មន្ត្រីសេតវិមានប្រាប់ថា លោកត្រាំ ទាមទារឱ្យទាហាន 10,000នាក់ ចេញមកទប់ស្កាត់បាតុកម្មក្នុងវ៉ាស៊ីនតោន តែមេធំកងទ័ព មិនឯកភាព…

លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់បណ្ដាទីប្រឹក្សា កាលពីសប្ដាហ៍កន្លងទៅថា ត្រូវការទាហាន 10,000នាក់ ប្រចាំការក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីរារាំងហេតុការណ៍ចលាចល ករណីប៉ូលិសសម្លាប់បុរសស្បែកខ្មៅ “ចច ហ្វ្លយដ៍” ប៉ុន្តែ តម្រូវការនេះ ត្រូវបាន ទាំងរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំកងទ័ព មិនលេងចូល…។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការទាមទាររបស់លោក ត្រាំ ក្នុងអំឡុងពេលពិភាក្សាគ្នានៅក្នុងបន្ទប់ធ្វើការរាងពងក្រពើកាលពីថ្ងៃចន្ទ(ទី1មិថុនា)កន្លងទៅ បានបង្ហាញឱ្យឃើញថា មេដឹកនាំសហរដ្ឋអាមេរិក បម្រុងនឹងបញ្ជូនទាហានប្រដាប់អាវុធ បង្ក្រាបបាតុកម្មនៅក្នុងទីក្រុងនានា រួចជាស្រេចទៅហើយ ទោះជាមានសំឡេងជំទាស់ពីមេដឹកនាំមន្ទីរបញ្ចកោណក៏ដោយ។

មន្ត្រីលំដាប់ខ្ពស់ ដែលមិនមានបំណងបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា លោក ម៉ាក អេស្ពើរ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧត្ដមសេនីយ៍ឯក ម៉ាក មីលលីយ៍ នាយរួមសេនាធិការ និងលោក វីលៀម បារ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានព្យាយាមដាស់តឿនលោកត្រាំ ឱ្យបញ្ឈប់គំនិតក្នុងការបញ្ជូនទាហានទៅបង្ក្រាបប្រជាជន ហើយពួកគេបាន “ប្រកែកគ្នាយ៉ាងខ្លាំងក្លា”។

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Mark Esper

បន្ទាប់ពីនោះមក លោកត្រាំ ហាក់ដូចជាបន្ថយតម្រូវការនោះ និងពេញចិត្តនឹងការប្រើប្រាស់កងកម្លាំងការពារមាតុភូមិ(National Guard) មកគ្រប់គ្រងស្ថានការណ៍វិញ ជាជម្រើសដែលខាងមន្ទីរបញ្ចកោណបានណែនាំ និងជាវិធីដដែលមួយ ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើដើម្បីចាត់ការវិបត្តិចលាចលក្នុងប្រទេសរួចមកហើយ។

មេដឹកនាំមន្ទីរបញ្ចកោណ បានទាក់ទងទៅអភិបាលរដ្ឋនានា ដើម្បីស្នើសុំឱ្យបញ្ជូនកងកម្លាំងការពារមាតុភូមិចូលមកក្នុងក្រុងវ៉ាស៊ីនតោន និងមានការប្រមូលផ្ដុំអាជ្ញាធរដែលគ្រប់គ្រងច្បាប់ផ្នែកផ្សេងៗទៀតផង តែវិធានការចម្បងដែលធ្វើឱ្យលោក ត្រាំ ពេញចិត្តបំផុតនោះ គឺប្រហែលជាបញ្ជារបស់ លោក អេស្ពើរ ដែលបានបញ្ជាឱ្យទាហានក្នុងកងហោះហើរ 82 និងអង្គភាពដទៃទៀតក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ស្ថិតក្នុងសភាពប្រុងជើងការជាស្រេច។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានបញ្ជាក់ថា “ការមានទាហានដែលស្ថិតក្នុងសភាពប្រុងជើងការជាស្រេច តែមិនទាន់ដល់ថ្នាក់ចូលទៅប្រចាំការនៅក្នុងទីក្រុង គឺជារឿងដែលគ្រប់គ្រាន់ហើយសម្រាប់លោកប្រធានាធិបតីនៅពេលនោះ”។

