ចិនបាននាំយកក្រុមអ្នកឡើងភ្នំ និងអ្នកចេះក្បាច់គុន ចូលទៅបន្ថែមកម្លាំងឱ្យកងទាហានរបស់ខ្លួន ដែលកំពុងប្រចាំការនៅក្បែរព្រំដែនជាប់នឹងប្រទេសឥណ្ឌា មិនយូរប៉ុន្មាន មុននឹងកើតហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទាហានរបស់ប្រទេសទាំង2 ដែលធ្វើឱ្យមានអ្នកស្លាប់ជាច្រើននាក់ ដោយមិនមានការប្រើអាវុធ ឬគ្រឿងផ្ទុះអ្វីទាំងអស់ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅថ្មីៗ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋចិន។
ព្រំដែនរួមក្នុងតំបន់ នៅជ្រលងភ្នំចោតខ្ពស់របស់ប្រទេសជិតខាងគ្នាទាំង2 ដែលមានបំពាក់អាវុធនុយក្លេអ៊ែរដូចគ្នានេះ តែងតែកើតមានភាពតានតឹងឡើងជាប្រចាំ តែការប៉ះទង្គិចគ្នា ដែលកើតឡើងក្នុងគ្រានេះ អាចរាប់បានថា ជាការប្រឈមមុខដាក់គ្នាដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងរង្វង់រយៈពេលជាង 50ឆ្នាំកន្លងមកនេះ។
តាមរបាយការណ៍ព័ត៌មានរបស់ “ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍” សារព័ត៌មានផ្លូវការរបស់ភាគីទាហានចិន បានឱ្យដឹងថា កងកម្លាំងទាហានភូមិ (Militia) អង្គភាពថ្មីចំនួន 5កង ដែលក្នុងនោះមានពួកអតីតសមាជិករបស់ក្រុមអ្នករត់កាន់គប់ភ្លើងអូឡាំពិក ឆ្លងកំពូលភ្នំអេវើរេសត៍ និងពួកអ្នកប្រយុទ្ធ មកពីក្លិបហ្វឹកហាត់វិជ្ជាគុនលាយឡំនៅក្នុងនោះដែរ បានមកតម្រង់ជួរទទួលការត្រួតពលនៅក្នុងក្រុងឡាសា តំបន់គ្រប់គ្រងខ្លួនឯង ទីបេត៍ កាលពីថ្ងៃទី15 មិថុនា។
ស្ថានីយទូរទស្សន៍មជ្ឈិមរបស់រដ្ឋបាលចិន(ស៊ីស៊ីធីវី) បានចាក់ផ្សាយក្លិបវីដេអូ ដែលបង្ហាញឱ្យឃើញពី កងទាហានថ្មី ចំនួនជាច្រើនរយនាក់ កំពុងឈរតម្រង់ជួរនៅក្នុងក្រុងឡាសា។
តាមរបាយការណ៍របស់ “ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍” លោក វ៉ាង ហៃចៀង មេបញ្ជាការកងទាហានទីបេត៍ បានថ្លែងថា ពួកអ្នកប្រយុទ្ធដែលមកពីក្លិបហ្វឹកហាត់វិជ្ជាក្បាច់គុន “អ៊ឹនប៉ូ” នឹង “បង្កើនកម្រិតភាពរឹងមាំក្នុងការរៀបចំស្ថាប័ន និងក្នុងការប្រមូលផ្ដុំពលទាហាន” រហូតដល់ “ការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានសមត្ថភាពខ្ពស់ក្នុងការផ្ដល់ការអន្តរាគមន៍” របស់កងទាហានភូមិទាំងនេះ “បានកើនឡើងយ៉ាងច្រើន”។ បើទោះជាលោកវ៉ាង មិនបានអះអាងយ៉ាងចំហច្បាស់លាស់ថា ការនាំមនុស្សទាំងអស់នេះចេញមកដាក់ប្រចាំការនៅត្រង់ចំណុចនោះ មានភាពពាក់ព័ន្ធនឹងភាពតានតឹងខាងព្រំដែនដែលកំពុងកើតឡើងក៏ដោយ។
