នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau កាលពីថ្ងៃទី5មិថុនាកន្លងទៅ បានលុតជង្គង់ជាមួយនឹងក្រុមបាតុករ នៅខាងមុខវិមានរដ្ឋសភាប្រទេសនេះ ដើម្បីសម្ដែងការប្រឆាំងទៅនឹងការរើសអើងពូជសាសន៍ និងអំពើហិស្សារបស់ប៉ូលិស។
ក្រុមបាតុករនៅប្រទេសកាណាដា មានបំណងបង្ហាញអំពីសាមគ្គីភាព និងគាំទ្រចំពោះបាតុកម្មដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក ក្រោយពីការស្លាប់របស់ George Floyd ដែលជាជនជាតិស្បែកខ្មៅម្នាក់រស់នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីសប្ដាហ៍មុន។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាន់អាវមួយដែលមានអក្សរ “Black Lives Matter” (ឈ្មោះនៃចលនាប្រឆាំងនឹងការរើសអើងពូជសាសន៍ដែលបង្កើតឡើងដោយសហគមន៍ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក) និងពាក់ម៉ាស់ បានស្រែកជ័យឃោសន៍ជាមួយនឹងក្រុមបាតុកររាប់ពាន់នាក់ដែលបង្ហាញខ្លួននៅក្បែរស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Ottawa។ ក្រោយមក ក្រុមបាតុករនាំគ្នាឈរស្ងៀមក្នុងរយៈពេល8នាទីនិង46វិនាទី ដែលនេះជារយៈពេលដែលប៉ូលិសអាមេរិកាំងឈ្មោះ Derek Chauvin បានយកជង្គង់សង្កត់ក George Floyd ធ្វើឱ្យបុរសស្បែកខ្មៅម្នាក់នេះស្រែកអង្វរថា “ខ្ញុំមិនអាចដកដង្ហើម” មុនពេលដាច់ខ្យល់ស្លាប់។
រដ្ឋមន្ត្រីក្រសួងគ្រួសាររបស់ប្រទេសកាណាដា លោក Ahmed Hussen ដែលបានចូលរួមធ្វើបាតុកម្មនៅ Ottawa ជាមួយនាយករដ្ឋមន្ត្រីកាណាដាដែរនោះ បានថ្លែងថា “ចូរសម្លឹងមើលសម្បុរស្បែករបស់ក្រុមបាតុករនេះ។ មិនត្រឹមតែជនជាតិស្បែកខ្មៅកាណាដានោះទេ ប៉ុន្តែ មនុស្សទាំងអស់ ជឿថា ជនជាតិស្បែកខ្មៅគួរតែបានរស់រានមានជីវិតនឹងគេ”។
បាតុកម្មដូចគ្នានេះក៏កំពុងតែត្រូវបានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនផ្សេងទៀតរបស់ប្រទេសកាណាដា។ នៅទីក្រុង Toronto ស្នងការប៉ូលិស Mark Saunders រួមនឹងមន្ត្រីប៉ូលីសជាច្រើនក៏បានលុតជង្គង់ជាមួយនឹងក្រុមបាតុករផងដែរ។ លោក Mark Saunders ថ្លែងថា “យើងបានមើលឃើញ ហើយយើងក៏កំពុងស្ដាប់។ យើងត្រូវការសាមគ្គីភាពដើម្បីបង្កើតការផ្លាស់ប្ដូរ”។
កាលពីថ្ងៃទី2មិថុនា នាយករដ្ឋមន្ត្រី Trudeau របស់ប្រទេសកាណាដា បាននៅស្ងៀមរយៈពេលជាង20វិនាទីនៅពេលត្រូវបានសួរអំពីការដែលលោក Trump បញ្ជាឱ្យកងទ័ពបំបែកហ្វូងបាតុករ។ លោក Trudeau បង្ហាញទឹកមុខហាក់មិនសប្បាយចិត្តជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក ហើយចុងក្រោយលោកក៏បានសម្រេចចិត្តគេចចេញពីសំណួរនេះ។
នាយករដ្ឋមន្ត្រីកាណាដាថ្លែងថា “យើងទាំងអស់គ្នាកំពុងតាមដានអ្វីដែលកំពុងកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិកប្រកបដោយការរន្ធត់។ នេះគឺជាពេលដែលត្រូវទាញអ្នករាល់គ្នាឱ្យនៅជិតគ្នា ប៉ុន្តែក៏ជាពេលដែលត្រូវស្ដាប់។ នេះគឺជាពេលដែលត្រូវយល់អំពីអ្វីទៅដែលហៅថាអយុត្តិធម៌ ដែលបានកើតឡើងជាច្រើនឆ្នាំ ច្រើនទសវត្សរ៍កន្លងមក”៕
ប្រភព៖ សារព័ត៌មានបរទេស