បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានបាញ់សម្លាប់នៅពេលព្យាយាមតដៃនឹងក្រុមប៉ូលិស ក្រោយពីត្រូវបានត្រួតពិនិត្យនៅក្បែរអាហារដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក។
Rayshard Brooks ជាជនជាតិស្បែកខ្មៅ អាយុ27ឆ្នាំ ត្រូវបានប៉ូលិសស្បែកស2រូបបាញ់សម្លាប់នៅចំណតរថយន្តមួយក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី12 ខែមិថុនាកន្លងទៅ។
Rayshard Brooks ដេកលក់នៅក្នុងរថយន្តក្នុងពេលតម្រង់ជួររង់ចាំសេវាកម្មនៅមុខអាហារដ្ឋាននៅក្បែរនោះ។ ការិយាល័យប៉ូលិស Atlanta បានឱ្យដឹងថា បុរសស្បែកខ្មៅនេះបានតដៃប្រឆាំងប៉ូលិសនៅពេលមិនអាចឆ្លងផុតការធ្វើតេស្តរកជាតិស្រវឹង ឬគ្រឿងញៀន។
វីដេអូមួយដែលថតបានសកម្មភាពនៅកន្លែងកើតហេតុ បង្ហាញថា Brooks ប្រតាយប្រតប់នឹងប៉ូលិស2រូប ក្រោយមកក៏ដណ្ដើមបានកាំភ្លើងអគ្គិសនីពីប៉ូលិសម្នាក់ ហើយក៏បាញ់ទៅលើមុខរបស់ប៉ូលិសនោះ។ រូបភាពពីកាមេរ៉ាសន្តិសុខនៅក្បែរនោះក៏បានបង្ហាញថា ប៉ូលិស2រូបនោះបានដេញតាម ភ្លាមនោះ Brooks បានបាញ់ទៅលើប៉ូលិស ធ្វើឱ្យប៉ូលិសម្នាក់ធ្លាក់កាំភ្លើងអគ្គិសនីពីដៃ។ បន្ទាប់មក ប៉ូលិសក៏ដកកាំភ្លើងហើយបាញ់ទៅលើ Brooks។
ក្រោយពីហេតុការណ៍នេះបានកើតឡើង អធិការប៉ូលិសក្រុង Atlanta លោកស្រី Erika Shields បានសុំលាលែងពីតំណែង ហើយក៏ទទួលបានការយល់ព្រមពីថ្នាក់លើ។ បច្ចុប្បន្ន សមត្ថកិច្ចរដ្ឋ Georgia កំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ។
បាតុកម្មជាច្រើនត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងហេតុការណ៍ខាងលើ និងដើម្បីទាមទារយុត្តិធម៌ ក្នុងនោះមានបាតុកររាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅទីកន្លែងដែល Brooks បានស្លាប់ដើម្បីរំឭកវិញ្ញាណក្ខន្ធ។ ក្រុមប៉ូលិសបានប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក និងគ្រាប់បែកជះពន្លឺដើម្បីបំបែកហ្វូងបាតុករ នាំឱ្យបាតុកររត់ទៅកាន់តំបន់ផ្សេង ហើយក៏បានបិទផ្លូវល្បឿនលឿនរបស់រដ្ឋ Georgia។