ស្នាមរបួសមុតជ្រៅ កណ្ដាលដួងចិត្តជនអាមេរិកាំង…

អ្នកណាទៅនឹកដល់ថា សង្គមជនអាមេរិកាំង ត្រូវប្រឈមនឹងភាពជ្រួលច្របល់ ការចលាចល ដុតបំផ្លាញអគារហាង ផ្សារទំនើបផ្សេងៗ នៅក្នុងរាប់សិបទីក្រុងទូទាំងប្រទេស ចាប់ផ្ដើមពីការប្រមូលផ្ដុំគ្នាដើរក្បួនប្រឆាំងតវ៉ានៅក្នុងទីក្រុងមីននីសូតា ដោយសារតែការស្លាប់របស់ជនស្បែកខ្មៅ 1នាក់ ដោយសារទង្វើរបស់ប៉ូលិស 4នាក់។

ជនអាមេរិកាំង ត្រូវចងចាំឈ្មោះ ចច ហ្វ្លយដ៍ ជនរងគ្រោះដោយសារប៉ូលិសឃោរឃៅ ដេរេក ឆូវីន ដែលមានប្រវត្តិក្នុងការប្រើអំពើហិង្សាទៅលើប្រជាជនដោយអាវុធ និងការវាយតប់ រហូតត្រូវរងការប្ដឹងផ្ដល់ដល់ទៅ 17លើក ក្នុងស្ថានការណ៍ការចលាចលដែលមិនទាន់បញ្ចប់នៅឡើយក្នុងខណៈពេលនេះ បានសាងនូវភាពខូចខាតដ៏ច្រើនមហាសាល។

តើប៉ូលិស 3នាក់ទៀត នឹងត្រូវរងការដំណើរការរឿងក្ដីដែរឬទេ ក្រោយពីត្រូវបានបណ្ដេញចេញពីអង្គភាព? ម្នាក់នៅក្នុងចំណោមនោះ ជាកូនចៅជនជាតិម៉ុង នៅក្នុងប្រទេសឡាវ ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ជាមួយជនភៀសខ្លួនជាច្រើនម៉ឺននាក់ទៀត ក្រោយសង្គ្រាមក្នុងស្រុកនៅប្រទេសឡាវបានបញ្ចប់ទៅ។ ជនជាតិម៉ុង មានមេដឹកនាំម្នាក់ គឺលោកឧត្តមសេនីយ៍ វ៉ាង ប៉ៅ ដែលស៊ីឈ្នួល CIA ទៅប្រយុទ្ធជាមួយទាហានឡាវក្រហម និងវៀតណាម។

ភរិយារបស់ ឆូវីន ឈ្មោះ ខេលលី ក៏ជាស្ត្រីជនជាតិឡាវ នាងបានសុំប្ដឹងលែងលះភ្លាមៗ ក្រោយពីបានដឹងពីទង្វើរបស់ស្វាមី ដែលរូបភាពរបស់ ឆូវីន ប្រើជង្គង់សង្កត់បំពង់ករបស់ ហ្វ្លយដ៍ ដោយមិនបានរវីរវល់នឹងសំឡេងស្រែកសុំអង្វរឱ្យបានដកដង្ហើមរបស់ ហ្វ្លយដ៍ រហូតដល់សន្លប់បាត់ស្មារតី និងស្លាប់នៅពេលតមកនោះ បានក្លាយជាខ្សែបញ្ឆេះនៃក្ដីក្រេវក្រោធ និងគំនុំដ៏ខ្លាំងក្លា។

ត្រឹមតែការខូចខាតផ្នែកទ្រព្យសម្បត្តិពីការត្រូវបានបំផ្លិចបំផ្លាញ ដុតកម្ទេចចោល និងសម្រុកចូលប្លន់ដោយហ្វូងមនុស្សឆ្លៀតឱកាសបន្លំខ្លួនវាយទម្លាយហាង លួចទ្រព្យសម្បត្តិយ៉ាងមិនខ្វល់ខ្វាយអំពីច្បាប់នោះ គឺជារូបបែបនៃភាពអនាធិបតេយ្យពិតប្រាកដក្នុងប្រទេសមហាអំណាចលំដាប់លេខ1 របស់ពិភពលោកដែលលើកតម្កើងរបបប្រជាធិបតេយ្យ។

