ខណៈដែលមនុស្សទូទាំងពិភពលោកនៅតែត្រូវប្រុងប្រយ័ត្នការឆ្លងរាលដាលរបស់កូវីដ-19 ដែលនៅតែសាងបញ្ហានៅក្នុងភូមិភាគជាច្រើននោះ ប្រទេសដែលប្រកាសបន្ធូរបន្ថយវិធានការគ្រប់គ្រងការពារមួយចំនួន កំពុងប្រឈមនឹងការឆ្លងមេរោគរលកទី2 ដូចដែលយើងបានឃើញស្រាប់ហើយ ដូចជានៅក្នុងប្រទេសចិន កូរ៉េខាងត្បូង អូស្ត្រាលី និងថ្មីៗបំផុតគឺ អាល្លឺម៉ង់…។
នៅអាល្លឺម៉ង់ មានបុគ្គលិកមន្ទីរសត្តឃាតឆ្លងមេរោគជាង 1,500នាក់ ក្នុងទីក្រុងគូទើស្លូហ៍ ត្រូវបិទទីក្រុងដែលមានមនុស្សរស់នៅជាង 3សែននាក់មួយនេះ និងត្រូវប្រើកងទាហានចូលទៅជួយក្នុងការពិនិត្យរកមេរោគពីអ្នកដែលស្ថិតក្នុងក្រុមមនុស្សដែលមានភាពប្រថុយប្រថាន និងនៅមានភាពអាចទៅរួចក្នុងការត្រូវតែបិទ និងដាក់ទីក្រុងនោះឱ្យនៅដាច់ដោយឡែក។
ទោះជាយ៉ាងដូច្នោះក្ដី ក៏សហគមន៍ពិភពលោកនៅតែបានឃើញ និងបានដឹងពីអាការអំណួតអួតអាង មិនយកចិត្តទុកដាក់ខ្វល់ខ្វាយនឹងភាពប្រថុយប្រថានរបស់មេដឹកនាំ យ៉ាងតិច 3រូប របស់ប្រទេសដែលមានអ្នកឆ្លងមេរោគ និងស្លាប់ច្រើនបំផុត 3លំដាប់លើគេក្នុងពិភពលោក ក្នុងអំឡុងពេលកន្លងមក ដែលបានព្យាយាមមិនព្រមទទួលស្គាល់ថា កូវីដ-19 អាចសាងវិបត្តធ្ងន់ធ្ងរគ្រប់ផ្នែកបែបនេះ។
មេដឹកនាំទាំង 3រូបនោះ គឺលោកដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក លោកឆាអ៊ី បូលសូណារូ នៃប្រទេសប្រេស៊ីល និងលោកបូរីស ចនសុន នៃប្រទេសអង់គ្លេស។ ទាំង 3នាក់នេះមានទង្វើមិនខុសគ្នាទេ គឺអួតខ្លួនឯងពូកែ មិនខ្លាចការឆ្លងមេរោគ មិនព្រមពាក់ម៉ាស់អនាម័យការពារពេលទៅបង្ហាញខ្លួននៅក្នុងហ្វូងមហាជន និងធ្វើព្រងើយកន្តើយចំពោះសំឡេងរិះគន់ទាំងឡាយ។
គឺជាគំរូមិនល្អចំពោះប្រជាជន ដែលមើលឃើញច្បាស់នោះ គឺជនស្បែកសភាគច្រើនដែលទៅចូលរួមស្ដាប់លោកត្រាំថ្លែងការណ៍ រកសំឡេងឆ្នោតនៅទីក្រុងថាល់សា អូក្លាហូម៉ា ភាគច្រើនមិនព្រមពាក់ម៉ាស់អនាម័យការពារ ទោះជាអង្គុយជិតៗគ្នានៅក្នុងទីលានកីឡដ្ឋាន ហើយមន្ត្រីរបស់លោកត្រាំ ត្រូវបានរកឃើញថា ឆ្លងមេរោគដល់ទៅ 8នាក់។
លោកត្រាំ ត្រូវបាក់មុខ អារម្មណ៍មួម៉ៅល្អក់កករ ព្រោះអ្នកមកចូលរួមស្ដាប់ការថ្លែងប្រាស្រ័យនាពេលនោះ មានត្រឹមតែ 7ពាន់ជាងនាក់ នៅក្នុងទីលានកីឡាដ្ឋានដែលអាចដាក់មនុស្សបានដល់ទៅ 2ម៉ឺននាក់ ដែលមុនពេលនោះ មានការរំពឹងទុកថា នឹងមានមនុស្សមកក្បែរៗ 1លាននាក់ តាមរយៈការណាត់ទុកជាមុន។
