មនុស្សរាប់រយនាក់បានចូលរួមពិធីបុណ្យសពនៅ Minneapolis ដើម្បីគោរព និងរំឭកវិញ្ញាណក្ខន្ធរបស់ George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់បានបាត់បង់ជីវិត ក្រោយពីត្រូវបានប៉ូលិសចាប់ខ្លួននិងសង្កត់ក9នាទី។
ពិធីបុណ្យសពរបស់ George Floyd ដែលមានអាយុ46ឆ្នាំ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី4មិថុនា នៅវិហាររបស់សាកលវិទ្យាល័យ North Central នាទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។ Philonise Floyd ដែលជាប្អូនប្រុសរបស់ George Floyd បាននិយាយថា គ្រួសាររបស់ពួកគេក្រីក្រ និងខ្វះខាតខ្លាំងណាស់។
Philonise Floyd ថ្លែងថា “ពិតជាអស្ចារ្យណាស់ដែលគាត់ (George Floyd) បានធ្វើឱ្យបេះដូងរបស់មនុស្សជាច្រើនញាប់ញ័រ”។ Philonise Floyd ពាក់អាវខ្មៅ ពាក់កាតដែលមានរូបបងប្រុសរបស់ខ្លួន រួមជាមួយនឹងអក្សរ “ខ្ញុំមិនអាចដកដង្ហើម” នៅលើអាវផងដែរ។
ពិធីបុណ្យសពនេះ តាមគម្រោងនឹងអូសបន្លាយរយៈពេល6ថ្ងៃ និងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Minnesota រដ្ឋ North Carolina និងរដ្ឋ Texas។ សពរបស់លោក Floyd នឹងត្រូវបានបញ្ចុះ នៅថ្ងៃទី9មិថុនាខាងមុខ។
Ben Crump ដែលជាមេធាវីរបស់គ្រួសារសពលោក Floyd ថ្លែងនៅក្នុងពិធីបុណ្យសពថា សកម្មភាពរបស់ប៉ូលិសកាលណោះគឺជាអំពើឃោរឃៅ។ “អ្វីដែលយើងបានឃើញក្នុងវីដេអូ គឺជាសកម្មភាពឃោរឃៅ។ ដូច្នេះ សហរដ្ឋអាមេរិក ដូចដែលយើងបានប្រកាសក្នុងពេលរំឭកវិញ្ញាណក្ខន្ធរបស់Georg Floyd យើងមិនអាចទទួលយកបានចំពោះអំពើកាចសាហាវនេះបានទេ។ យើងត្រូវធ្វើបាតុកម្មប្រឆាំងនឹងអំពើឃោរឃៅ។ យើងមិនត្រូវឃុបឃិតនឹងអំពើព្រៃផ្សៃ និងការធ្វើទារុណបែបនេះឡើយ”។
ការស្លាប់របស់ Floyd បានក្លាយជាស្នូលថ្មីនៃភាពអយុត្តិធម៌ ដែលប៉ូលិសប្រើប្រាស់អំពើហិង្សាហួសហេតុចំពោះជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក និងបានបង្កើតឱ្យមានបាតុកម្មជាច្រើនកើតឡើងពាសពេញទឹកដីសហរដ្ឋអាមេរិក។ បាតុកម្មនៅតែបន្តកើតឡើងក្នុងថ្ងៃទី4មិថុនា ប៉ុន្តែភាគច្រើនគឺជាបាតុកម្មសន្តិវិធី។
Derek Chauvin អាយុ44ឆ្នាំ ជាអ្នកដែលបានយកជង្គង់សង្កត់ករបស់ Floyd ដោយផ្ទាល់ ត្រូវបានបណ្ដេញចេញពីការងារ និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិត2។ កម្រិតនេះអាចធ្វើឱ្យ Derek Chauvin ជាប់ពន្ធនាគារ40ឆ្នាំ។ មិត្តរួមការងាររបស់ Derek ចំនួន3នាក់ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងករណីមនុស្សឃាតនេះ។ អតីតមន្ត្រីប៉ូលិសទាំងនេះ កំពុងប្រឈមនឹងទោសជាប់ពន្ធនាគារយូរបំផុតត្រឹមរយៈពេល40ឆ្នាំ។
នៅ New York ជាកន្លែងដែលមានករណីឆក់ប្លន់ជាច្រើនកើតឡើងក្នុងបាតុកម្មនានាកន្លងមក មានមនុស្សរាប់ពាន់នាក់បានចូលរួមរំឭកវិញ្ញាណក្ខន្ធរបស់ Floyd នៅឯសួន Brooklyn។ មនុស្សជាច្រើនបានលុតជង្គង់នៅលើស្មៅដើម្បីប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស ព្រមទាំងបាននាំគ្នាស្រែកថា “មិនមានយុត្តិធម៌ មិនមានសន្តិភាព”។
តំណាងរាស្ត្រ Hakeem Jeffries នៅ New York មកពីបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យពលរដ្ឋបន្តធ្វើបាតុកម្ម។ Hakeem Jeffries ថ្លែងថា សោកនាដកម្មដែលបានដាស់ស្មារតីរបស់មនុស្សមួយភាគធំនឹងនាំមកនូវការផ្លាស់ប្ដូរយូរអង្វែង។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr កាលពីថ្ងៃទី4មិថុនាបានឱ្យដឹងថា មានភ័ស្តុតាងបង្ហាញអំពីផលប្រយោជន៍របស់បរទេស និងក្រុមអ្នកអុជអាលជ្រុលនិយម មានជាប់ទាក់ទិននឹងចលនាឆ្វេងនិយម ដូចជា Antifa កំពុងដណ្ដើមការគ្រប់គ្រងបាតុកម្មនានានៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ មិនទាន់បានបង្ហាញ ឬបញ្ជាក់លម្អិតអំពីប្រការនេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស