Skip to content

ប៉ូលិស​អាមេរិកាំង​ “លាង​ជើង​” ជូន​​​មេដឹក​នាំ​សាសនា​ស្បែក​ខ្មៅ​

ក្រុម​ប៉ូលិស​ និង​ពលរដ្ឋ​ស្បែក​ស​ នាំ​គ្នា​លាង​ជើង​ជូន​ក្រុម​មេដឹក​នាំ​សាសនា​​ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅនៅ​ក្នុង​រដ្ឋ​ North Carolina សហ​រដ្ឋ​អាមេរិក​ ដែល​ទង្វើ​នេះ​ជួយ​រួម​ចំណែក​ធ្វើ​ឱ្យ​ភាព​តាន​តឹង​​នៃ​បញ្ហា​​ដែល​កើត​ឡើង​ដោយ​ការ​រើស​អើង​ពូជ​សាសន៍​​មាន​ការ​ថយ​ចុះ​។

បើ​ទោះ​ជា​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ក្រុមសមាជិក​របស់​មជ្ឈមណ្ឌល​សាសនា​ Legacy Center Church ដឹក​នាំ​ដោយ​អាចារ្យ​ Faith Wokoma និង​ស្វាមី​គឺ​អ្នក​ស្រី​ Soboma បាន​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នៅ​ទីក្រុង​ Cary រដ្ឋ​ North Carolina កាលពី​ថ្ងៃទី​6​មិថុនា​​ដើម្បី​ប្រឆាំង​ទៅ​នឹង​អំពើ​មនុស្ស​ឃាត​ដែល​ប៉ូលិស​បាន​ប្រព្រឹត្ត​ចំពោះ​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃទី​25​ឧសភា​។ ក្រុម​នេះ​បាន​ស្នើ​ឱ្យ​លុប​បំបាត់​ការ​រើស​អើង​ពូជ​សាសន៍​ ព្រម​ទាំង​បាន​ចំណាយ​ពេល​8​នាទី​និង​46​វិនាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​។

នៅក្នុង​ព្រឹត្តិ​ការណ៍​ខាង​លើ​នេះ ក៏​មាន​​ពិធី​ “លាង​ជើង​” ដែល​ក្នុង​នោះ​ក៏​មាន​​ក្រុម​ប៉ូលិស​ស្បែក​សជា​ច្រើន​ រួម​នឹង​ពល​រដ្ឋ​ បាន​ចូល​រួម​លាង​ជើង​ជូន​អាចារ្យ​ Faith និង​​​អ្នក​ស្រី​ Soboma Wokoma។ បណ្ដា​រូប​ភាព​ និង​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ បង្ហាញ​ថា ក្រុម​សាសនិក​បាន​នាំ​គ្នា​បួង​សួង​ រួច​​លុត​ជង្គង់​នៅ​ក្បែរ​ធុង​ទឹក​ និង​លាង​ជើង​ជូន​អាចារ្យ​ដែល​អង្គុយ​នៅ​លើ​កៅ​អី​។

លាង​ជើង​គឺជា​ពិធី​សាសនា​មួយ​ដែល​ត្រូវ​បាន​សាសនិកនៃ​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​មួយ​ចំនួន​ធ្វើ​ឡើង​ ដោយ​យោង​ទៅលើ​ពាក្យ​​ប្រដៅ​របស់​ព្រះ​យេស៊ូ ដែល​ថា សាសនិក​គួរ​តែ​លាង​ជើង​ជូន​អ្នក​ដទៃ​ដើម្បី​បង្ហាញ​អំពី​ការ​គោរព​​ និង​ក្ដី​ស្រលាញ់​។ យោងតាម​គម្ពីរ​​ ព្រះ​យេស៊ូ​ក៏​ធ្លាប់​បាន​លាង​ជើង​ជូន​ក្រុម​សាវក​​របស់​ទ្រង់​ដែរ​។

ពលរដ្ឋ​ម្នាក់​ដែ​ល​បាន​ចូល​រួម​ក្នុង​ពិធី​ខាង​លើ​បាន​ថ្លែង​ថា “​នេះ​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​​អំពី​ការ​ផ្សះ​ផ្សារ​ដ៏​ខ្លាំង​ក្លា​មួយ​”។ ខណៈ​សាសិក​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា “នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ផ្សះ​ផ្សារ​ជាតិសាសន៍​”។​

លោក​អាចារ្យ​ Faith និង Soboma Wokoma បាន​ឱ្យ​ដឹង​ថា ពួកគេ​បង្កើត​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ដើម្បី​ជួយ​ឱ្យ​សាសនិក​អាច​ពិភាក្សា​គ្នា​ដោយ​សេរី​អំពី​បាតុកម្ម​ដែល​បាន​និង​កំពុង​កើត​ឡើង​ទូទាំង​សហរដ្ឋ​អាមេរិក​។

លោក​អាចារ្យ​ Faith ថ្លែង​ថា “យើង​មិន​ចង់​ឱ្យ​មាន​ការ​បែង​ចែក​ជា​សាសនា​ក្រុម​ស្បែក​ខ្មៅ ឬ​ស្បែក​ស ឬក៏​សាសនា​អាស៊ី​អ្វី​នោះ​ទេ​។ យើង​បាន​សម្រេច​ចិត្ត​ប្រមូល​ផ្ដុំ​ក្រុម​សាសនា​ឯទៀត​ ហើយ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​ភាគី​ប៉ូលិស​មាន​បំណង​ក្លាយ​ជា​ផ្នែក​មួយ​នឹង​ព្រឹត្តិ​ការណ៍​​ធម្ម​យាត្រា​។ ចំណែក​អភិបាល​ក្រុង​ក៏​មាន​បំណង​ចូល​រួម​ជាមួយ​យើង​ផងដែរ​”។

Lori Bush​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្រុង​ Cary បាន​ថ្លែង​ថា ធម្ម​យាត្រា​នេះ​គឺជា​ព្រឹត្តិ​ការណ៍​ដែល​ “មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​”។

លោក​ស្រី​ Lori Bush ថ្លែងថា “យើង​បាន​ឈប់​ច្រើន​កន្លែង​ដើម្បី​បួង​សួង​ ច្រៀង​ចម្រៀង​ Amazing Grace។ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​នៅ​ចំពោះ​វត្តមាន​ដ៏​ច្រើន​របស់​ពលរដ្ឋ​”។

បាតុកម្ម​នានា​នៅ​សហរដ្ឋ​អាមេរិក​បាន​អូស​បន្លាយ​ពេល​អស់​12​ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​មាន​ករណី​ប៉ូលិស​ប្រើ​ជង្គង់​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ George Floyd រហូង​ដល់​ស្លាប់​។ បាតុកម្ម​បាន​និង​កំពុង​កើត​ឡើង​ទូទាំង​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​ភាគ​ច្រើន​ជា​បាតុកម្ម​អហិង្សា​៕

ប្រភព៖ សារព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *