អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងចំពោះគណៈមន្ត្រីសន្តិសុខ UN ថា កាំជ្រួចតម្រង់គោលដៅដែលប្រើវាយប្រហាររោងចក្រចម្រាញ់ប្រេងដ៏ធំំមួយ និងព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីតកាលពីឆ្នាំទៅនោះ “មានប្រភពចេញមកពីប្រទេសអ៊ីរ៉ង់” ខណៈរដ្ឋបាលក្រុងតេអេរ៉ង់ បានប្រញាប់ចេញមកបដិសេធភ្លាមៗតែម្ដង។
លោក អង់តូនីញ៉ូ ហ្គុយតឺរេស អគ្គលេខាធិការ UN បានបញ្ជាក់ថា អាវុធ និងឧបករណ៍ដែលពាក់ព័ន្ធជាច្រើនបំណែកដែលសហរដ្ឋអាមេរិករឹបអូសបានកាលពីខែវិច្ឆិកា ឆ្នាំ2019 និងខែកុម្ភៈ ឆ្នាំ2020 “ចេញមកពីអ៊ីរ៉ង់” ដោយបំណែកខ្លះមានលក្ខណៈដូចគ្នានឹងទំនិញដែលផលិតដោយក្រុមហ៊ុនសញ្ជាតិអ៊ីរ៉ង់ និងមានតួអក្សរ ហ្វាហ្ស៊ី នៅលើនោះទៀតផង ខណៈដែលបំណែកខ្លះទៀត ត្រូវបាននាំចូលអ៊ីរ៉ង់ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ2016 រហូតដល់ខែមេសា ឆ្នាំ2018។
លោក ហ្គុយតឺរេស បានចង្អុលបង្ហាញថា ការរៀបចំបញ្ជូនឧបករណ៍ទាំងនោះ អាចល្មើសមតិគណៈមន្ត្រីសន្តិសុខ UN ឆ្នាំ2015 ដែលធានាលើចំណុចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរ រវាងប្រទេសអ៊ីរ៉ង់ នឹងក្រុមមហាអំណាច P5+1។
គណៈទូតអ៊ីរ៉ង់ប្រចាំ UN បានចង្អុលបង្ហាញថា របាយការណ៍នោះ “ខុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងបន្លំបង្វែង ខុសពីការពិត…រដ្ឋបាលអ៊ីរ៉ង់ សូមបដិសេធចោលទាំងស្រុងចំពោះរបាយការណ៍ដែលថា អ៊ីរ៉ង់មានការពាក់ព័ន្ធជាមួយការនាំចេញអាវុធ និងឧបករណ៍ដែលប្រើប្រាស់ក្នុងការវាយប្រហារប្រទេសអារ៉ាប៊ី សាអ៊ូឌីត រួមទាំងទិន្នន័យដែលថា ភ័ស្តុតាងដែលសហរដ្ឋអាមេរិករឹបអូសបាននោះ មានប្រភពមកពីប្រទេសអ៊ីរ៉ង់”
សហរដ្ឋអាមេរិក បានទាមទារឱ្យគណៈមន្ត្រីសន្តិសុខ UN 15ប្រទេស បន្តអាយុបទបញ្ជាហ៊ុមព័ទ្ធផ្នែកអាវុធ(Arms embargo) ចំពោះប្រទេសអ៊ីរ៉ង់ ដែលកំពុងតែជិតផុតកំណត់ក្នុងខែតុលា តាមលក្ខខណ្ឌកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរ ខណៈប្រទេសរុស្ស៊ី និងចិន ដែលមានអំណាច “វេតូ” បានបញ្ជូនសញ្ញាជំទាស់យ៉ាងពេញទំហឹង។
ទាំងអស់នេះ លោក ហ្គុយតឺរេស នឹងត្រូវបញ្ជូនរបាយការណ៍ទៅគណៈមន្ត្រីសន្តិសុខ UN ក្នុង 1ឆ្នាំ 2ដង
ដើម្បីបកស្រាយរឿងបទបញ្ជាហ៊ុមព័ទ្ធផ្នែកអាវុធ និងការកំណត់ផ្សេងៗ ដែលចូលជាធរមានចំពោះអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរ។
អង្គការសហប្រជាជាតិ បានធ្វើការត្រួតពិនិត្យបំណែកគ្រាប់កាំជ្រួចដែលប្រើវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងទីក្រុង អាហ្វីហ្វ កាលពីខែឧសភា ឆ្នាំទៅ រួមទាំងអាកាសយានដ្ឋានអន្តរជាតិ អាបា ក្នុងខែមិថុនា និងសីហា និងរោងចក្រចម្រាញ់ប្រេង 2កន្លែងទៀតរបសក្រុមហ៊ុន សាអ៊ូឌីត អារ៉ាមកូ នៅទីក្រុងឃូរ៉ៃស៍ និង Abqaiq ក្នុងខែកញ្ញា។
លោក ហ្គុយតឺរេស បានបញ្ជាក់នៅក្នុងរបាយការណ៍ថា “កាំជ្រួចតម្រង់គោលដៅ ឬបំណែកមួយចំនួនដែលប្រើវាយប្រហារទីតាំងទាំង 4កន្លែងនោះ មានប្រភពមកពីប្រទេសអ៊ីរ៉ង់” លោកថែមទាំង
ឱ្យដឹងទៀតថា យន្តហោះគ្មានអ្នកបើក(ដ្រូន) ដែលប្រើប្រាស់ក្នុងការវាយប្រហារកាលពីខែឧសភា និងកញ្ញា ឆ្នាំទៅនោះ ក៏ចេញមកពីប្រទេសអ៊ីរ៉ង់ដូចគ្នាដែរ។
UN ថែមទាំងរកឃើញទៀតផងថា ភ័ស្តុតាងមួយចំនួន ដែលសហរដ្ឋអាមេរិករឹបអូសបាន “មានលក្ខណៈដូច ឬស្រដៀងគ្នា” នឹងបំណែកកាំជ្រួចតម្រង់គោលដៅ និងដ្រូនដែលប្រើវាយប្រហារអារ៉ាប៊ី សាអ៊ូឌីត កាលឆ្នាំ2019។
លោកស្រី ខេលលី ក្រាហ្វត៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ UN បានបញ្ជាក់ថា លោកស្រី នឹងចែកចាយសេចក្ដីព្រាងញត្តិ ពន្យារបទបញ្ជាហ៊ុមព័ទ្ធផ្នែកអាវុធ ជូនទៅបណ្ដារដ្ឋជាសមាជិកគណៈមន្ត្រីសន្តិសុខ UN ក្នុងពេលឆាប់ៗនេះ និងប្រសិនបើការទាមទារនេះ ត្រូវបដិសេធ សហរដ្ឋអាមេរិក នឹងជំរុញឱ្យ UN ចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់ទាំងអស់ ដែលអ្នកការទូតជាច្រើននាក់បានសម្លឹងឃើញថា វាមិនមែនជារឿងងាយឡើយក្នុងការធ្វើបែបនោះ៕
ប្រភព៖ សាព័ត៌មានបរទេស