រឿងរ៉ាវដ៏កម្សត់នៅប្រទេសជប៉ុន…លោកឪពុករបស់កូនស្រីម្នាក់ដែលត្រូវភ្នាក់ងារសម្ងាត់កូរ៉េខាងជើងចាប់ពង្រត់ទៅបាត់កាលពីជាង 40ឆ្នាំមុន បានផុតខ្យល់ដង្ហើមក្នុងវ័យ 87ឆ្នាំ ដោយគ្មានឱកាសបានឱបកូនស្រីជាទីស្រឡាញ់ក្នុងរង្វង់ដៃជាថ្មីម្ដងទៀតឡើយ…។
យ៉ូកូតៈ ឈិកេរុ ឪពុករបស់ក្មេងស្រីជនជាតិជប៉ុន ដែលត្រូវភ្នាក់ងារសម្ងាត់កូរ៉េខាងជើងចាប់ពង្រត់កាលពីជាង 40ឆ្នាំមុន បានទទួលមរណភាពកាលពីថ្ងៃទី5 មិថុនាកន្លងទៅ ខណៈអាយុ 87ឆ្នាំ។ ការឃ្លាតទៅរបស់បុរសជរាម្នាក់នេះ ជារឿងរ៉ាវដ៏សែនរំជួលចិត្តខ្លាំងណាស់ បើវិលត្រឡប់ទៅមើលពីភាពឈឺចាប់របស់ឪពុកម្នាក់ ដែលនៅសុខៗ កូនស្រីវ័យ 13ឆ្នាំ បានបាត់ខ្លួនទៅយ៉ាងគ្មានដំណឹង។
ថ្ងៃទី15 ឧសភា ឆ្នាំ1979 យុវតី មេគូមិ រៀនថ្នាក់មធ្យមសិក្សាទី1 កំពុងតែត្រឡប់មកពីសាលា នៅក្នុងខេត្តនីអ៊ិកាតៈ ភាគខាងលិច ឆៀងខាងជើង ខេត្តមាត់សមុទ្រ ជាទីដែលឪពុក ជាបុគ្គលិកធនាគារកណ្ដាលជប៉ុន ត្រូវបានផ្លាស់ទៅប្រចាំការនៅទីនោះ…តែនាងបែរជាមិនឃើញមកដល់ផ្ទះ…ក្រុមគ្រួសារបានព្យាយាមតាមរក តែរកមិនឃើញទាល់តែសោះ។
20ឆ្នាំក្រោយមក ទើបបានដឹងថា នាងគឺជាមនុស្សម្នាក់នៅក្នុងគម្រោងការចាប់ពង្រត់ពលរដ្ឋបរទេស របស់រដ្ឋបាលក្រុងព្យុងយ៉ាងក្នុងយុគសម័យទសវត្សរ៍ឆ្នាំ70 និង80 ដើម្បីយកទៅបង្រៀនភាសា និងវប្បធម៌របស់ប្រទេសជិតខាងឱ្យភ្នាក់ងារសម្ងាត់របស់ខ្លួន។ គ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោងការនេះ 7គ្រួសារ បានរួមគ្នាបង្កើត “សមាគមគ្រួសារជនរងគ្រោះដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់” នៅឆ្នាំ1997 ដោយមានឪពុក និងម្ដាយរបស់ មេគូមិ ជាប្រធាន។
ទាំង 2នាក់(ឪពុក និងម្ដាយរបស់មេគូមិ) បានក្លាយជានិមិត្តសញ្ញានៃការធ្វើសកម្មភាពទាមទារ ឱ្យនាំអ្នកដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់ទៅនោះ ត្រឡប់មកផ្ទះវិញ។ នាំគ្នាដើរត្រាច់ចរទូទាំងប្រទេសយ៉ាងមិនដែលអស់សង្ឃឹម ដើម្បីប្រមូលផ្ដុំការគាំទ្រ និងមិនឱ្យរឿងរ៉ាវនេះស្ងប់ស្ងាត់ទៅវិញ ជាពិសេសក្នុងអំឡុងពេលនោះ បណ្ដាសារព័ត៌មានទាំងឡាយ ហាក់ដូចជាមិនសូវផ្ដល់ចំណាប់អារម្មណ៍ចំពោះរឿងនេះប៉ុន្មានឡើយ និងថែមទាំងសង្ស័យទៀតផងថា តើវាជារឿងដែលកើតឡើងមែន ឬមិនមែនទៀតផង។ 10ឆ្នាំកន្លងទៅ ទាំង 2នាក់ស្វាមីភរិយា បានបង្ហាញខ្លួននៅតាមទីប្រជុំជននានាជាង 1,400លើក មុននឹងលោកតា យ៉ូកូតៈ ចាំបាច់ត្រូវលាឈប់ពីតំណែងប្រធានសមាគម ដោយសារតែសុខភាពមិនអំណោយផល។
រដ្ឋបាលជប៉ុន បានបញ្ជាក់ថា មានពលរដ្ឋជប៉ុន ត្រូវភ្នាក់ងារសម្ងាត់កូរ៉េខាងជើងចាប់ពង្រត់យកទៅចំនួន 17នាក់ តែគេជឿថា អាចមានច្រើនជាងនេះទៅទៀត។
