មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលយោធាកូរ៉េខាងជើង ហើយបានសម្រេចឱ្យផ្អាកផែនការធ្វើសកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថា កិច្ចប្រជុំបឋមរបស់ក្រុមប្រឹក្សាភិបាលយោធាមជ្ឈឹមនៃបក្សពលករកូរ៉េខាងជើងត្រូវបានធ្វើឡើងកាលពីថ្ងៃទី23មិថុនាក្រោមរូបភាពអនឡាញ។ KCNA ចេញផ្សាយថា សេចក្ដីលម្អិតនឹងត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាភិបាលយោធាមជ្ឈិម “នាពេលដ៏ខ្លីខាងមុខ”។
“នៅក្នុងកិច្ចប្រជុំបឋម ក្រុមប្រឹក្សាភិបាលយោធាបក្សពលករកូរ៉េខាងជើង ក្ដាប់បានស្ថានករណ៍បច្ចុប្បន្ន និងបានផ្អាកផែនការធ្វើសកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង” នេះបើតាម KCNA។
KCNA បន្តថា៖ “កិច្ចប្រជុំនេះបានពិនិត្យទៅលើរបៀបវារៈក្នុងគោលនយោបាយយោធាដែលត្រូវលើកឡើងនៅមុនកិច្ចប្រជុំលើកទី5របស់ក្រុមប្រឹក្សាភិបាលយោធាមជ្ឈិមនៃសម័យប្រជុំលើកទី7 រួមនឹងការពិនិត្យរបាយការណ៍និងសេចក្ដីសម្រេចនានាដែលនឹងត្រូវដាក់ជូនពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី5 រួមទាំងពិនិត្យលើឯកសារមួយចំនួនស្ដីអំពីការលើកកម្ពស់ការកំញើញរបស់កូរ៉េខាងជើង”។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកំពុងមានភាពតានតឹង។ បន្ទាប់ពីបានចោទប្រកាន់ថា កូរ៉ខាងត្បូងមិនបានហាមឃាត់ក្រុមមនុស្សរត់ចោលស្រុកពង្រាយខិត្តប័ណ្ណចូលទឹកដីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងក៏បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល។
កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកកម្ទេចអគារការិយាល័យទំនាក់ទំនងរួមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅព្រំដែននៃប្រទេសទាំងពីរ និងបានបញ្ជូនទាហានមកកាន់តំបន់គ្មានយោធា។ កងទ័ពកូរ៉េខាងជើងក៏បានដាក់ពង្រាយប្រព័ន្ធបំពងសំឡេងឡើងវិញនៅក្បែរតំបន់គ្មានយោធា ព្រមទាំងបានប្រកាសអំពីផែនការបង្ហោះខិត្តប័ណ្ណចំនួន12លានសន្លឹកចូលទៅកាន់ទឹកដីកូរ៉េខាងត្បូងផងដែរ។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី Kim Yo-jong ដែលជាអ្នកកាន់កាប់តំណែងជាន់ខ្ពស់ក្នុងបក្សពលករកូរ៉េខាងជើង បានព្រមានថា អាចនឹងមានការប្រឆាំងកូរ៉េខាងត្បូងដោយសកម្មភាពយោធា។ កងទ័ពកូរ៉េខាងជើង ក្រោយមកក៏បានប្រកាសថា កំពុងពិនិត្យទៅលើ “ផែនការសកម្មភាព” និងធ្វើឱ្យព្រំដែនជួរមុខក្លាយជា “បន្ទាយទាហាន”៕
ប្រភព៖ Reuters