សហរដ្ឋអាមេរិក ជាប់លេខ1 ជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគជាង 2.3លាននាក់ ស្លាប់ជាង 1.22សែននាក់ ហើយលោកត្រាំថែមទាំងបានដកវិធានការការពារផ្សេងៗចេញ និងថែមទាំងប្រើពាក្យសម្ដីស្ទើរលេងស្ទើរមែន ពាក់ព័ន្ធនឹងវិធានការពិនិត្យរកមេរោគទៀតផង។ ភាពបរាជ័យក្នុងការទប់ទល់នឹងស្ថានការណ៍នេះ ធ្វើឱ្យលោកត្រាំលែងមានភាពគួរឱ្យគោរពជឿជាក់។
តែលោកត្រាំ ក៏នៅតែមាត់រឹង មិនព្រមទទួលស្គាល់ភាពខុសឆ្គងរបស់ខ្លួន គិតតែពីបន្ទោសអ្នកដទៃ និងរឿងហេតុផ្សេងៗ ព្រមទាំងបង្កើតរឿងផ្សេងៗឡើង ដើម្បីបិទបាំងភាពបរាជ័យរបស់ខ្លួន…ថ្មីៗបំផុតនេះ លោកត្រាំ បានចេញបញ្ជា ហាមជនបរទេសដែលមានជំនាញថ្វីដៃ មិនឱ្យចូលប្រទេសដើម្បីធ្វើការងារ ដោយយកលេសថា ត្រូវរក្សាការងារទុកឱ្យប្រជាជនអាមេរិក។
បទបញ្ជានេះ នឹងហុចផលប៉ះពាល់ដល់កម្លាំងពលកម្មជាច្រើនសែននាក់ ជាពិសេសក្នុងផ្នែកធុរកិច្ចរបស់ព័ត៌មានវិទ្យា ធ្វើឱ្យ Google ធ្វីតធើរ ហ្វេសប៊ុក និងអាម៉ាហ្សូន មានការមិនពេញចិត្តយ៉ាងខ្លាំង និងបានប្រុងប្រៀបរៀបចំថា នឹងធ្វើលិខិតចំហមួយ សម្ដែងពីក្ដីមិនពេញចិត្ត ព្រោះបទបញ្ជានេះ វានឹងធ្វើឱ្យខ្វះខាតកម្លាំងពលកម្មខាងផ្នែកនេះ។
លោក ត្រាំ នៅមិនទាន់មានវិធីណាមួយក្នុងការកែបញ្ហាកូវីដ-19 បាននៅឡើយ ព្រោះមិនបានយកចិត្តដាក់ចំពោះការដាស់តឿនរបស់បណ្ដាអ្នកជំនាញការ ដែលមិនអាចចូលជិតលោកត្រាំបាន ព្រោះទៅផ្ដល់ទិន្នន័យដែលធ្វើឱ្យលោកត្រាំមិនចូលចិត្ត ធ្វើឱ្យអ្នកជំនាញការពូកែៗ ដូចជាលោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វៅស៊ី និងរូបឺត រេដហ្វ៊ីល របស់ស្ថាប័ន ស៊ីឌីស៊ី ត្រូវបិទមាត់។
ទាំង 2នាក់នេះ ទើបតែទៅផ្ដល់យោបល់ជាមួយគណៈកម្មាធិការរបស់សភាតំណាងរាស្ត្រកាលពីថ្ងៃអង្គារ រួមជាមួយប្រធានស្ថាប័នផ្សេងៗ ដែលមានចំណែកក្នុងការទប់ទល់នឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដោយបានសម្ដែងពីក្ដីបារម្ភកង្វល់ថា នឹងមានការឆ្លងរាលដាលជាថ្មីម្ដងទៀត ព្រោះមើលឃើញតួលេខអ្នកឆ្លងបានកើនឡើងខ្លាំងនៅក្នុងរដ្ឋជាច្រើន ខណៈនៅមានទាន់វ៉ាក់សាំងការពារ។