នៅក្នុងខែកញ្ញា ឆ្នាំ2002 លោក គីម ចង់ អ៊ីល មេដឹកនាំកូរ៉េខាងជើងក្នុងខណៈពេលនោះ បានបង្ហើបឱ្យដឹងនៅក្នុងអំឡុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយ ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ជុនអ៊ិឈិរ៉ូ ខូអ៊ិស៊ូមិ ថា ជនជាតិជប៉ុនដែលត្រូវចាប់ពង្រត់យកទៅនោះ នៅមានជីវិតរស់ចំនួន 5នាក់ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅជប៉ុនវិញបាន តែ មេគូមិ ជាមួយនឹងជនជាតិជប៉ុន 7នាក់ទៀត បានស្លាប់អស់ហើយ។
កូរ៉េខាងជើងបានអះអាងថា មេគូមិ បានធ្វើអត្តឃាត ខណៈពេលកំពុងព្យាបាលជំងឺសោកសៅកាលពីឆ្នាំ1993 តែរួចហើយ ស្រាប់តែប្ដូរឆ្នាំនៃការស្លាប់នោះទៅជាឆ្នាំ2004 ទៅវិញ។ រដ្ឋបាលជប៉ុន មិនជឿលើទិន្នន័យនេះឡើយ មួយផ្នែកដោយសារតែអដ្ឋិធាតុ(ឆ្អឹង) ដែលខាងក្រុងព្យុងយ៉ាងនាំយកមកប្រគល់ឱ្យដោយប្រាប់ថា ជារបស់មេគូមិនោះ លទ្ធផលនៃការពិនិត្យ DNA នៅក្នុងប្រទេសជប៉ុន បែរជារកឃើញថា ជារបស់អ្នកផ្សេងទៅវិញ ធ្វើឱ្យក្រុមគ្រួសាររបស់នាង នៅតែមានសង្ឃឹមតទៅទៀតថា នាងអាចនៅមានជីវិតរស់នៅឡើយ។
ដំណឹងរបស់មេគូមិ ដែលខាងកូរ៉េខាងជើងប្រាប់មកទៀតគឺ នាងជាមួយនឹង គីម យ៉ង់ ណាំ ជនជាតិកូរ៉េខាងត្បូងដែលគេជឿថា ត្រូវបានចាប់ពង្រត់ទៅដូចគ្នាខណៈស្ថិតក្នុងវ័យជំទង់ដែរនោះ បានរៀបការនឹងគ្នានៅឆ្នាំ1986 មានកូនស្រីជាមួយគ្នា 1នាក់ ដែលស្វាមីភរិយាយ៉ូកូតៈ(ឪពុកម្ដាយរបស់មេគូមិ) បានទទួលការអនុញ្ញាតពីក្រុងព្យុងយ៉ាងឱ្យទៅជួបមុខចៅស្រី គីម អ៊ឹន យង់ នៅឯទីក្រុងរបស់ប្រទេសម៉ុងហ្គោលី កាលពីខែមីនា ឆ្នាំ2014…គឺជាលើកដំបូង ដែល 2នាក់តាយាយបានជួបមុខចៅស្រី តែមិនឃើញសូម្បីតែស្រមោលកូនស្រីកម្សត់ រហូតដល់ថ្ងៃស្លាប់។
លោកនាយករដ្ឋមន្ត្រី ស៊ីហ្សូ អាបេ បានថ្លែងក្រោយពីបានទទួលដំណឹងការស្លាប់របស់លោកតាយ៉ូកូតៈ ថា លោកទន្ទឹងរង់ចាំថ្ងៃដែលលោកតា យ៉ូកូតៈ ឈិកេរុ និងភរិយា បានឱប មេគូមិ កូនស្រីជាទីស្រឡាញ់នៅក្នុងរង្វង់ដៃសាជាថ្មី… “ខ្ញុំបានខិតខំព្យាយាមយ៉ាងអស់ពីកម្លាំងហើយ ក្នុងឋានៈនាយករដ្ឋមន្ត្រី ខ្ញុំមានអារម្មណ៍ថាខុស និងសោកស្ដាយខ្លាំងណាស់…”។ លោកបានបញ្ជាក់ទៀតថា ការបញ្ចប់រឿងចាប់ពង្រត់មនុស្ស នៅតែជារឿងសំខាន់លំដាប់ទី1 របស់រដ្ឋាភិបាល និងទាមទារឱ្យមានការចរចាជាមួយលោក គីម ជុង អ៊ុន ដោយគ្មានលក្ខខណ្ឌជាមុន។
ខណៈដែលលោក អ៊ិស៊ុខៈ ឈិកេអូ អ្នកតំណាងឱ្យក្រុមគ្រួសារជនរងគ្រោះដែលត្រូវចាប់ពង្រត់ បានបញ្ជាក់ថា ពួកយើងដឹងថា ថ្ងៃនេះត្រូវតែមកដល់…នេះគឺជាលទ្ធផលនៃការមិនព្រមធ្វើអ្វីសោះកាលពីច្រើនឆ្នាំកន្លងមក…បើសិនមិនបញ្ចប់ និងនៅតែបណ្ដោយឱ្យនៅបែបនេះយូរតទៅទៀត ប្រហែលជានៅមានឪពុកម្ដាយ មិនច្រើនទៀតទេ ដែលនៅមានខ្យល់ដង្ហើម រង់ចាំបុគ្គលជាទីស្រឡាញ់របស់ខ្លួន ត្រឡប់មកវិញ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយអ្នកគ្រូ ឆវី