រដ្ឋធានីវ៉ាស៊ីងតោននៃសហរដ្ឋអាមេរិក កំពុងតែបង្ហាញវត្តមានរបស់ទាហានរាប់ពាន់នាក់ រួមនឹងគ្រឿងសព្វាវុធយោធាជាច្រើន ដែលដាក់ពង្រាយនៅតាមតំបន់នានា ក្នុងបំណងគ្រប់គ្រងស្ថានការណ៍កុបកម្មដែលកើតឡើងក្រោយពីការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd។
ក្រោយរយៈពេល5ថ្ងៃនៃការកើតមានបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីងតោនដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះស្បែកខ្មៅឈ្មោះ Floyd ដែលត្រូវបានប៉ូលីសចាប់ខ្លួន និងសង្កត់ករហូតដល់ស្លាប់នៅឯរដ្ឋ Minnesota លោក ប្រធានាធិបតី Donald Trump បានចាប់ផ្ដើមបង្ហាញសាច់ដុំដែលហាក់ដូចមិនធ្លាប់មានពីមុនមក ដោយមានការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅទីក្រុងវ៉ាស៊ីតោន ខណៈដែលមានកុបកម្ម និងការឆក់ប្លន់មួយចំនួនបានកើតឡើង។
យន្តហោះឈ្លបយកការណ៍ RC-26B របស់កងកម្លាំងការពារជាតិ បានបង្ហាញខ្លួននៅទីក្រុងវ៉ាស៊ីងតោនកាលពីព្រលប់ថ្ងៃទី2មិថុនា។ ចំណែកឧទ្ធម្ភាគចក្រ Bell 412 ដែលមានជំនាញខាង “ហិតក្លិន” ចំហាយវិទ្យុសកម្មនុយក្លេអែរ ក៏ត្រូវបានបញ្ជូនមកកាន់រដ្ឋធានីផងដែរ ដែលប្រការនេះបង្ហាញថា រដ្ឋាភិបាលអាមេរិកាំង មានការព្រួយបារម្ភខ្លាំងចំពោះបាតុកម្ម និងកុបកម្មដែលអាចនាំឱ្យមានអំពើភេរវកម្ម។ល។
ព័ត៌មានមួយចំនួនដែលមិនទាន់ត្រូវបានបញ្ជាក់ប្រភពច្បាស់លាស់នៅលើបណ្ដាញសង្គមបានបង្ហើបឱ្យដឹងអំពីសកម្មភាពរបស់យន្តហោះគ្មានមនុស្សបើកនៅវ៉ាស៊ីងតោន។ កាលពីថ្ងៃទី3មិថុនា ក្រុមអ្នកតាមដានបានឃើញយន្តហោះយោធា V-22 Osprey របស់កងម៉ារីនសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនទ័ព។
ក្នុងរយៈពេល2ថ្ងៃ ចាប់ពីថ្ងៃទី30 និង31 ខែឧសភា ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលីសបានកើតឡើងជាហូរហែ នាំឱ្យសមត្ថកិច្ចប្រើប្រាស់គ្រាប់បែកបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុក។ កងទ័ពក្នុងតំបន់ក៏ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ប៉ូលីសក្រុងវ៉ាស៊ីងតោន។
អំពើឆក់ប្លន់ ការលួចទ្រព្យសម្បត្តិ និងកុបកម្មបានកើតឡើងនៅពេលយប់ ធ្វើឱ្យអាជ្ញាធរត្រូវដាក់បម្រាមគោចរ និងបញ្ចេញឆ្មាំការពារជាតិនៅវ៉ាស៊ីងតោន។
ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពបាតុកម្ម បានកើតឡើងភាគច្រើនគឺដោយសន្តិវិធី។ ការហែក្បួនដ៏ធំនៅយប់ថ្ងៃទី2មិថុនាបានបំពានបម្រាមគោចរ19ម៉ោង ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងនោះទេ។
ប្រធានាធិបតីសហេរដ្ឋអាមេរិកកាលពីថ្ងៃទី1មិថុនា បានប្រកាសថា កំពុងបញ្ជូនទាហានរាប់ពាន់នាក់មកកាន់ទីក្រុងវ៉ាស៊ីងតោនដើម្បីបង្រាបបាតុករ។ លោក Trump ក៏បានគំរាមថានឹងបញ្ជូនកងទ័ពទៅកាន់រដ្ឋទាំងឡាយណាដែលបានបដិសេធមិនប្រើប្រាស់ឆ្មាំការពារជាតិ។
កាលពីម្សិលមិញ (3មិថុនា) ទាហានប្រមាណជា3,000នាក់បានបង្ហាញវត្តមាននៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន ក្នុងនោះមានកងកម្លាំងឆ្មាំការពារជាតិរបស់រដ្ឋធានីចំនួន1,300នាក់ និង2,300នាក់ទៀតត្រូវបានបញ្ជូនមកពីបណ្ដារដ្ឋផ្សេងៗ។ CNN ដកស្រង់សម្ដីរបស់មន្ត្រីការពារជាតិម្នាក់ឱ្យដឹងថា ទាហានប្រមាណ 1,300នាក់ផ្សេងទៀតនឹងត្រូវបានបញ្ជូនពីកងពលធំទ័ពអាកាសលេខ82 តាមគម្រោងនឹងត្រូវដាក់ពង្រាយនាប៉ុន្មានថ្ងៃខាងមុខ។
យោងតាមអភិបាលរដ្ឋវ៉ាស៊ីងតោន លោកស្រី Muriel Bowser ទាហានទាំងនោះអាចប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ដំបងឆក់ និងស្លៀកពាក់ឈុតការពារកុបកម្មក្នុងពេលធ្វើសកម្មភាពដើម្បីគ្រប់គ្រងរដ្ឋធានី ប៉ុន្តែ ពួកគេនឹងមិនត្រូវបានបំពាក់គ្រាប់ពិតនោះទេ។ ប៉ុន្តែ កាលពីថ្ងៃទី3មិថុនា សារព័ត៌មាន Star and Stripes ដកស្រង់សម្ដីរបស់មន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឱ្យដឹងថា ទាហានមួយចំនួនបានយកកាំភ្លើងតាមខ្លួនពេលបំពេញភារកិច្ច។
ទាហានដែលត្រូវបានកែននៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថា មានចំនួន67,000នាក់ ប្រហាក់ប្រហែលនឹងទាហានដែលត្រូវបានដាក់ពង្រាយដើម្បីបញ្ចប់កុបកម្មដែលបានកើតឡើងក្រោយការធ្វើឃាតអាចារ្យ Martin Luther King Jr. កាលពីឆ្នាំ1968។
ចាប់ពីថ្ងៃទី29ឧសភា បាតុករជាង400នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីងតោន ខណៈនៅទូទាំងប្រទស មានបាតុករជាង9,300នាក់ត្រូវបានចាប់ខ្លួន៕
ប្រភព៖ សារព័ត៌មានបរទេស