លទ្ធផលអវិជ្ជមានខាងសេដ្ឋកិច្ច នៅមិនទាន់រកច្រកចេញឃើញនៅឡើយពីការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 ឥឡូវថែមទាំងត្រូវមានស្នាមរបួសក្នុងដួងចិត្តរ៉ាំរ៉ៃ ពាក់ព័ន្ធនឹងការរើសអើសពូជសាសន៍ពណ៌សម្បុរជាច្រើនរយឆ្នាំទៀត និងគ្មានថ្ងៃនឹងបញ្ចប់…។

ជនអាមេរិកាំងជាង 300លាននាក់ ប្រហែលជាស្រឡាំងកាំង នៅពេលមើលឃើញសភាវការគ្មានច្បាប់ទម្លាប់ទាំងនោះ និងប្រហែលជាសួរខ្លួនឯងថា តើហេតុអ្វី បានហេតុការណ៍បែបនេះកើតឡើង និងរាលដាលទៅទូទាំងប្រទេសក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃបែបនេះទៅកើត? និងតើវានឹងចប់បែបណា?

ការធ្វើបាតុកម្មតវ៉ាដោយសន្តិភាព បានក្លាយជាការប្រើអំពើហិង្សា និងត្រូវបានឆ្លើយតបទៅវិញដោយអំពើហិង្សា…ប៉ូលិស និងអាជ្ញាធរពីអង្គភាពផ្សេងៗទៀត បានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ វាយដោយដំបង និងវិធានការដទៃទៀត។ ឈាមក្បាល បាក់ដៃបាក់ជើង អ្នកឆ្លៀតឱកាសលួចប្លន់ និងអ្នកប្រើអំពើហិង្សាជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន។

ជាស្នាមរបួសមុតជ្រៅក្នុងប្រវត្តិសាស្ត្រនៃការរើសអើសពូជសាសន៍ពណ៌សម្បុរ…ជនស្បែកខ្មៅត្រូវរងការប្រតិបត្តិយ៉ាងឃោរឃៅ។

ការដើរក្បួនបាតុកម្មតវ៉ា បង្កការចលាចលទូទាំងប្រទេសកម្រិតនេះ មិនបានកើតមានឡើងញឹកញាប់ឡើយ។ ក្នុងករណីរបស់ប៉ូលិស 4នាក់មិនបានរងទោសទណ្ឌអ្វីសោះ ក្រោយពីបានវាយសង្គ្រប់ទៅលើលោក រ៉ត់នីយ៍ ឃីង នៅក្នុងទីក្រុសឡូសអ៊ែនជើលេស ក្នុងឆ្នាំ1992 បានធ្វើឱ្យកើតចលាចលប្រមាណជា 2ខែ តែ ក៏នៅតែមិនរីករាលដាលទូទាំងប្រទេស ដូចគ្រានេះដែរ។

កាលពីពេលមុនហ្នឹងទៀត ក្នុងឆ្នាំ1968 មានការដើរក្បួនបាតុកម្មប្រឆាំងសង្គ្រាមវៀតណាមយូររាប់ខែ ក៏គ្មានផលប៉ះពាល់រឿងពណ៌សម្បុរដែរ ទោះជាមានការចោទប្រកាន់ថា កងទាហានដែលបញ្ជូនទៅធ្វើសង្គ្រាមនោះ មានជនស្បែកខ្មៅ និងស្បែកពណ៌ផ្សេងទៀត ច្រើនជាងជនស្បែកសក៏ដោយ តែប្រធានបទចម្បងរបស់ការប្រឆាំងនៅពេលនោះគឺ នយោបាយរបស់រដ្ឋបាលដែលទៅពាក់ព័ន្ធនឹងវៀតណាម។

ទាំង 2ហេតុការណ៍នេះ បានធ្វើឱ្យរដ្ឋាភិបាលក្នុងខណៈពេលនោះ បានប្រកាសប្រើច្បាប់រក្សាភាពស្ងប់ស្ងាត់ ដែលធ្លាប់បានចាប់ផ្ដើមកាលពីឆ្នាំ1807 ដើម្បីចាត់ការភាពច្របូលច្របល់ គឺជាច្បាប់ដូចគ្នានឹងច្បាប់ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បច្ចុប្បន្នកំពុងគំរាមថា នឹងប្រើឡើងវិញម្ដងទៀត ដើម្បីចាត់ការភាពអសន្តិសុខក្នុងគ្រានេះ បើសិនជានៅមិនទាន់បញ្ឈប់ និងនៅពេលអភិបាលរដ្ឋផ្សេងៗ ទប់លែងឈ្នះ។

ច្បាប់នេះ បានផ្ដល់អំណាចដល់ប្រធានាធិបតី ឱ្យបញ្ជាទៅកងទ័ព បញ្ជូនទាហានចូលទៅរក្សាភាពស្ងប់ស្ងាត់ ដែលអាចនិយាយបានថា ជាសភាវមិនប្រក្រតី តែគ្រានេះ បានទទួលការទិតៀនពីមេដឹកនាំអង្គភាពយោធាថា នៅមិនទាន់ចាំបាច់នៅឡើយ និងអភិបាលរដ្ឋផ្សេងៗ ក៏មិនយល់ស្របដែរ ព្រោះយល់ឃើញថា លោកត្រាំ ត្រូវការបង្វែរចំណុចទទួលខុសត្រូវ។

លោក ត្រាំ បាក់មុខខ្លាំងណាស់ ព្រោះគិតចង់ធ្វើអ្វី ក៏សុទ្ធតែបរាជ័យ តាំងពីការចាត់ការរឿងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដែលធ្វើឱ្យពលរដ្ឋអាមេរិកាំងឆ្លងមេរោគមួយនេះរហូតដល់ជិត 2លាននាក់ និងមានអ្នកស្លាប់ជិត 1.2សែននាក់ ហើយការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដែលរ៉ាំរ៉ៃ មួយ អាចនឹងធ្វើឱ្យកើតការឆ្លងរាលដាលនៃមេរោគនេះជាថ្មី ដែលពិបាកនឹងចាត់ការមិនខាន។

អំពើហិង្សា បានរីករាលដាលក្លាយជារង្វង់ធំក្នុងគ្រានេះ ដោយសារតែប្រជាជនបានទទួលរងសម្ពាធពីបញ្ហាសេដ្ឋកិច្ច មនុស្សគ្មានការងារធ្វើជាង 40លាននាក់ និងនៅមិនទាន់មានសញ្ញាណាមួយថា វានឹងចប់នៅពេលណា? ធ្វើឱ្យក្លាយជាវិបត្តិជាន់លើវិបត្តិ ធ្វើឱ្យមេដឹកនាំសេតវិមាន ដើរទៅមុខលែងរួច បាត់បង់អស់សភាពគួរឱ្យគោរពជឿជាក់ក្នុងភាពជាអ្នកដឹកនាំ។

អំពើហិង្សាយូរជាង 9ថ្ងៃនេះ លោកត្រាំ ក៏នៅមិនទាន់មានឥរិយាបថណាមួយថា នឹងចាត់ការយ៉ាងណានៅឡើយ? ចង់ប្រើទាហានចេញមកបង្ក្រាបដើម្បីរក្សាភាពស្ងប់ស្ងាត់សុវត្ថិភាព អាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងជាងមុនទៅទៀត។

អ្វីដែលគួរឱ្យខ្មាស់អៀនបំផុតសម្រាប់ខ្លួនលោក ត្រាំ គឺការគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ រឹតតែពេលនាំយកករណីរបស់ទីក្រុងហុងកុង មកប្រៀបធៀបជាមួយទៀតផងនោះ លោកត្រាំ រឹតតែក្លាយជាមុខសញ្ញានៃការសើចចំអកឡកឡាយដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន 2-3លើក ធ្វើឱ្យលោកត្រាំស្ទើរតែក្អួតឈាម…។

