កងទ័ពម៉ារីនតៃវ៉ាន់ បញ្ជូនទាហានរបស់ខ្លួនទៅកាន់ប្រជុំកោះ Pratas (ឬ Dongsha/Tungsha) បន្ទាប់ពីមានដំណឹងថា ទីក្រុងប៉េកាំងត្រៀមធ្វើសមយុទ្ធនៅក្នុងតំបន់។
កាលពីថ្ងៃទី22មិថុនាកន្លងទៅ មន្ត្រីម្នាក់ដែលស្ថិតក្នុងកងកម្លាំងការពារកោះរបស់តៃវ៉ាន់ បានឱ្យដឹងថា កងទ័ពម៉ារីនរបស់តៃវ៉ាន់កំពុងត្រូវបានបញ្ជូនមកកាន់ប្រជុំកោះ Tungsha ក្នុងរយៈពេលខ្លី ដើម្បីធ្វើការហ្វឹកហាត់។ ប៉ុន្តែ មន្ត្រីរូបនេះមិនបានបង្ហើបឱ្យដឹងលម្អិតអំពីចំនួនទាហានដែលត្រូវបញ្ជូនមកកាន់ទីនេះ រួមនឹងពេលវេលាច្បាស់លាស់នោះទេ។
ប្រជុំកោះ Tungsha ដែលស្ថិតនៅភាគឦសាននៃសមុទ្រចិនខាងត្បូង មានតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់សម្រាប់ចិនប៉េកាំង និងចិនតៃប៉ិ ដោយសារតែប្រជុំកោះនេះនៅទល់មុខផ្លូវចេញចូលសមុទ្រប៉ាស៊ីហ្វីករបស់កងទ័ពជើងទឹកចិនដែលមានមូលដ្ឋាននៅកោះ Hainan។ បច្ចុប្បន្ន តៃវ៉ាន់កំពុងតែដាក់ពង្រាយកងកម្លាំងប៉ូលិសជើងទឹកដើម្បីត្រូតពិនិត្យប្រជុំកោះTungsha ប៉ុន្តែ ភាគីខាងទីក្រុងប៉េកាំងក៏បាននិងកំពុងអះអាងថា នេះគឺជាទឹកដីរបស់ខ្លួន។
សកម្មភាពខាងលើរបស់កោះតៃវ៉ាន់ ត្រូវបានធ្វើឡើងក្រោយពីមានដំណឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) មានគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់នាខែសីហាខាងមុខ ក្នុងនោះក៏នឹងមានឈុតឆាកអនុវត្តសេនារីយោវាយលុកដណ្ដើមប្រជុំកោះTungsha ផងដែរ។
ភាពតានតឹងនៅឆកសមុទ្រតៃវ៉ាន់ ថ្មីៗនេះបានឡើងកម្ដៅខ្លាំងបន្ទាប់ពីចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក រួមនឹងយន្តហោះដឹកជញ្ជូនចូលទៅក្បែរកោះក្នុងរយៈពេល6ខែ។ ភាគីក្រសួងការពារជាតិចិន មិនទាន់បានបញ្ជាក់អំពីមូលហេតុដែលនាំឱ្យមានការបង្កើនវត្តមានទ័ពនៅជុំវិញកោះតៃវ៉ាន់នៅឡើយ។
ក្រុមអ្នកវិភាគយល់ថា សកម្មភាពហោះហើរទៅកៀកកោះតៃវ៉ាន់ ហាក់ដូចជាការប្រតិកម្មរបស់ទីក្រុងប៉េកាំង ក្រោយពីទីក្រុងវ៉ាស៊ីងតោន បានបញ្ជូនយន្តហោះដឹកជញ្ជូនឱ្យហោះទៅដល់ជាយកោះ។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងក៏មានបំណងព្រមានទៅលើករណីតៃវ៉ាន់បាញ់រ៉ុកកែតចំនួន2គ្រាប់កាលពីថ្ងៃទី11មិថុនាផងដែរ។ ការបាញ់សាកល្បងកាំជ្រួចរបស់តៃវ៉ាន់នេះ ស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍអាវុធដើម្បីបង្កើនសមត្ថភាពការពារកោះតៃវ៉ាន់នៅចំពោះមុខការគំរាមកំហែងពីចិនដីគោក៕
ប្រភព៖ Focus Taiwan