តែនៅអំឡុងពេលតមក ក្នុងថ្ងៃដដែលនោះឯង ស្រាប់តែ ទាហានចិន និងទាហានឥណ្ឌា បានកើតការប៉ះទង្គិចគ្នា នៅក្នុងតំបន់ឡាដាក់ ដែលស្ថិតនៅឆ្ងាយពីក្រុងឡាសា ប្រមាណជា 1,300គីឡូម៉ែត្រ ដោយខាងភាគីឥណ្ឌា បានថ្លែងថា ទាហានរបស់ខ្លួន 20នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាដោយប្រើអាវុធសាហាវៗ អាក្រក់ៗនៅក្នុងថ្ងៃនោះ រួមទាំងបានអះអាងទៀតថា ភាគីទាហានចិន បានស្លាប់ច្រើនជាងខាងខ្លួនទៅទៀត តែខាងភាគីចិនវិញ មិនដែលបញ្ជាក់ថា មានអ្នករបួសឬក៏អត់ ឬមានចំនួនប៉ុន្មាននាក់ឡើយ។
ទាំង 2ភាគី សុទ្ធតែថ្កោលទោសគ្នាទៅវិញទៅមកថា ជាអ្នកបង្កហេតុ ធ្វើឱ្យកើតការវាយប្រយុទ្ធគ្នាឡើង ដោយបានប្រើដុំថ្ម និងដំបងប្រភេទផ្សេងៗធ្វើជាអាវុធ និងគ្មានការបាញ់កាំភ្លើង ឬគ្រឿងផ្ទុះអ្វីទាំងអស់។
ទាំងអស់នេះ កន្លងមក ចិន និងឥណ្ឌាបានធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយ ដោយហាមប្រើប្រាស់កាំភ្លើង និងគ្រឿងផ្ទុះនៅក្នុងទីតាំងនោះ តែកងកម្លាំងទាំង 2ខាង ក៏នៅតែប៉ះទង្គិចគ្នាយ៉ាងកាចសាហាវ ដោយប្រើអាវុធដែលធ្វើឡើងដោយខ្លួនឯងបែបភ្លាមៗនៅនឹងកន្លែងនោះតែម្ដង។
ឥណ្ឌាបានថ្លែងកាលពីថ្ងៃពុធ ទី25 មិថុនាកន្លងទៅថា ខ្លួនបានបន្ថែមកម្លាំងនៅក្នុងតំបន់ព្រំដែនលើជ្រលងភ្នំហិមាល័យ ត្រង់ចំណុចនោះ ដោយបាននិយាយថា ដើម្បីឱ្យមានភាពប្រដំប្រសងគ្នានឹងការបន្ថែមកម្លាំងក្នុងទំនងដូចគ្នារបស់ភាគីចិន។
សម្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនវិញ ក្នុងអំឡុងប៉ុន្មានសប្ដាហ៍កន្លងមក បានបង្ហាញឱ្យឃើញដដែលៗថា មានកិច្ចការងារខាងយោធាដ៏អ៊ឹកធឹកក្លៀវក្លា រួមទាំងការហ្វឹកហាត់តតាំងប្រឆាំងអាកាសយាន នៅលើទីខ្ពង់រាបក្នុងតំបន់យោធាទីបេត៍ ដែលមានព្រំដែនជាប់គ្នានឹងខាងឥណ្ឌាផងដែរ។
ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍ បានបន្ថែមទៀតថា ការបង្កើនកម្លាំងទាហានភូមិថ្មីៗបែបនេះ គឺក្នុងគោលបំណងដើម្បី “បង្កើនភាពរឹងមាំដល់តំបន់ព្រំដែន និងបង្កើនស្ថិរភាពរបស់ទីបេត៍”៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា