Skip to content

សហរដ្ឋ​អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុម​ហ៊ុន​​ចំនួន​20​​ទៅ​ក្នុង​​​បញ្ជី “​​​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​បក្ស​កុម្មុយនិស្ត​​ចិន​”​ ដើម្បី​រៀប​ចំ​ការ​ដាក់​ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ​

អាជ្ញាធរ​របស់​ប្រធានាធិបតិ​អាមេរិកាំង​ Donald Trump បាន​រកឃើញ​ក្រុម​ហ៊ុន​ចិន​ចំនួន​20​ដែលជា​កម្មសិទ្ធិ​ ឬ​​គ្រប់​គ្រង​ដោយ​កង​ទ័ព​​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិភាគ​យល់​ថា វា​ជា​ជំហាន​បឋម​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​មួយ​ទៀត​។ ក្នុង​បញ្ជី​ឈ្មោះ​នេះ​ ក៏​មាន​ក្រុម​ហ៊ុន​ Huawei, Hikvision, China Mobile និង​ក្រុម​ហ៊ុន​ China Telecom​ ផងដែរ​។

យោង​តាម​ Reuters ឯកសារ​ពី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​បញ្ជី​ឈ្មោះមួយ​ដែល​មាន​រាយ​នាម​​ក្រុម​ហ៊ុន​ចិន​ចំនួន​20​ដែល​ទទួល​បាន​ជំនួយ​ពី​កង​ទ័ព​ចិន​ និង​កំពុង​រកស៊ី​នៅ​សហរដ្ឋ​អាមេរិក​ ភាគច្រើន​គឺជា​ក្រុម​ហ៊ុន​រដ្ឋ​ និង​គ្រប​ដណ្ដប់​ទៅ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា អាកាស​ចរណ៍​ ទូរគមនាគមន៍​ ថាម​ពល​នុយក្លេអែរ​ ផលិត​កប៉ាល់​។ល។

បណ្ដា​ក្រុម​ហ៊ុន​ចិន​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​​ រួមមាន​ដូច​ជា​៖ ក្រុម​ហ៊ុន​ឧស្សាហ​កម្ម​អាកាស​ចរណ៍​ចិន​ (Aviation Industry Corporation of China) ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ដែកចិន​ (China Railway Construction Corporation) ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាស​ចរណ៍​ចិន​ (AviChina Industry & Technology Company Limited) ក្រុម​ហ៊ុន​វិទ្យា​សាស្ត្រនិង​បច្ចវិទ្យា​ចិន​ (China Aviation Science and Industry Corporation) ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ចិន​ភាគ​ខាង​ត្បូង​ (China South Industries Group) ក្រុម​ហ៊ុន​ឧស្សាហកម្ម​ផលិត​កប៉ាល់​ចិន​ (China State Shipbuilding Corporation)​ ក្រុម​ហ៊ុន​ផលិត​កប៉ាល់​​រដ្ឋ​ចិន​ (China State Shipbuilding Corporation) ក្នុង​ក្រុម​ឧស្សាកម្ម​ចិន​ភាគ​ខាង​ជើង​ (China North Industries Group Corporation) ក្រុម​ហ៊ុន ​Inspur Group ក្រុម​ហ៊ុន​ Aero Engine Corporation of China ក្រុម​ហ៊ុន​ Panda Green Energy Group ក្រុម​ហ៊ុន​ China General Nuclear Power Group​​ ក្រុម​ហ៊ុន​ China General Nuclear Power Group និង​​ក្រុម​ហ៊ុន​ China National Nuclear Corporation​ ផងដែរ​។

សហរដ្ឋ​អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុម​ហ៊ុន​​ចំនួន​20​​ទៅ​ក្នុង​​​បញ្ជី "​​​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​បក្ស​កុម្មុយនិស្ត​​ចិន​"​ ដើម្បី​រៀប​ចំ​ការ​ដាក់​ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ​ក្រសួង​ការ​ពារជាតិ​សហរដ្ឋ​អាមេរិក​ បាន​យោង​ទៅ​តាម​ច្បាប់​ផ្ដល់​សិទ្ធិ​ការ​ពារ​ជាតិ​ឆ្នាំ​1999 ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ខាង​លើ​នេះ។ របាយការណ៍​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ មន្ទីរ​បញ្ចកោណ​មិនទាន់​បាន​កំណត់​សកម្ម​ភាព​ទាក់​ទិន​នឹងការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​នៅ​ឡើយ​ ប៉ុន្តែ ដោយ​យោង​ទៅតាម​ច្បាប់​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​មាន​សិទ្ធិ​អនុវត្ត​ការ​ដាក់ទណ្ឌ​កម្ម​ហិរញ្ញវត្ថុ​ទៅលើ​ក្រុម​ហ៊ុន​ទាំង​នេះ​ រួម​មានទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ទាំង​នេះ​ទៀត​ផង។ នេះ​បើ​តាម​ទំព័រ​ Axios។

ក្រៅ​ពី​នេះ​ Axios ក៏​បាន​ឱ្យ​ដឹង​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​នៅ​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​ “កម្លាំង​សេដ្ឋកិច្ច​បន្ទាន់​អន្តរជាតិ ​IEEPA (International Emergency Economic Powers Act) ដើម្បី​ដាក់ទណ្ឌ​កម្ម​លើ​បណ្ដា​ក្រុម​ហ៊ុន​របស់កង​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិកផងដែរ​​។

សេតវិមានមិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បណ្ដា​ក្រុម​ហ៊ុន​នេះ​ឬ​អត់​ ប៉ុន្តែ​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​បាន​ថ្លែង​ថា បញ្ជី​ឈ្មោះ​ខាងលើ​នេះ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក្រុម​ហ៊ុន​ អ្នក​វិនិយោគ​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​ដៃ​គូ​សហការជា​ដើម​ ធ្វើ​ការ​ស៊ើប​អង្កេត​លម្អិត​ មុន​ពេល​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​ចិន​ខាងលើ​មក​សហការ​ ពិសេស​គឺ​នៅ​ពេល​ដែល​ចំនួន​ក្រុម​ហ៊ុន​ក្នុង​បញ្ជី​នេះ​បាន​កើន​ឡើង​ច្រើន​។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​អាមេរិកាំង​ដែល​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​ និង​ក្រុម​ជំនាញ​នានា​របស់​ចិន​ដែល​កំពុង​រកស៊ី​​​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Leave a Reply

Your email address will not be published. Required fields are marked *