មេដឹកនាំប្រទេសប្រេស៊ីល លោក ឆាអ៊ី បូលសូណារូ ត្រូវគេមើលឃើញថា ជាលោកត្រាំ នៃភូមិភាគអាមេរិកឡាទីន ក៏មានទង្វើមិនខុសគ្នាដែរ មិនពាក់ម៉ាស់អនាម័យការពារពេលទៅបង្ហាញខ្លួននៅក្នុងហ្វូងសាធារណជន ហើយរាងព្រហើនៗ មិនស្ដាប់អ្នកណា និងមិនជឿគោលការណ៍វិទ្យាសាស្ត្រ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគ និងស្លាប់នៅក្នុងប្រទេសប្រេស៊ីល ក្លាយជាប្រទេសលំដាប់លេខ2។
ប្រជាជនប្រេស៊ីលឆ្លងមេរោគជាង 1.12លាននាក់ ស្លាប់រួចទៅហើយជាង 5ម៉ឺននាក់ ជាប់លំដាប់លេខ2 បន្ទាប់ពីសហរដ្ឋអាមេរិក។ ជនរងគ្រោះភាគច្រើន ជាជនកុលសម្ព័ន្ធព្រៃនៅតាមដងទន្លេអាម៉ាហ្សូន ដែលការសិក្សាអប់រំទៅមិនដល់ និងនៅក្នុងទីប្រជុំជនអនាធិបតេយ្យចំនួនដ៏ច្រើនក្នុងទីក្រុងធំៗ ដូចជា រីអូ ដឺ ចាណេរ៉ូ, ប្រាស៊ីលៀ និងសៅ ប៉ូឡូ ជាដើម។
ការឆ្លងរាលដាលនៅប្រេស៊ីល ទើបតែមានតួលេខកើនឡើងក្នុងអត្រាខ្ពស់នៅក្នុងខែនេះឯង ហើយប្រទេសជិតខាង ដូចជា ប៉េរូ ឈីលី កូឡុំបៀ ជាដើម ក៏មានចំនួនអ្នកឆ្លងមេរោគច្រើនដូចគ្នា ក្លាយជាប្រភពចម្លងដ៏ធំមួយ នៅតំបន់អាមេរិកឡាទីន។
លោក បូលសូណារូ ធ្វើឫកពូកែអួតអាង រហូតដល់តុលាការបញ្ជាឱ្យពាក់ម៉ាស់អនាម័យការពារកាលពីថ្ងៃអង្គារ ដូច្នេះ ចាំមើលថា តើមេដឹកនាំដែលយកគំរូតាមលោកត្រាំ នឹងហ៊ានប្រឆាំងនឹងបញ្ជាតុលាការដែរឬទេ? និងថែមទាំងត្រូវចាំមើលទៀតថា តើការឆ្លងមេរោគ និងស្លាប់ប្រចាំថ្ងៃរបស់ប្រជាជនប្រេស៊ីល នឹងថយចុះឬទេ? បើមេដឹកនាំនៅតែគ្មានវិធានការដែលទទួលបានលទ្ធផលល្អបែបនេះ។
នៅមានម្នាក់ទៀត ដែលចេញក្បួនដូចលោកត្រាំដែរ នោះគឺលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស ដែលច្រើនតែមិនពាក់ម៉ាស់អនាម័យការពារ និងយឺតយ៉ាវក្នុងការកែសម្រួលវិធានការទប់ទល់មេរោគកូវីដ-19។ អង់គ្លេសមានតួលេខអ្នកស្លាប់ជាង 5ម៉ឺននាក់ដូចគ្នា ហើយក្នុង 1ថ្ងៃៗ ការឆ្លងមេរោគ និងការស្លាប់ នៅតែស្ថិតក្នុងអត្រាខ្ពស់ជាងប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុបនៅឡើយ។
កាលពីមុនហ្នឹង លោកចនសុន បានអះអាងថា ត្រូវឱ្យប្រជាជនទទួលមេរោគ និងសាងប្រពន្ធប្រឆាំងជំងឺដោយខ្លួនឯង។ វិធានការគ្រប់គ្រងក៏មិនតឹងរ៉ឹង រហូតដល់ការឆ្លងមេរោគ និងចំនួនអ្នកស្លាប់កើនឡើងច្រើន ពេញហៀរក្នុងមន្ទីរពេទ្យ និងកន្លែងទុកសាកសព ដែលភាគច្រើនជាជនស្បែកពណ៌ផ្សេងៗ និងជនជាតិភាគតិច។
ពេលខ្លះត្រូវប្រើប្រាស់អគារកន្លែងចតរថយន្ត ធ្វើជាកន្លែងដាក់សាកសពបណ្ដោះអាសន្នសម្រាប់អ្នកស្លាប់ដែលជាជនមុស្ល៊ីម រង់ចាំការនាំយកទៅបញ្ចុះ…និងទម្រាំតែចេញវិធានការតឹងរ៉ឹង ការឆ្លងរាលដាលក៏រីកធំបាត់ទៅហើយ តែលោកចនសុន ក៏ដូចលោកត្រាំដែរ គឺត្រូវការបន្ធូរបន្ថយវិធានការដើម្បីស្ដារសេដ្ឋកិច្ច ទាំងដែលការឆ្លងរាលដាលនៅមិនទាន់ថយចុះនៅឡើយ។
ថ្ងៃទី4 ខែក្រោយ លោកចនសុន នឹងអនុញ្ញាតឱ្យធុរកិច្ចផ្សេងៗ ដូចជា រង្គសាល ភោជនីយដ្ឋាន ហាងអ៊ុតកែសម្ផស្ស និងហាងបម្រើសេវាកម្មផ្សេងៗ បើកដំណើរការតាមប្រក្រតី នៅសល់តែក្រុមអាជីពដែលប្រថុយប្រថានប៉ុណ្ណោះ ដែលត្រូវរង់ចាំមើលស្ថានការណ៍បន្តទៀត។
មានអ្នកលើកចំណុចសង្កេតឡើងថា បើមេដឹកនាំ ទាំងលោកត្រាំ លោកបូលសូណារូ និងលោកចនសុន បានប្រកាសវិធានការគ្រប់គ្រងការពារតឹងរ៉ឹងឱ្យលឿនជាងនេះ ចំនួនអ្នកឆ្លងមេរោគ និងស្លាប់ ប្រហែលជាមិនច្រើនដល់ថ្នាក់នោះទេ តែទាំង 3នាក់មានភាពដូចគ្នាមួយ គឺមិនស្ដាប់អ្នកណា មិនជឿគោលការណ៍វិទ្យាសាស្ត្រ អំណួត និងមិនទទួលខុសត្រូវលើការខូចខាត។
លោកត្រាំ ថែមទាំងត្រូវអ្នកសារព័ត៌មានដាក់ចំណុចសង្កេតទៀតថា តើមើលឃើញជីវិតប្រជាជនអាមេរិកាំង គ្មានន័យ ឬយ៉ាងណា? បានជាយកទៅធ្វើជារឿងកំប្លែង ក្នុងអំឡុងការថ្លែងប្រាស្រ័យរកសំឡេងឆ្នោត និងការថ្លែងការណ៍នាពេលកន្លងមក និងប្រហែលជាលោក មានគ្រឹះនៃការរិះគិតក្នុងអារម្មណ៍រើសអើងពណ៌សម្បុរ ជាតិសាសន៍ទៀតផងក៏មិនដឹង ទើបមានផ្នត់គំនិតស្ដាំនិយមយ៉ាងគ្មានបិទបាំងបែបនេះ។
អ្នកជំនាញការដែលបានផ្ដល់យោបល់ទៅគណៈកម្មាធិការ បានឱ្យរង់ចាំមើលថា 2សប្ដាហ៍ទៀតបន្ទាប់ពីនេះទៅ តើតួលេខអ្នកឆ្លងមេរោគ នឹងកើនឡើងច្រើនឬទេ? ដោយសារតែការប្រមូលផ្ដុំគ្នានៅក្នុងទីកន្លែងផ្សេងៗ រួមទាំងអូក្លាហូម៉ាផង និងត្រូវចាំមើលថា នៅក្នុងតំបន់ផ្សេងៗ នៅក្នុងទ្វីបជាច្រើនដែលកំពុងបង្ហាញសញ្ញាថា មានការឆ្លងរាលដាលរលកទី2 នោះ មានភាពអាចទៅរួចខ្ពស់ណាស់៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា