៈការចាត់ចែងចំណាយនៅតាមហាងទូទៅ ដោយតម្លៃសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជន និងអ្នកទិញបែបពាណិជ្ជកម្មផ្សេងៗក្នុងសហរដ្ឋអាមេរិក នឹងស្ថិតក្នុងតម្លៃ 520ដុល្លារ ក្នុង1ដប ឬ 3,120ដុល្លារ ពេញមួយរយៈពេល 5ថ្ងៃនៃការព្យាបាល។
Remdesivir ជាថ្នាំមួយ ក្នុងចំណោមថ្នាំព្យាបាលកូវីដ-19 ដំបូងៗ ដែលគេស្គាល់យ៉ាងទូលំទូលាយ ដោយវាបានទទួលការអនុញ្ញាតពីគណៈអ្នកគ្រប់គ្រងច្បាប់ទម្លាប់របស់សហរដ្ឋអាមេរិក កាលពីខែឧសភា សម្រាប់ប្រើក្នុងករណីបន្ទាន់ ក្រោយពីការសាកល្បងប្រើទៅលើមនុស្ស 1ក្រុមធំ ហើយរកឃើញថា ថ្នាំនេះជួយជំរុញការស្ដារខ្លួនឡើងវិញរបស់អ្នកជំងឺកូវីដ-19 ដែលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ និងកាន់តែឆាប់ជាសះស្បើយឡើងប្រមាណជា 4ថ្ងៃ។
ពេលនេះ ថ្នាំ និងវ៉ាក់សាំងជាច្រើនរយប្រភេទ កំពុងស្ថិតក្នុងអំឡុងការអភិវឌ្ឍទូទាំងពិភពលោក ខណៈដែលពួកអ្នកស្រាវជ្រាវ បាននាំគ្នាញាប់ដៃញាប់ជើងរិះរកវិធីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគរាតត្បាតដ៏ធំនេះ ដែលចម្លងមេរោគឆ្លងទៅមនុស្សទូទាំងពិភពលោកជាង 10លាននាក់ និងស្លាប់រួចទៅហើយជាង 500,000នាក់។
ក្រុមហ៊ុនផលិតឱសថ ហ្គីលលៀត សៃអេនសេស ធ្លាប់បានសន្យាបរិច្ចាគថ្នាំ ពេញមួយខែមិថុនានេះ តែឥរិយាបថរបស់ក្រុមហ៊ុន ដែលថានឹងគិតប្រាក់ ក្រោយពីការបរិច្ចាគបានបញ្ចប់នោះ បានធ្វើឱ្យកើតមានប្រធានបទជជែកតវ៉ាគ្នាយ៉ាងក្ដៅគគុក ដោយសារតែការដាក់តម្លៃរបស់ហ្គីលលៀតនេះនឹងបង្កឱ្យកើតមានផលប៉ះពាល់ឡើង ព្រោះវាបានក្លាយជាគំរូមូលដ្ឋានលើរឿងតម្លៃរបស់ថ្នាំព្យាបាលកូវីដ-19 ទាំងឡាយផ្សេងទៀត ដែលនឹងផលិតចេញមកនាពេលអនាគត។
តម្លៃភាគហ៊ុនរបស់ ហ្គីលលៀត សៃអេនសេស បានហក់ឡើងដល់ 1.8% ក្រោយពីការដាក់តម្លៃថ្នាំ Remdesivir ក្នុងតម្លៃ 2,340ដុល្លារ សម្រាប់ការព្យាបាលដែលប្រើរយៈពេល 5ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអភិវឌ្ឍន៍ហើយមួយចំនួន។
វិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងសហរដ្ឋអាមេរិក កំពុងតែវិលត្រឡប់មករីករាលដាលជាថ្មីម្ដងទៀត ខណៈដែលករណីអ្នកឆ្លងមេរោគថ្មី បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដោយនៅក្នុងរដ្ឋមួយចំនួន ដូចជា តិចសាស់ អារីហ្សូណា និងហ្វ្លរីដា ជាដើម អ្នកជំងឺបានចាប់ផ្ដើមពេញណែនក្នុងមន្ទីរពេទ្យ ហើយផែនការវិលមកបើកសេដ្ឋកិច្ចឡើងវិញនោះ ត្រូវបានផ្អាកទុកសិន។
ទាំងអស់នេះ ក្នុងរយៈពេលនៃការព្យាបាល 5ថ្ងៃ ចាំបាច់ត្រូវប្រើថ្នាំ Remdesivir ចំនួន 6ដប តែក៏មានអ្នកជំងឺមួយចំនួន ដែលចាំបាច់ត្រូវប្រើពេលវេលាព្យាបាលដល់ទៅ 10ថ្ងៃ ឬអស់ថ្នាំ 11ដបដែរ ដូច្នេះ តម្លៃចាយវាយសរុបខ្ពស់បំផុត អាចកើនឡើងដល់ 4,290ដុល្លារឯណោះ៕
ប្រភព៖ សារព័ត៌មានបរទេស