រូបភាពបានពីផ្កាយរណបបង្ហាញថា ការិយាល័យទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងត្រូវរងការខូចខាត ប៉ុន្តែនៅតែឈរត្រង់នៅឡើយ ដែលនេះគឺខុសគ្នាដាច់ស្រលះទៅនឹងរូបភាពដែលបានមកពីកូរ៉េខាងជើង។
បណ្ដារូបភាពដែលបានមកពីផ្កាយរណបពាណិជ្ជកម្មដែលថតទៅលើតំបន់ការិយាល័យទំនាក់ទំនងរវាងកូរ៉េខាងខាងជើងនិងកូរ៉េខាងត្បូងនៅទីក្រុង Kaesong ក្នុងតំបន់ក្បែរព្រំដែនកូរ៉េខាងជើងកាលពីថ្ងៃទី22មិថុនាបានបង្ហាញថា អគារកម្ពស់4ជាន់នេះនៅឈរត្រង់ដូចដើម ប៉ុន្តែត្រូវរងការខូចខាតច្រើន។
កូរ៉េខាងជើង កាលពីសប្ដាហ៍មុនបានបញ្ចេញរូបភាពស្ដីអំពីគំនរបាក់បែកនៅកន្លែងកើតហេតុមួយដែលបង្ហាញថា អគារនេះត្រូវបានបំផ្លាញទាំងស្រុងដោយការបំផ្ទុះគ្រាប់បែក។
ក្រុមអ្នកវិភាគនៅ 38 North ជាកន្លែងតាមដានស្ថានការណ៍នៅកូរ៉េខាងជើង កាលពីសប្ដាហ៍កន្លងទៅបានបញ្ចេញមតិថា “ជាក់ស្ដែង នេះមិនមែនជាការបំផ្ទុះដែលមានការគ្រប់គ្រងនោះទេ ព្រោះថា អគារនេះមិនត្រូវបានធ្វើឱ្យដួលរលំរាបដល់ដី និងបង្កការខូចខាតដល់អគារនៅក្បែរខាង”។ នៅក្នុងរូបភាពដែលចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងជើងក៏ឃើញមានអគារមជ្ឈមណ្ឌលគាំពារមួយដែលមានកម្ពស់ច្រើនជាន់នៅពីខាងក្រោយអគារការិយល័យទំនាក់ទំនង ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
កាលពីថ្ងៃទី16មិថុនាកន្លងទៅ ការិយាល័យទំនាក់ទំនងរួមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងត្រូវបានបំផ្ទុះឱ្យដួលរលំ បន្ទាប់ពីកូរ៉េខាងជើងបានបន្ទោសជាច្រើនលើកទៅលើកូរ៉េខាងត្បូងថា មិនបានទប់ស្កាត់សកម្មភាពបាច់ខិត្តប័ណ្ណចូលទឹកដីកូរ៉េខាងជើង។ ក្រោយមក កូរ៉េខាងជើងក៏បានប្រកាសថា ការបំផ្លាញការិយាល័យនេះគឺគ្រាន់តែជា “ការចាប់ផ្ដើមប៉ុណ្ណោះ” ហើយភាពតានតឹងនឹងកើនឡើង “ហួសពីការស្មាន”។
ភាគីកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានចាប់ផ្ដើមដាក់ប្រដាប់បំពងសំឡេងនៅក្បែរតំបន់គ្មានយោធា (DMZ)។ ប្រព័ន្ធបំពងសំឡេងទាំងនេះធ្លាប់ត្រូវបានដកចេញរួចមកហើយបន្ទាប់ពីកូរ៉េទាំងពីរបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ2018 ដើម្បីកាត់បន្ថយ “សកម្មភាពបង្កជម្លោះទាំងស្រុង”។
មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានថ្លែងថា “យើងក៏កំពុងតែពិចារណាទៅលើការដាក់ពង្រាយប្រដាប់បំពងសំឡេងរបស់យើង។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់ចាប់ផ្ដើមឃោសនាតាមប្រព័ន្ធបំពងសំឡេងទាំងនោះនៅឡើយ។ ចំណែកយើងខ្ញុំវិញគឺបានត្រៀមរួចរាល់ហើយសម្រាប់ការឆ្លើយតប”។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងមិនទាន់ញ្ចេញមតិជុំវិញសកម្មភាពរបស់កូរ៉េខាងជើងនៅឡើយដែរ ប៉ុន្តែបានរំឭកថា កូរ៉េខាងជើងនឹងទទួលរងផលអាក្រក់បើសិននៅតែបន្តសកម្មភាពខាងលើ ដោយមិនអើពើដល់កិច្ចប្រឹងប្រែងរួមក្នុងការជំរុញឱ្យមានសន្តិភាពពេញលេញ៕
ប្រភព៖ Reuters