ប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Mark Milley

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ វីលៀម បារ៍ បានអះអាងនៅក្នុងកម្មវិធី Face the Nation ខាងស្ថានីយទូរទស្សន៍ CBS កាលពីថ្ងៃទី7 មិថុនា ថា មិនមានទាហានប្រចាំការប្រក្រតី(Active duty troops) ត្រូវបញ្ជូនចូលមកតាមផ្លូវថ្នល់ក្នុងក្រុងវ៉ាស៊ីនតោននៅឡើយ តែមានតម្រួតយោធាស្ថិតនៅក្នុងតំបន់ក្បែរៗនោះ។ លោកនិយាយថា “យើងបញ្ជាឱ្យពួកគេ ស្ទែនបាយ ក្រែងលោមានភាពចាំបាច់មែនទែនណាមួយ”។

ការព្យាយាមរបស់លោកត្រាំ ដែលចង់អូសទាញទាហានចូលមកជួយបញ្ឈប់ការជំនុំតវ៉ា ដែលមានដើមកំណើតមកពីបញ្ហាការរើសអើងពូជសាសន៍ បានបង្កឱ្យមានសំឡេងរិះគន់ពីអតីតនាយទាហានលំដាប់ខ្ពស់ជាច្រើននាក់ រួមទាំងលោក ចេមស៍ មេតធីស អតីតរដ្ឋមន្ត្រីការពារប្រទេស និងជាឧត្ដមសេនីយផ្កាយ4 វ័យចូលនិវត្តន៍ ដែលជាធម្មតា មិនដែលរវីរវល់នឹងរឿងនយោបាយឡើយ។

លោករដ្ឋមន្ត្រីការពារជាតិ អេស្ពើរ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ(ទី3 មិថុនា)កន្លងទៅថា លោកមិនយល់ស្របចំពោះការប្រើច្បាប់បង្ក្រាបចលាចល Insurrection Act ដែលនឹងអនុញ្ញាតឱ្យមានការប្រមូលផ្ដុំទាហានប្រចាំការ ចូលមកបង្ក្រាបក្រុមអ្នកជំនុំតវ៉ាឡើយ ដោយសេចក្ដីថ្លែងការណ៍នោះ បានជំទាស់នឹងឥរិយាបថរបស់លោក ត្រាំ និងជំនួយការលំដាប់ខ្ពស់ទាំងឡាយ និងថែមទាំងមានការនិយាយថា មេដឹកនាំសហរដ្ឋអាមេរិក ដល់ថ្នាក់ស្រែកគំហកដាក់លោក អេស្ពើរ បន្ទាប់ពីការថ្លែងការណ៍បានបញ្ចប់ទៀតផង។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ លោក William Bar

ហេតុការណ៍នេះ ថែមទាំងបានធ្វើឱ្យមនុស្សជាច្រើនមានការទស្សន៍ទាយថា តើលោកត្រាំ នឹងបណ្ដេញលោកអេស្ពើរចេញពីតំណែងឬទេទៀតផង តែលោកស្រី ខេយ៍លីហ៍ មេកអេណានីយ៍ អ្នកនាំពាក្យរបស់សេតវិមាន បានអះអាងថា លោកត្រាំ “នៅមានភាពជឿជាក់លើលោករដ្ឋមន្ត្រី អេស្ពើរ” នៅឡើយ។

លោក អេស្ពើរ បានចេញកំណត់ហេតុមួយទៅកាន់ក្រុមមន្ត្រី នៃក្រសួងការពារជាតិកាលពីថ្ងៃអង្គារ(ទី2 មិថុនា) ដោយបានដាស់តឿនថា “ពួកយើងមានតួនាទីត្រូវការពារសិទ្ធិរបស់ពលរដ្ឋអាមេរិកាំង ក្នុងការមានសេរីភាព ក្នុងការបញ្ចេញគំនិតយោបល់ និងជួបជំនុំគ្នាដោយសន្តិភាព” ខណៈដែលលោកឧត្ដមសេនីយ៍ឯក មីលលីយ៍ ក៏បានថ្លែងដាស់តឿនពលទាហានគ្រប់រូប ឱ្យចងចាំពាក្យសម្បថ ដែលបានធ្វើនៅចំពោះមុខរដ្ឋធម្មនុញ្ញអាមេរិកាំងដែលថា នឹងការពារសិទ្ធិសេរីភាពក្នុងការជួបជំនុំយ៉ាងសន្តិភាព ដូចគ្នា៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា