កាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2020 នៅក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលអវកាសចិន បានរាយការណ៍ថា រយៈពេល 1ឆ្នាំកន្លះមកនេះ យាន Yutu-2 នៃបេសកកម្ម Chang’e-4 បានបើកបរនៅលើផ្ទៃដីផ្នែកម្ខាងទៀតនៃពិភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់) បានចម្ងាយ 463.26ម៉ែត្រហើយ។
រដ្ឋបាលអវកាសចិន បានសម្រេចជោគជ័យលើកដំបូងជាប្រវត្តិសាស្រ្ត ក្នុងការចុះចតយាន Yutu-2 លើផ្ទៃដីពិភពព្រះចន្ទខាងលើនេះ កាលពីថ្ងៃទី3 ខែមករា ឆ្នាំ2019 ដើម្បីរុករករ៉ែ និងសិក្សាពីរចនាសម្ព័ន្ធ និងគំរូនានា។
ប្រតិបត្តិការរបស់យាននេះ នឹងជួយឱ្យអ្នកវិទ្យាសាស្រ្តដឹងអំពីអាថ៌កំបាំងនានា ដែលស្ថិតក្រោមដីព្រះចន្ទនៅតំបន់ងងឹតនោះ ការប៉ះទង្គិចគ្នារវាងពិភពព្រះចន្ទ និងវត្ថុដទៃទៀត សកម្មភាពភ្នំភ្លើង និងការវិវឌ្ឍភូគព្ភសាស្រ្តលើពិភពមួយនេះជាដើម។
ចិន ក៏គ្រោងនឹងបានបង្ហោះយានអវកាស Chang’e-5 ដើម្បីនាំយកគំរូដែល Yutu-2 ប្រមូលបានពីពិភពព្រះចន្ទ មកផែនដី នៅចុងឆ្នាំនេះផងដែរ៕