ទំហំពាណិជ្ជកម្មរវាងចិន ជាមួយបណ្ដាប្រទេសអាស៊ាន មានប្រមាណជា 85,320លានដុល្លារសហរដ្ឋអាមេរិកក្នុងខែមករា និងខែកុម្ភៈ បើទោះជាទំហំពាណិជ្ជកម្មដែលធ្វើជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត សុទ្ធតែស្ថិតក្នុងសញ្ញាធ្លាក់ចុះដោយសារតែផលប៉ះពាល់ជំងឺរាតត្បាតក៏ដោយ ហើយរឿងនេះ ក៏ធ្វើឱ្យកើតមានសេចក្ដីសង្ឃឹមបង្ហាញខ្លួនឡើងមកថា ខ្សែចង្វាក់ផ្គត់ផ្គង់ផ្សេងៗ នឹងអាចវិលត្រឡប់មករស់ឡើងវិញជាថ្មីមិនខាន។
អត្ថបទទាក់ទង៖
នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ(1)
នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ(2)
នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ(3)
ចិនជាមួយប្រជាជាតិអាស៊ានទាំងអស់ មានជំនឿជឿជាក់យ៉ាងមុតមាំក្នុងលទ្ធិពហុភាគីនិយម និងការរួមសហការគ្នា ដែលវាជារឿងមួយអាចជួយបាន ក្នុងពេលដែលសហគមន៍ពិភពលោកចាំបាច់ត្រូវទប់ទល់នឹងវិបត្តិខាងសេដ្ឋកិច្ច ហើយលទ្ធផលក៏គឺ លោកាវិវឌ្ឍន៍កំពុងបង្កើតគុណសម្បត្តិថ្មីមួយរបស់ “ភូមិភាគាវិវឌ្ឍន៍” (Regionalization) ឡើង។ នេះក៏ជារឿងមួយដែលលោកស្រី មើរកែល កំពុងគិតនៅក្នុងចិត្តនៅក្នុងការជួបប្រាស្រ័យនៅទីក្រុងប៊ែរឡាំងរបស់លោកស្រី កាលពីថ្ងៃទី27 មេសាកន្លងទៅដែរ។
ការពិតទៅ ការថ្លែងការណ៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ដីអំពី “ការប្រតិបត្តិការដើម្បីប្រឆាំងចិន” (Actions Against China) កាលពីថ្ងៃទី29 ឧសភា បានឆ្លុះបញ្ចាំងឱ្យឃើញដូចគ្នាថា លោកមានការនឹកឃើញក្នុងកម្រិតមួយថា សហរដ្ឋអាមេរិកកំពុងហត់ឥតប្រយោជន៍ក្នុងការព្យាយាមបង្ហើតទិដ្ឋភាពឱ្យចិនក្លាយជា “បិសាចកំណាច” ក្នុងគ្រានេះ។ លោកត្រាំ មើលទៅហាក់ដូចជាម៉ឺងម៉ាត់មាំមួនដាច់ខាតខាងរឿងវាចា ប៉ុន្តែ ជួនកាលវាក៏អាចគ្រាន់តែជាគ្រឿងបំភ័ន្តដែលផុយស្រួយបំផុតមួយប៉ុណ្ណោះ។ ការថ្លែងការណ៍ក្នុងគ្រានោះរបស់លោកត្រាំ បានវែកញែកចំណុចបញ្ហាផ្សេងៗដែលមានជាមួយចិនចេញមកយ៉ាងវែងអន្លាយដូចកន្ទុយខ្លែង ដែលធ្វើឱ្យមើលទៅ ឃើញដូចជាការថ្លែងដែលតម្រង់ឆ្ពោះទៅ “សម្លាប់ចិន” ឱ្យខាងតែបានដូច្នោះដែរ…តែនៅពេលសម្លឹងមើលក្នុងទិដ្ឋភាពរួមវិញនោះ វាបែរជាមិនមានការតភ្ជាប់ឱ្យក្លាយជាយុទ្ធសាស្ត្រដែលស៊ីចង្វាក់ ឬត្រូវគ្នាសោះឡើយ។