រឹតតែមានព័ត៌មានថា អំឡុងពេលមានក្រុមបាតុករមកផ្ដុំគ្នានៅមុខសេតវិមាន មានការប៉ះទង្គិចគ្នាជាមួយអង្គភាពរក្សាសន្តិសុខសុវត្ថិភាពផងនោះ លោកត្រាំ និងក្រុមគ្រួសារត្រូវបាននាំខ្លួនចូលទៅពួននៅក្នុងលេណដ្ឋានបង់គើរសុវត្ថិភាពក្រោមដី ដល់ទៅជិត 1ម៉ោង ធ្វើឱ្យបាក់មុខយ៉ាងខ្លាំង និងត្រូវបានគេមើលឃើញថា ជាមេដឹកនាំ “មាត់ហ៊ាន តែជើងញ័រ” ហើយបន្ទាប់ពីនោះមក បានសម្ងំខ្លួននៅតែក្នុងសេតវិមាន។

បន្ទាប់ពីនោះមក លោកត្រាំ បានព្យាយាមបញ្ចេញក្បាច់ថ្មី មានអ្នកបញ្ជាឱ្យអាជ្ញាធររំលាយក្រុមបាតុករនៅមុខសេតវិមាន បាញ់ឧស្ម័នបង្ហូរទឹកភ្នែកបណ្ដេញ ដើម្បីបើកផ្លូវឱ្យលោកត្រាំ និងក្រុមមន្ត្រីជាន់ខ្ពស់ដែលមានសុទ្ធតែអ្នកស្បែកសទាំងអស់ បានធ្វើដំណើរទៅព្រះវិហារក្នុងសួនច្បារសាធារណៈ ឡាហ្វាយែត ទៅឈរកាន់ព្រះគម្ពីប៊ីប ឱ្យជាងថតរូប បង្ហាញពីភាពក្លាហាន។

ធ្វើឱ្យក្រុមបព្វជិតទាំងឡាយមិនសប្បាយចិត្ត ព្រោះការយកព្រះគម្ពីប៊ីប មកកាន់បង្ហាញដោយមិនបានអាន បើកចុះបើកឡើង ធ្វើរាងសង្ហានោះ មិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងឡើយ។ ឯប្រជាជន ក៏ខឹងក្រេវក្រោធខ្លាំង ព្រោះត្រូវអាជ្ញាធរបណ្ដេញចេញ ដើម្បីឱ្យលោកត្រាំបានទៅឈរបង្ហាញរាង និងប្រកាសថា ខ្លួនឯងជាប្រធានាធិបតីដែលជាតំណាងរបស់ច្បាប់។

ពលរដ្ឋអាមេរិកាំង រស់នៅក្នុងសង្គមដែលនិយមការប្រើប្រាស់អាវុធក៏ពិតមែន តែនៅមិនទាន់មានការដឹកជញ្ជូនអាវុធ យកចេញមកដេញបាញ់ប្រហារគ្នា រហូតក្លាយជាសង្គ្រាមក្នុងស្រុកនៅឡើយទេ មានត្រឹមតែការដុតបំផ្លាញ លួចប្លន់ទ្រព្យសម្បត្តិប៉ុណ្ណោះ និងធ្វើឱ្យពលរដ្ឋអាមេរិកាំងមានអារម្មណ៍ថា ស្រុកទេសហាក់ដូចជាគ្មានច្បាប់ លទ្ធផលចុងក្រោយ ម្ចាស់មុខជំនួញនីមួយៗ ត្រូវតែទទួលយកការខូចខាតទាំងអស់នោះដោយខ្លួនឯង។

ក្រុមហ៊ុនធានារ៉ាប់រង នឹងធានាខុសត្រូវសងឱ្យមកវិញក្នុងករណីមានការចលាចលបែបនេះ ឬយ៉ាងណា? វាស្រេចតែលើលក្ខខណ្ឌ ព្រោះនោះជារឿងលុយកាក់ តែរឿងរបស់ស្នាមរបួសមុតជ្រៅក្នុងដួងចិត្ត និងអារម្មណ៍វិញនោះ ត្រូវប្រើពេលវេលាយូរតទៅទៀត ទម្រាំនឹងបានធូរស្រាល…៕

ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា