Skip to content

មន្ត្រី​យោធា​​ថ្នាក់​​វរសេនីយ៍​​ម្នាក់​​របស់​ចិន​ ត្រូវ​អាមេរិក​ចាប់​ខ្លួន​នៅ​ពេល​ត្រៀម​ឡើង​យន្ត​ហោះ​ត្រលប់​មក​​ស្រុក

Xin Wang ដែល​ជា​​មន្ត្រី​យោធា​ចិន​ម្នាក់​មាន​​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​នាំយក​ការ​សិក្សា​ស្រាវ​ជ្រាវ​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ក្លែង​បន្លំ​ទិដ្ឋាការ​ផងដែរ​។

មន្ត្រី​ទាហាន​ថ្នាក់​វរសេនីយ៍​ ឈ្មោះ Xin Wang នេះ​ ត្រូវ​បាន​​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ (FBI) ចាប់​ខ្លួន​ខណៈ​ត្រៀម​ចេញ​ដំណើរ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ Los Angeles ត្រលប់​​មក​កាន់​តំបន់​ Tianjin ប្រទេស​ចិន​កាល​ពីថ្ងៃទី​7​មិថុនា​។ ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ប្រកាស​កាល​ពី​ម្សិលមិញ​។

យោង​តាម​កំណត់​ហេតុ​របស់​ FBI លោក​ Wang កំពុង​កាន់កាប់​តំណែង​ប្រហាក់​ប្រហែល​នឹង​វរសេនីយ៍ទោក្នុង​ជួរ​កង​ទ័ព​រំដោះ​ប្រជា​ជន​​ចិន​ (PLA) និង​នៅ​តែ​ទទួល​ប្រាក់​ខែ​ពី​កង​ទ័ព​ចិន​។

ប៉ុន្តែ នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ2018​ លោក​ Wang បាន​សរសេរ​ថា ខ្លួន​គ្រាន់​តែ​ជា​សាស្ត្រាចារ្យ​រង​ផ្នែកវេជ្ជសាស្ត្រ​នៅ​ PLA ចាប់​ពី​ឆ្នាំ​2002 ដល់​2016 ហើយ​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ California នា​ទីក្រុង​​ San Francisco (UCSF)។

Wang បាន​សារ​ភាព​ថា “មាន​ចេតនា​កុហក​អំពី​ដំណាក់​កាល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​នៅ​ក្នុង​លិខិត​ស្នើ​សុំ​ទិដ្ឋាការ​គឺ​គ្រាន់​តែ​ដើម្បី​បង្កើន​លទ្ធ​ភាព​ទទួល​បាន​ទិដ្ឋាការ​តែប៉ុណ្ណោះ”។

នៅ​ពេល​ត្រៀម​ចាក​ចេញពី​ព្រលាន​យន្ត​ហោះ​ Los Angeles កាល​ពី​ថ្ងៃទី​អាទិត្យ​ Wang បាន​និយាយ​ជាមួយ​មន្ត្រី​អាមេរិកាំង​ប្រចាំ​ការ​នៅ​អាកាស​យាន​ដ្ឋាន​ថា “បាន​ទទួល​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​ គឺ​ប្រធាន​មន្ទីរ​ពិសោធន៍​នៅ​សាកល​វិទ្យា​ល័យ​យោធា​ចិន​ ណែ​នាំ​ឱ្យ​​សង្កេត​មើល​​របៀប​រៀប​ចំ​បន្ទប់​ពិសោធន៍នៅ​​ UCSF ហើយ​នាំ​យក​ព័ត៌មាន​នេះ​ត្រលប់​ទៅ​ប្រទេស​ចិន​”។

មន្ត្រី​យោធា​​ថ្នាក់​​វរសេនីយ៍​​ម្នាក់​​របស់​ចិន​ ត្រូវ​អាមេរិក​ចាប់​ខ្លួន​នៅ​ពេល​ត្រៀម​ឡើង​យន្ត​ហោះ​ត្រលប់​មក​​ស្រុក
មន្ត្រី​ទាហាន​ថ្នាក់​វរសេនីយ៍​ ឈ្មោះ Xin Wang នេះ​ ត្រូវ​បាន​​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ (FBI) ចាប់​ខ្លួន​ខណៈ​ត្រៀម​ចេញ​ដំណើរ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ Los Angeles

ក្រុម​មន្ត្រី​គយអាមេរិកាំង​​ប្រចាំ​នៅ​ព្រលាន​យន្ត​ហោះ​ទទួលបាន​ព័ត៌មាន​ថា “Wang នាំ​យក​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ពី​ UCSF ដើម្បី​ចែក​រំលែក​ទៅ​ឱ្យ​អ្នក​រួម​ការ​ងារ​នៅ​ PLA និង​ថែម​ទាំង​បាន​ផ្ញើ​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ទៅកាន់​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​នៅ​ប្រទេស​ចិន​តាម​រយៈ​អ៊ីម៉ែល” នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​យុត្តិ​ធម៌​សហរដ្ឋ​អាមេរិក​។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ UCSF ដែល​ Wang យក​តាម​ខ្លួន​នោះ​ ទទួល​បាន​ឧបត្ថម្ភ​ពី​ក្រសួង​សុខាភិបាល​​អាមេរិកាំង​ (United States Department of Health and Human Services) និង​មន្ទីរ​សុខាភិបាល​ជាតិ​អាមេរិកាំង​ (National Institutes of Health)។ Wang ក៏​បាន​លុប​ចោល​សារ​ក្នុង​កម្ម​វិធី​ WeChat នៅ​លើ​ទូរស័ព្ទ​​របស់​ខ្លួន​នៅមុន​ពេល​មក​កាន់​ព្រលាន​យន្ត​ហោះ​ដើម្បី​ធ្វើ​ដំណើរ​ត្រលប់​មក​ប្រទេស​ចិន​។

លោក​ Wang អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​10​ឆ្នាំ និង​បង់​ប្រាក់​ពិន័យ​ចំនួន​ 250,000​ដុល្លារ​ បើ​សិន​​ត្រូវ​បាន​កាត់​ទោស​។

នៅ​ចំពោះ​មុខ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ រដ្ឋាភិបាល​អាមេរិកាំង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងឡាយ​ណា​ដែល​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​តែ​ធ្វើ​ការ​ឱ្យ​កង​ទ័ពចិន​​ ឬ​សហការ​ជាមួយ​មន្ទីរ​ស្រាវ​ជ្រាវ​របស់​ចិន​។

ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃទី​29​ឧសភា​ បាន​ប្រកាស​ថា និសិត្ស​និង​អ្នក​ស្រាវជ្រាវ​ចិន​នឹង​ត្រូវ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​អាមេរិក បើ​សិន​ពួកគេ​មាន​លទ្ធ​ភាព​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​បច្ចេក​ទេស​ទៅ​ឱ្យ​កង​ទ័ព​ចិន​។ សេចក្ដី​សម្រេច​នេះ​មាន​សុពល​ភាព​ចាប់ពី​ថ្ងៃទី​1​មិថុនា​ឆ្នាំ​2020​​។ បទ​បញ្ជា​នេះ​មិន​បាន​និយាយ​លម្អិត​នោះ​ទេ ប៉ុន្តែ​ទុក​ឱ្យ​ក្រសួង​ការបរទេស​ជា​អ្នកសម្រេច​បន្ថែម៕

ប្រភព​៖ SCMP

Leave a Reply

Your email address will not be published. Required fields are marked *