ទឹកជំនន់និងបាក់ដីនៅភាគខាងត្បូងប្រទេសចិន បណ្ដាលឱ្យមនុស្សរាប់សែននាក់បាត់បង់ផ្ទះសម្បែង មនុស្សរាប់សិបនាក់ស្លាប់ និងបាត់ខ្លួន ខណៈទំហំការខូចខាតបានឡើងដល់រាប់រយលានដុល្លារអាមេរិក។
ភ្លៀងធំបណ្ដាលឱ្យមានទឹកជំនន់ និងបាក់ដីជាច្រើនថ្ងៃមកនេះនៅតំបន់ស្វយ័តរបស់ជនជាតិ Zhuang (Guangxi Zhuang Autonomous Region) ក្នុងខេត្តក្វាងស៊ី បានបំផ្លាញផ្ទះសម្បែកជាង1,300ខ្នង នាំឱ្យមនុស្សប្រមាណជា 230,000នាក់ត្រូវជម្លៀសខ្លួន និង6នាក់បានស្លាប់ ម្នាក់បាត់ខ្លួន។
នៅក្នុងតំបន់ Yangshuo ដែលជាទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះ ស្ថិតក្នុងទីក្រុង Guilin ខេត្តក្វាងស៊ី ត្រូវបានលិចលុងក្នុងទឹកជំនន់ បណ្ដាលឱ្យអ្នកទេសចរ និងពលរដ្ឋត្រូវជម្លៀសខ្លួនតាមក្បូនឫស្សី។ អាជ្ញាធរបានឱ្យដឹងថា សណ្ឋាគារជាង1,000 កំពុងលិចទឹក និងតំបន់ទេសចរណ៍ជាង30កន្លែងផ្សេងទៀតរងការខូចខាត។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន (Ministry of Emergency Management) វាយតម្លៃថា ការខូចខាតផ្នែកសេដ្ឋកិច្ច អាចឡើងដល់550លានដុល្លារអាមេរិក។
ចំណែកនៅខេត្ត Hunan យ៉ាងហោចណាស់មានមនុស្ស13នាក់បានស្លាប់ដោយសារភ្លៀងធំ។ នៅខេត្ត Guizhou វិញ មានមនុស្សចំនួន8នាក់បានបាត់ខ្លួន។
ភ្លៀងធំបានផ្ដើមធ្លាក់ចាប់ពីដើមខែមិថុនា នាំឱ្យទឹកទន្លេចំនួន110នៅប្រទេសចិន “កើនឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់”។ តាមការព្យាករ ភ្លៀងនឹងបន្តធ្លាក់ក្នុងរយៈពេលច្រើនថ្ងៃទៀត នៅទូទាំងភាគខាងត្បូងប្រទេសចិន។
ប្រភព៖ AFP