ស៊ីនហួ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍(ទី18 មិថុនា) រដ្ឋបាលតំបន់គ្រប់គ្រងពិសេសហុងកុងរបស់ចិន បានចេញច្បាប់ប្រតិបត្តិសម្រាប់សាលារៀន ស្ដីពីការបង្ហូត ឬលើកទង់ជាតិចិន និងទង់ប្រចាំហុងកុង និងប្រគំភ្លេង និងច្រៀងចម្រៀងភ្លេងជាតិ។
អ្នកនាំពាក្យនាយកដ្ឋានការសិក្សា(EDB) បានបញ្ជាក់ថា នាយកដ្ឋាន បានបញ្ជូនទិន្ន័យចុងក្រោយបំផុតទៅឱ្យសាលារៀនផ្សេងៗ ពាក់ព័ន្ធនឹងប្រភពធនធានផ្នែករូបមន្តក្បួនការរៀនសូត្រ ការបង្រៀន និងវិធានការគាំទ្រដែលពាក់ព័ន្ធរួចហើយ។
អ្នកនាំពាក្យថ្លែងថា សាលាបឋម និងមធ្យមសិក្សា ត្រូវតែបង្ហាញទង់ជាតិប្រទេសចិន និងទង់ប្រចាំតំបន់គ្រប់គ្រងពិសេសហុងកុង រួមទាំងប្រគំបទភ្លេង និងច្រៀងភ្លេងជាតិចិន ក្នុងខណៈដែលមានការរៀបចំធ្វើកិច្ចការងារអបអរសាទរក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ថ្ងៃបង្កើតតំបន់គ្រប់គ្រងពិសេសហុងកុងរបស់ចិន និងថ្ងៃបុណ្យជាតិចិន។
អ្នកនាំពាក្យបានបន្ថែមទៀតថា នាយកដ្ឋានសូមណែនាំដោយទទូច ឱ្យសាលារៀនរៀបចំធ្វើកិច្ចការងារខាងលើ ក្នុងថ្ងៃសំខាន់ និងក្នុងឱកាសពិសេសផ្សេងៗ និងត្រូវជំរុញធ្វើឱ្យបានយ៉ាងជាប់លាប់។
ដើម្បីជួយសាលារៀនក្នុងការបណ្ដុះបណ្ដាលកូនសិស្សឱ្យស្គាល់ និងចេះគោរពទង់ជាតិចិន ច្រៀងភ្លេងជាតិចិន រួមទាំងយល់ដឹងពីប្រវត្តិសាស្ត្រ និងចិត្តវិញ្ញាណនៃភ្លេងជាតិចិន ទើបនាយកដ្ឋានបានរំឭកឡើងវិញនូវរូបមន្ត ប្រមូលរួបរួមប្រភពទិន្នន័យដែលពាក់ព័ន្ធ និងបន្ថែមវិធានការគាំទ្រលើផ្នែករូបមន្តប្រតិបត្តិ។
ច្បាប់ភ្លេងជាតិ បានទទួលការប្រកាសនៅក្នុងច្បាប់ផ្លូវរដ្ឋ និងត្រូវបានប្រកាសប្រើនៅក្នុងទីក្រុងហុងកុង តាំងពីថ្ងៃទី12 មិថុនា កន្លងមកថ្មីៗ ដោយអ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា ទង់ជាតិ ភ្លេងជាតិ និងត្រារបស់ផែនដី គឺជាសញ្ញាសម្គាល់ និងជានិមិត្តសញ្ញារបស់ជាតិ ដែលប្រជាជនគ្រប់រូបគួរតែផ្ដល់នូវការគោរព។
ទាំងអស់នេះ អ្នកនាំពាក្យនៅបានបញ្ជាក់ទៀតថា សាលារៀន គួរតែផ្ដល់ចំណេះ ការយល់ដឹងដល់សិស្សពាក់ព័ន្ធនឹងទង់ជាតិ ភ្លេងជាតិ និងត្រាផែនដីរបស់ចិន ដោយធ្វើជាផ្នែកមួយនៃការសិក្សាមុខវិជ្ជាគុណធម៌ តួនាទីពលរដ្ឋ និងជាតិ ព្រមទាំងជួយជំរុញឱ្យសិស្សរឭកដឹងពីអត្តសញ្ញាណជាតិ… ព្រមទាំងបានបន្ថែមថា ការបណ្ដុះបណ្ដាលអំពីអត្តសញ្ញាណរបស់ជាតិដល់សិស្សនោះ គឺជាគោលដៅមួយក្នុងការរៀនយល់ដឹងដ៏សំខាន់របស់ការសិក្សាក្នុងកម្រិតបឋម និងមធ្យមសិក្សា៕
ប្រភព៖ សារព័ត៌មានបរទេស