Charles Brown ត្រូវបានសភាជាន់ខ្ពស់សហរដ្ឋអាមេរិកតែងតាំងជាមេបញ្ជាការកងទ័ពអាកាស និងក្លាយជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេដែលកាន់កាប់តំណែងជាមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក។
លោក Charles Brown អាយុ57ឆ្នាំ បច្ចុប្បន្នគឺជាមេបញ្ជាការកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក ទើបត្រូវបានសភាជាន់ខ្ពស់អាមេរិកាំងតែងតាំងជាមេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក ដោយទទួលបានសំឡេងឆ្នោតគាំទ្រ98សំឡេង និងមិនមានសំឡេងប្រឆាំង នៅក្នុងការអនុម័តរបស់សភាជាន់ខ្ពស់កាលពីថ្ងៃទី9មិថុនា។
ជាមួយនឹងសេចក្ដីសម្រេចនេះ លោក Charles Brown ក្លាយជាពលរដ្ឋដើមកំណើតអាហ្រិកដំបូងគេដែលគ្រប់គ្រង់តំណែងខ្ពស់បំផុតមួយក្នុងចំណោមតំណែងជាមេបញ្ជាការកងទ័ពចំនួន6របស់សហរដ្ឋអាមេរិក។ លោក Brown ក៏ជាជនជាតិស្បែកខ្មៅទី2ដែលបានមានវត្តមាននៅក្នុងអគ្គបញ្ជាការដ្ឋានចម្រុះសហរដ្ឋអាមេរិក (Joint Chiefs of Staff) បន្ទាប់ពីលោក Colin Powell អតីតអគ្គមេបញ្ជាការកងទ័ព (Chairman of the Joint Chiefs of Staff) ដំណាក់កាលពីឆ្នាំ1989-1993។
ប្រធានាធិបតី Donald Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃទី9មិថុនាថា “ការសម្រេចចិត្តរបស់ខ្ញុំក្នុងការតែងតាំងមេបញ្ជាការកងទ័ពអាកាសនេះ លោក Charles Brown ក្លាយជាពលរដ្ឋដើមកំណើតអាហ្វ្រិកដំបូងគេដែលបានធ្វើជាមេបញ្ជាការកងទ័ពដែលត្រូវបានសភាជាន់ខ្ពស់អនុម័តយល់ព្រម។ ជាថ្ងៃប្រវត្តិសាស្ត្រចំពោះសហរដ្ឋអាមេរិក! ពិតជាមានការសប្បាយរីករាយក្នុងការធ្វើការម៉ត់ចត់បន្ថែមទៀតជាមួយមេបញ្ជាការ Brown ដែលជាអ្នកស្នេហាជាតិ និងជាមេដឹកនាំល្អម្នាក់!”។
ការតែងតាំងខាងលើនេះ បានកើតឡើងក្នុងគ្រាដែលមានបាតុកម្មជាច្រើនកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកក្រោយពីការស្លាប់របស់ George Floyd ដែលនេះបានរួមចំណែកបន្ថែមទៀតក្នុងសាមគ្គីភាពដើម្បីលុបបំបាត់អំពើរើសអើងពូជសាសន៍ក្នុងប្រទេសវនេះ។
លោក Brown ធ្លាប់បានបញ្ចេញយោបល់កាលពីសប្ដាហ៍មុនថា បញ្ហាដើមកំណើតអាហ្វ្រិកកំពុងតែរាំងខ្ទប់រូបលោកក្នុងការទទួលបានការដំឡើងឋានន្តរសក្ដិ។ លោកថ្លែងថា ការតែងតាំងនេះអាចនាំមកនូវក្ដីសង្ឃឹមដល់អ្នកផ្សេង ប៉ុន្តែលោកបានទទួលស្គាល់ថា ចំពោះលោកតែម្នាក់ឯង “មិនអាចផ្សះផ្សារការបែងចែកពូជសាសន៍ដែលកើតមានអស់រយៈពេលរាប់សតវត្សរ៍” នៅសហរដ្ឋអាមេរិកឡើយ៕
ប្រភព៖ AFP