លោកត្រាំ ប្រាប់ថា សហរដ្ឋអាមេរិកកំពុងសិក្សាថា តើនឹងអាចធ្វើអ្វីបានខ្លះ ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ចិនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនរបស់អាមេរិក។ សហរដ្ឋអាមេរិក នឹងកំណត់ចំនួននិស្សិតក្រោយបរិញ្ញាត្រីជនជាតិចិន និងអ្នកវិទ្យាសាស្ត្រជនជាតិចិន ដែលមកសិក្សារៀនសូត្រនៅក្នុងមជ្ឈមណ្ឌលកណ្ដាលនៃការរៀនយល់ដឹង និងការស្រាវជ្រាវវិភាគផ្សេងៗរបស់អាមេរិក, ការប្រណិប័តន៍យ៉ាងពិសេសចំពោះទីក្រុងហុងកុងនឹងត្រូវលុបចោល, ពួកមន្ត្រីចិនដែលជាប់ពាក់ព័ន្ធក្នុងស្ថានការណ៍ក្រុងហុងកុង អាចនឹងត្រូវរងទណ្ឌកម្ម និងសហរដ្ឋអាមេរិក កំពុងតែលុបចោលសមាជិកភាពរបស់ខ្លួនក្នុងអង្គការពាណិជ្ជកម្មពិភពលោកទៀតផង។
តែអ្វីដែលគួរឱ្យចម្លែកចិត្តនោះគឺ ផ្សារហ៊ុនទាំងឡាយរបស់សហរដ្ឋអាមេរិក បាននាំគ្នាហក់ឡើងខ្ពស់ ក្រោយការថ្លែងការណ៍របស់លោកត្រាំក្នុងគ្រានេះ។ វាមើលទៅហាក់ដូចជាថា ពួកអ្នកវិនិយោគទាំងឡាយ មានអារម្មណ៍ធូរស្បើយ នៅពេលមើលឃើញថា វិធានការផ្សេងៗដែលលោកត្រាំបានសរុបចេញមកទាំងនោះ វាមិនដល់ថ្នាក់អាក្រក់ ដូចនឹងអ្វីដែលពួកគេធ្លាប់គិតទុកនោះទេ និងប្រាកដណាស់ តាមរយៈពាក្យសម្ដីដែលលោកបានប្រើ វាថែមទាំងធ្វើឱ្យកើតមានចន្លោះប្រហោងមិនច្បាស់លាស់ក្នុងរឿងកំណត់ពេលវេលា និងរឿងការប្រតិបត្តិពិតប្រាកដឡើងទៀតផង។
ចំណុចសំខាន់បំផុតក៏គឺ នៅក្នុងសេចក្ដីថ្លែងការណ៍លើកនោះរបស់លោក លោកត្រាំ មិនបាននិយាយអ្វី 1ម៉ាត់សោះ ពាក់ព័ន្ធនឹងវាសនាកម្មរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន ដែលធ្វើឱ្យគេនាំគ្នាសន្និដ្ឋានថា វានៅតែជាការងារដែលដំណើរការទៅមុខបន្តទៀតជារឿយៗ រួមទាំងលោកត្រាំ ក៏អាចមានការដឹងខ្លួនយ៉ាងច្បាស់ទៀតផងថា ពាណិជ្ជកម្មជាមួយចិន អាចក្លាយជារឿងសំខាន់បំផុត សម្រាប់ការងើបឡើងវិញខាងសេដ្ឋកិច្ច ក្រោយចប់កូវីដ-19 របស់សហរដ្ឋអាមេរិក។
បទវិភាគមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី1 មិថុនា បានប្រើចំណងជើងរឿងដ៏គួរឱ្យអស់សំណើច និងលាយចំអកផងថា “ភ្លីភ្លើ ឬយ៉ាងណាក៏ដោយ តែត្រាំនៅតែស្អិតល្មួតជាមួយហ្វេស1 របស់ឌីលពាណិជ្ជកម្មចិន” (Lemon’ or not, Trump is stuck with Phase 1 of the China trade deal.)
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា