Skip to content

ប៉ូលិស​អាមេរិកាំង​ នាំ​គ្នា​ចូល​រួម​ហែ​សព​លោក​ George Floyd ខណៈ​បេក្ខភាព​ប្រធានាធិបតី​ផ្ញើ​សារ​រំលែក​ទុក្ខ​

ក្រុម​មន្ត្រី​ប៉ូលិស​អាមេរិកាំង​ ឈរ​ជាង​ពីរ​ជួរ​ និង​​លើក​ដៃ​គំនាប់​ដើម្បី​បង្ហាញការ​គោរព​ នៅ​ពេល​ដែល​សព​របស់​លោក​ George Floyd ត្រូវ​បាន​នាំ​ទៅ​កាន់​វិហារ​សាសនា​មួយ​នៅ​ទីក្រុង​ Houston។

ពិធីបុណ្យ​សព​របស់​លោក​ George Floyd ជា​ជន​រង​គ្រោះ​ស្បែក​ខ្មៅ​ អាយុ​46​ឆ្នាំ​ ដែល​ត្រូវ​បាន​ប៉ូលិស​សង្កត់​ក​នឹង​ជង្គង់​រហូត​ដល់​ស្លាប់​កាល​ពី​ថ្ងៃទី​25​ឧសភា​នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota សហរដ្ឋអាមេរិក​ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​ក្នុង​ថ្ងៃទី​9​មិថុនា​កន្លង​ទៅ​នៅ​ឯវិហារ​ Fountain of Praise ក្នុង​ទីក្រុង​ Houston រដ្ឋ​ Texas ដែល​ជា​ស្រុក​កំណើត​របស់​ Floyd។ មិត្ត​ភ័ក្ដិ​ ក្រុមគ្រួសារ​ រួម​នឹង​ថ្នាក់​​ដឹក​នាំ​ស្បែក​ខ្មៅ​ បាន​ចូល​រួម​ពិធី​បុណ្យ​សព​នេះ​ផងដែរ​។

ពិធីបុណ្យ​ខាងលើ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។ ក្រុម​សកម្ម​ភាព​ និង​ពលរដ្ឋ​ក្នុង​ទីក្រុង​ Houston នាំ​គ្នា​ឈរ​នៅ​ខាង​ក្រៅ​វិហារ​​រហូត​ដល់​ចប់​ពីធី​​នានា​​។ ក្រុម​ប៉ូលិស​ ឈរ​ជា​ពីរ​ជួរ​​ និង​ធ្វើ​ការ​គំនាប់​ សម្ដែង​ការ​គោរព​​នៅ​ពេល​សព​ត្រូវ​បាន​នាំ​ទៅ​កាន់​រថយន្ត​​ ក្រោយ​មក​ មនុស្ស​ម្នាក់​បាន​ស្រែក​ថា “ចូរ​ហៅ​ឈ្មោះ​របស់​គាត់​! George Floyd”។

លោក Joe Biden ផ្ញើ​ការ​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​

ផ្សារ​ហ៊ុន​ New York (New York Stock Exchange) បាន​ធ្វើ​ការ​គោរព​ចំពោះ​សព​លោក​ Floyd ដោយ​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ស្មើ​នឹង​រយៈ​ពេល​ដែល​ Floyd ស្ថិត​ក្រោម​ជង្គង់​របស់​ប៉ូលិស​​ Derek Chauvin។ នេះ​គឺជា​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​យូរ​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​228​ឆ្នាំ​របស់​ផ្សារ​ហ៊ុន​នេះ​ (ផ្សារ​ហ៊ុន​ New York Stock Exchange ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី​17​ ឧសភា​ ឆ្នាំ​1792)។

ផ្សារ​ហ៊ុន​ New York (New York Stock Exchange) បាន​ធ្វើ​ការ​គោរព​ចំពោះ​សព​លោក​ Floyd ដោយ​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​រយៈ​ពេល​8​នាទី​និង​46​វិនាទី

អតីត​អនុប្រធានាធិបតី​អាមេរិកាំង​ លោក Joe Biden ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជា​ធិបតេយ្យ​នៃ​សហរដ្ឋ​អាមេរិក​ បាន​ផ្ញើ​សម្ដី​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​គ្រួ​សារ​សព​របស់​លោក​ Floyd តាម​រយៈ​វីដេអូ​។ លោក​ថ្លែង​ថា “នៅ​ពេល​ដែល​យើង​ទាម​ទារ​យុត្តិ​ធម៌​ជូន​ George Floyd យើង​ទាំង​អស់​គ្នា​​​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​សម​ភាព​ពូជ​សាសន៍​​ដ៏ពិត​ប្រាកដ​នៅ​សហរដ្ឋ​អាមេរិក​”។

​អភិបាល​ក្រុង​ Houston លោក Sylvester Turner

ចំណែក​អភិបាល​ក្រុង​ Houston លោក Sylvester Turner បាន​ឱ្យ​ដឹង​ថា លោក​នឹង​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ហាម​ប៉ូលិស​ចាប់​ខ្លួន​ជនសង្ស័យ​ដោយ​ការ​ក្រៀក​ក​ និង​សង្កត់​ក​ ព្រម​ទាំង​ត្រូវ​ធ្វើ​ការ​ព្រមាន​ជា​មុន​ នៅ​ពេលត្រៀម​​ផ្ទុះ​អាវុធ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *