Skip to content

ក្រុម​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ​ លុត​ជង្គង់​ជិត​9​នាទី​ មុន​ពេល​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ ជូន​​​សភា​សហរដ្ឋ​អាមេរិក (វីដេអូ)

ក្រុម​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​បក្ស​ប្រជា​ធិបតេយ្យ​ បាន​លុត​ជង្គង់​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ដើម្បី​ជា​ការ​រំឭក​ និង​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ នៅ​មុន​ពេល​ដាក់​សេចក្ដី​ព្រាង​ច្បាប់ជូន​សភា​ជាន់​ទាប​អាមេរិកាំង​ កាល​ពី​ថ្ងៃទី​8​មិថុនា​។

ប្រធាន​សភា​ជាន់​ទាប​អាមេរិកាំង​​ លោក​ស្រី​ Nancy Pelosi មាន​ប្រសាសន៍​នៅ​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃទី​8​មិថុនា​ថា “យើង​នៅ​ទី​នេះ​ដើម្បី​រំឭក​ដល់​ការ​ឈឺចាប់​ និង​បង្ហាញការ​គោរព​ចំពោះ​ពលរដ្ឋ​ដែល​បាន​បញ្ចេញ​មតិ​ប្រឆាំង​នឹង​បញ្ហា​នោះ (បញ្ហា​រើស​អើង​ពូជ​សាសន៍​) ពិសេស​គឺ​អំពើ​ហិង្សា​របស់​ប៉ូលិស​។ យើង​នៅ​ទីនេះ​ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​ George Floyd”។

លោក​ស្រី​ Pelosi រួម​ជាមួយ​នឹង​ក្រុម​មេដឹក​នាំ​កំពូល​របស់​បក្ស​ប្រជា​ធិបតេយ្យ​​នៅ​រដ្ឋ​សភា​ បាន​នាំ​គ្នា​លុត​ជង្គង់​ និង​គោរព​វិញ្ញាណក្ខន្ធ​​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ដែល​នេះ​ស្មើ​នឹង​រយៈ​ពេល​ដែល​ប៉ូលិស​ Derek Chauvin យក​ជង្គង់​សង្កត់​ក​ George Floyd កាលពី​ថ្ងៃទី​25​ឧសភា​។ ប្រធាន​គណៈ​កម្ម​ធិការ​យុត្តធម៌​នៅ​សភា​ជាន់​ទាប​​ លោក Jerry Nadler មិន​បាន​លុង​ជង្គង់​ព្រោះ​បញ្ហា​សុខ​ភាព​។

ក្នុង​ព្រឹត្តិ​ការណ៍​ខាងលើ​ គេ​ឃើញ​សមាជិក​ទាំង​អស់​នៃ​បក្ស​ប្រជាធិបតេយ្យ​ សុទ្ធ​តែ​បង់ក​កន្សែង​ដែល​ធ្វើ​អំពី​​ក្រណាត់​​ Kente។ ក្រណាត់​​នេះ​មាន​ប្រភព​ពី​តំបន់ Ghana និង​ត្រូវ​បាន​ត្បាញ​ដោយ​សូត្រ​​ដែល​មាន​ពណ៌​ចម្រុះ​​ និង​រូប​ភាព​​ដ៏ស្រស់​ស្អាត​​។ កន្សែង​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្ត​រូប​ដែល​បង្ហាញ​អំពី​អត្តសញ្ញាញ​ និង​មោទន​ភាព​របស់​ប្រជា​ជន​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​។

ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​នៅ​សភាជាន់​ខ្ពស់​​អាមេរិកាំង​កាល​ពី​ថ្ងៃទី​8​មិថុនា​ បាន​ប្រកាស​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​​អំពើ​ហិង្សា​របស់​ប៉ូលិស​​និង​ការ​រើស​អើង​ពូជ​សាសន៍​ ក្នុង​នោះ​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ហាម​សមត្ថ​កិច្ច​មិន​ឱ្យ​ចាប់​ជន​សង្ស័យ​​ដោយ​កៀប​ក ឬ​សង្កត់​ក ឈប់​ធ្វើ​កំណត់​ហេតុ​ទៅ​តាម​ពូជ​សាសន៍​ ព្រម​ទាំង​ស្នើ​ឱ្យ​បំពាក់​កាមេរ៉ា​នៅ​លើ​ខ្លួន​សមត្ថកិច្ច​​ពេល​កំពុង​បំពេញ​ភារ​កិច្ច​។

សេចក្ដី​ព្រាង​ច្បាប់​ខាងលើ​ក៏​បាន​​ហាម​មិន​ឱ្យ​ធ្វើ​យោធូបនីយកម្ម​កម្លាំង​ប៉ូលិស​ តាម​រយៈ​​​ការ​កាត់​បន្ថយ​ចំនួន​អាវុធ​ដែល​ត្រូ​វ​បាន​មន្ទីរ​បញ្ច​កោណ​បញ្ជូន​ទៅ​ឱ្យ​ស្ថាប័ន​ប៉ូលិស​។

ក្រុម​តំរាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សម្លេង​ភាគ​តិច​នៅ​សភា​ជាន់​ខ្ពស់​នឹង​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នា​ពេល​ខាង​មុខ​។ បច្ចុប្បន្ន​ មិន​ទាន់​ដឹង​ថា ក្រុម​សម្លេង​ភាគ​ច្រើន​មក​ពី​បក្ស​សាធារណរដ្ឋ​​ដែល​កំពុង​គ្រប់​គ្រង​សភា​ជាន់​ខ្ពស់​ គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ​ ឬ​អត់​នៅ​ឡើយ​។ សេចក្ដី​ព្រាង​ច្បាប់​​នេះ​ត្រូវ​ការ​ការ​អនុម័ត​​យល់​ព្រម​ពី​សភា​ជាន់​ខ្ពស់​ និង​ប្រធានាធិបតី​ Donald Trump ដើម្បី​បង្កើត​សុពល​ភាព​។​

បាតុកម្ម​ជា​ច្រើន​បាន​និង​កំពុង​កើត​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​​ ក្នុង​រយៈ​ពេល​ជិត​2​សប្ដាហ៍​កន្លង​ដើម្បី​ប្រឆាំង​នឹងករណី​​ប្រើ​អំពើ​ហិង្សា​របស់​ប៉ូលិស​​ដែល​បាន​បណ្ដាលបុរស​ស្បែក​ខ្មៅ​ George Floyd បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃទី​25​ឧសភា​កន្លង​ទៅ​។ Floyd ត្រូវ​បាន​ប៉ូលិស​ Chauvin យក​ជង្គង់​សង្កត់​ក​ជាប់​ពី​លើ​​​រហូត​ដល់​ស្លាប់​ បើ​ទោះ​ជន​រង​គ្រោះ​ស្រែក​អង្វរ​ថា “ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ​” យ៉ាង​ណា​ក៏ដោយ​។ បាតុ​កម្ម​ក៏បាន​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd និង​ទាម​ទារ​ឱ្យ​មាន​ភាព​ស្មើ​​គ្នា​រវាង​ជាតិ​សាសន៍​នៅ​ក្នុង​ប្រទេស​នេះ​​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *