អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានអនុម័តវិធានការដើម្បីត្រៀមស្នើសុំទៅ InterPol ឬប៉ូលិសអន្តរជាតិ ឱ្យចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងរឿងក្ដីលបធ្វើឃាតអតីតអគ្គមេបញ្ជាការអង្គភាពប្រយុទ្ធ ឃុតស៍ គឺឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ក្នុងអំឡុងដែលឧត្ដមសេនីយ៍រូបនេះកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមករាកន្លងទៅ។
ស្ពុតនិក នីវស៍ សារព័ត៌មានរបស់ប្រទេសរុស្ស៊ី បានរាយការណ៍នៅថ្ងៃទី29 មិថុនាម្សិលមិញថា បានរកឃើញថា ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ជាច្រើន រួមទាំងMehr News និងហ្វារ៍ នីវស៍ផង បានរាយការណ៍ដោយអាងលើប្រភពព័ត៌មានខាងក្រសួងយុត្តិធម៌ នៃប្រទេសអ៊ីរ៉ង់ថា អាជ្ញាធរអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការវិធានការត្រៀមស្នើសុំឱ្យប៉ូលិសអន្តរជាតិ ចេញដីកាចាប់ខ្លួន ដែលហៅថា “ដីកាក្រហម” ប្រឆាំងមេដឹកនាំសហរដ្ឋអាមេរិក។
អគ្គអយ្យការក្នុងទីក្រុងតេអេរ៉ង់ លោកអាលី អាល់ខាសៃ-មេហ៍រ (Ali Alqasi-Mehr) បានថ្លែងកាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញថា “មានភាពអាចទៅរួច ក្នុងការបញ្ជាក់ពីតួបុគ្គលចំនួន 36នាក់ ដែលគេជឿថា ជាប់ពាក់ព័ន្ធក្នុងការត្រៀមការ ឬពាក់ព័ន្ធនឹងការលបធ្វើឃាតលោកឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ដែលនៅក្នុងចំណោមក្រុមមនុស្សទាំងនោះ គឺជាអ្នកនយោបាយដ៏សំខាន់ និងនាយទាហានលំដាប់ខ្ពស់របស់អាមេរិក និងប្រទេសដទៃទៀត”។ លោកបានបន្តទៀតថា “ឈ្មោះដែលបង្ហាញឡើងដំបូងគេគឺ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ”។
យោងតាមមន្ត្រីដែលរកឃើញរឿងនេះ បាននិយាយថា អាជ្ញាធរនៃក្រសួងយុត្តិធម៌របស់អ៊ីរ៉ង់ កំពុងប្រើវិធានការ ដើម្បីត្រូវការនាំយកមនុស្សទាំងនោះ ចូលមកក្នុងកិច្ចដំណើរការយុត្តិធម៌នៅក្នុងប្រទេសអ៊ីរ៉ង់ និងបានអំពាវនាវទៅដល់ទីស្នាក់ការប៉ូលិសអ៊ីនធើរប៉ូល ដែលមានទីតាំងនៅក្នុងប្រទេសបារាំង ឱ្យរួមសហការដោយការចេញដីកាក្រហមចំពោះមនុស្សទាំងអស់នោះ ដែលសិនជាបានទទួលការអនុម័ត ខាងប៉ូលិសអន្តរជាតិ នឹងត្រូវស្នើសុំឱ្យស្ថាប័នចេញបញ្ជាប្រើច្បាប់ក្នុងប្រទេសផ្សេងៗ ផ្ដល់ការសហការក្នុងការតាមរក និងចាប់ខ្លួនជនត្រូវចោទទាំងនោះ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថ្លែងថា ក្រុងតេអេរ៉ង់បានដាក់បទចោទទៅលើលោកត្រាំ និងមនុស្សដទៃទៀត ក្នុងរឿងក្ដីសម្លាប់មនុស្ស និងមានទង្វើបង្កភេរវកម្ម ដែលជារឿងក្ដីមានស្ថានទម្ងន់ទោសខ្ពស់បំផុត គឺប្រហារជីវិត ក្រោមច្បាប់អាជ្ញារបស់ប្រទេសអ៊ីរ៉ង់នៅពេលនេះ។
យោងតាមអគ្គអយ្យការខ្ពស់បំផុតរបស់អ៊ីរ៉ង់បាននិយាយថា ក្រុងតេអេរ៉ង់នឹងធ្វើឱ្យលោកត្រាំ ចូលមកក្នុងកិច្ចដំណើរការខាងយុត្តិធម៌ឱ្យបាន ទោះបីជាលោកត្រាំផុតពីតំណែងហើយក៏ដោយ។
សូមរំឭកថា លោកឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ត្រូវសហរដ្ឋអាមេរិកប្រើយន្តហោះដ្រូនលបធ្វើឃាតកាលពីថ្ងៃទី3 មករា ដើមឆ្នាំនេះក្នុងអំឡុងពេលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយនៅក្នុងអំឡុងចុងខែមករានោះ សារព័ត៌មាន ប៊ីសស៊ីនីស អ៊ីនសៃឌើរ បានរាយការណ៍ថា តាមរយៈការធ្វើប្រជាមតិចេញមក បានបង្ហាញថា 1 ក្នុងចំណោម 4នាក់នៃប្រជាជនអាមេរិកាំង ជឿថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គួរតែត្រូវឡើងតុលាការអាជ្ញាអន្តរជាតិ ដើម្បីស៊ើបអង្កេតពីករណីលបធ្វើឃាតឧត្ដមសេនីយ៍សុឡៃម៉ានី ក្នុងរឿងក្ដី ឧក្រិដ្ឋជនសង្គ្រាម ខណៈដែល 55%ទៀត ជឿថា ការលបធ្វើឃាតឧត្ដមសេនីយ៍សុឡៃម៉ានី នឹងធ្វើឱ្យប្រទេសអាមេរិក កាន់តែមានសុវត្ថិភាពតិចទៅៗ៕
ប្រភព៖ សារព័ត៌មានបរទេស