នៅតំបន់ប្រជុំជនក្នុងទីក្រុង Seattle ក្រុមបាតុករបាននាំគ្នាដាក់របងការពារនៅជុំវិញ ហើយដាក់ឈ្មោះទីនេះថាជា “តំបន់ស្វយ័ត Capitol Hill” បន្ទាប់ពីអង្គភាពប៉ូលិសបាន “ចុះចាញ់”។
មុននោះ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករដែលកើតឡើងដោយសារការស្លាប់របស់ George Floyd ជាមួយនឹងក្រុមប៉ូលិសនៅទីក្រុង Seattle រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានធ្លាក់ទៅក្នុងស្ថានភាពទាល់ច្រកអស់រយៈពេលមួយសប្ដាហ៍។ ចុងក្រោយ ប្រតិកម្មកាន់តែខ្លាំងឡើងៗរបស់ក្រុមបាតុករ ក៏បានធ្វើឱ្យអង្គភាពប៉ូលិសក្នុងតំបន់Seattle ត្រូវបង្ខំចិត្តចុះចាញ់ ដោយការដកមន្ត្រីប៉ូលិសទាំងអស់ចេញពីប៉ូស្តិ៍ក្នុងទីប្រជុំជន Capitol Hill ហើយទុកឱ្យក្រុមបាតុករធ្វើសកម្មភាពតាមអំពើចិត្ត។
“បរិវេណនេះ បច្ចុប្បន្នគឺជាទ្រព្យរបស់ប្រជាជន Seattle” បដាមួយមានសរសេរបែបនេះ។ តំបន់ដែលនៅជុំវិញបរិវេណនេះ មកដល់បច្ចុប្បន្ន បានក្លាយជាកន្លែងសម្រាប់ឱ្យប្រជាជនសាកល្បងរស់នៅដោយគ្មានវត្តមានរបស់សមត្ថកិច្ច។
មនុស្សរាប់រយនាក់ដែលនៅខាងក្នុងទីប្រជុំជននេះ តែងមកប្រមូលផ្ដុំគ្នាដើម្បីស្ដាប់សេចក្ដីថ្លែងការណ៍នានា រួមទាំងកំណាព្យ និងចម្រៀងផងដែរ។ កាលពីយប់ថ្ងៃទី9មិថុនាកន្លងទៅ មនុស្សរាប់សិបនាក់បាននាំគ្នាអង្គុយកណ្ដាលផ្លូវបែកជាមួយដើម្បីទស្សនាខ្សែភាពយន្តឯកសារ រឿង “វិសោធនកម្មលើកទី13” របស់អ្នកដឹកនាំរឿង Ava DuVernay ដែលនិយាយអំពីឥទ្ធិពលរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌចំពោះជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក។ មួយថ្ងៃក្រោយមក នៅទីនេះគេឃើញមានក្មេងៗជាច្រើននាំគ្នាយកដីស និងទឹកថ្នាំមកគូសលេងនៅកណ្ដាលផ្លូវ។
ខាងលើនេះគ្រាន់តែជាការរៀបរាប់អំពីទិដ្ឋភាពខ្លះៗដែលបង្ហាញអំពីការរស់នៅដោយគ្មាននគរបាល នៅក្នុងតំបន់Seattle៕
ប្រភព៖ សារព័ត៌មានបរទេស