Skip to content

យន្ត​ហោះ​ប៉ាគីស្ថាន​​ធ្លាក់​ដែល​បណ្ដាល​ឱ្យ​មនុស្ស​98​នាក់​ស្លាប់​ ក៏​ព្រោះ​តែ​អ្នក​បើក​បរ​គិត​តែ​ជជែក​គ្នា​​រឿង​COVID-19

ប្រទេស​ប៉ាគីស្ថាន​បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ប្រទេស​នេះ​ដែល​បាន​ធ្លាក់​​ចំ​តំបន់​ប្រជុំ​ជន​កាល​ពី​ខែ​មុន​និង​បណ្ដាល​ឱ្យ​មនុស្ស​98​ស្លាប់​នោះ​ គឺ​ដោយ​សារ​អ្នក​បើក​បរ​យន្ត​ហោះ​ គិត​តែ​និយាយគ្នា​​អំពី​បញ្ហា​ជំងឺ​COVID-19 ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ព្រមាន​ពី​អង្គ​ភាព​គ្រប់​គ្រង​ដែន​អាកាស​​។

យោង​តាម​របាយ​ការណ៍​បឋម​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​24​កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា ករណី​ធ្លាក់​យន្ត​ហោះ​នៅ​តំបន់​ប្រជុំ​ជន​នៃ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ខែ​ឧសភា​ គឺ​កើត​ឡើង​ដោយ​សារ​កំហុស​របស់​អ្នក​បើក​បរ ព្រោះ​ពួកគេ​គិត​តែ​នាំ​គ្នា​និយាយ​រឿង​COVID-19 ដោយ​មិន​បាន​គោរព​តាម​ការ​ណែនាំ​ក្នុងការ​រក្សា​សុវត្ថិ​ភាព​របស់​បុគ្គលិក​គ្រប់​គ្រង​ការ​ហោះ​ហើរ​​នៅ​លើ​ដី​។

>វីដេអូស្ដែង​ៗបង្ហាញ​ពី​​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន ដែល​បាន​សម្លាប់​មនុស្ស​​ប្រមាណជិត​​​​100​នាក់​​! 2នាក់​នៅ​មាន​ជីវិត

សូម​រំឭក​ថា កាល​ពី​ថ្ងៃទី​22​ឧសភា យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អន្តរ​ជាតិ​ប៉ាគីស្ថាន​ (PIA) ដែល​ដឹក​អ្នក​ដំណើរ​99​នាក់​ បាន​ជួប​គ្រោះ​សោកនាដកម្ម​នៅ​ពេល​បាន​ធ្លាក់​នៅ​លើ​តំបន់​ប្រជុំជន​ក្បែរ​ព្រលាន​យន្ត​ហោះ​ Karachi ខណៈ​ម៉ាស៊ីន​ទាំង​ពីរ​របស់​វា​សុទ្ធ​តែ​មាន​បញ្ហា​។ ក្រៅ​ពី​អ្នក​ដំណើរ​2​នាក់​ដែល​បាន​គេច​ផុត​ពី​ការ​ស្លាប់​ប្រកប​ដោយ​ភាព​អស្ចារ្យ​​ មនុស្ស​ចំនួន​97​នាក់​ផ្សេង​ទៀត​បានបាត់​បង់​ជីវិត​គ្មាន​សល់​។ ហេតុ​ការណ៍​នេះ​ក៏បាន​សម្លាប់​​​កុមារា​ម្នាក់​នៅ​តំបន់​កើត​ហេតុ​​ផងដែរ​ នេះ​បើ​តាម​ New York Times។

រដ្ឋមន្ត្រី​ក្រសួង​អាកាស​ចរណ៍​ប៉ាគីស្ថាន​ Ghulam Sarwar Khan បាន​ឱ្យ​ដឹង​ថា ក្រុម​បុគ្គលិក​គ្រប់​គ្រង​ដែន​អាកាស​ បាន​ព្រមាន​ចំនួន​3លើក​ទៅកាន់​ក្រុម​អ្នក​បើក​បរ​ PIA ថា យន្ត​ហោះ​កំពុង​តែ​ហោះ​ក្នុង​រយៈ​កម្ពស់​ខ្ពស់​ខណៈ​ដែល​វា​ត្រៀម​ចុះ​ចត​លើក​ទី1នៅ​ព្រលាន​ Karachi និង​បាន​ស្នើ​មិន​ឱ្យ​យន្ត​ហោះ​ចុះ​ចត​។

ប៉ុន្តែ​ ក្រុម​អ្នក​បើក​បរ​ ចេះ​តែ​នាំ​គ្នា​និយាយ​អំពី​COVID-19 និង​ចេះ​តែ​បន្ត​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមាន​។ ជាង​នេះ ពួក​គេ​ថែម​ទាំង​មិន​អើ​ពើ​ដល់​ការ​ព្រមាន​ដោយស្វ័យ​ប្រវត្តិ​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​កាប៊ីន​យន្ត​ហោះ​ និង​មិន​បាន​ដាក់​បញ្ចេញ​ឧបករណ៍​ចុះ​ចត​ បណ្ដាល​ឱ្យ​ម៉ាស៊ីន​ទាំង​2​របស់​យន្ត​ហោះ​ត្រូវ​កកិត​នឹង​ផ្លូវ​ពេល​ចុះ​ចត​លើក​ទី1 នាំ​ឱ្យ​មាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ។

ក្រោយពី​បរាជ័យ​ក្នុង​ការ​ចុះ​ចត​លើក​ទី1 ក្រុម​អ្នកបើក​បរ​ក៏បាន​ហោះ​ទៅលើ​អាកាស​ដើម្បី​ស្វែង​រក​វិធី​ចុះ​ចត​ជា​ថ្មី​។ ប៉ុន្តែ ដោយ​សារ​ម៉ាស៊ីន​ខូចខាត​ធ្ងន់​ធ្ងរ ទើប​ក្រោយ​មក​ យន្តហោះ​នេះ​ក៏បាន​ធ្លាក់​តែ​ម្ដង​។

រដ្ឋមន្ត្រី​ប៉ាគីស្ថាន បន្ថែម​ថា អ្នក​បើក​បរឈ្មោះ​​ Sajjad Gul គឺជា​អ្នក​មាន​បទពិសោធន៍​ច្រើន​ ហើយ​យន្ត​ហោះ​ក៏​មិន​មាន​កំហុស​បច្ចេក​ទេស​អ្វី​នោះ​ដែរ​។ ប៉ុន្តែ អ្នក​បើក​បរ​រូប​នេះត្រូវ​បាន​គេ​ជឿ​ថា មាន​ការ​ជឿជាក់​ហួស​ហេតុ​លើក​បទ​ពិសោធន៍​របស់​ខ្លួន​ ទើប​បណ្ដាល​ឱ្យ​មាន​សោកនាដ​កម្ម​នេះ​កើត​ឡើង​៕

ប្រភព៖ SCMP

Leave a Reply

Your email address will not be published. Required fields are marked *