តាមរយៈហេតុការណ៍ដែល ចច ហ្វ្លយដ៍ (George Floyd) បុរសស្បែកខ្មៅ ត្រូវ ដេរេក ឆូវីន (Derek Chauvin) ប៉ូលិសស្បែកស ប្រើជង្គង់សង្កត់ក ខណៈចាប់ឃុំខ្លួនអស់រយៈពេលជាច្រើននាទី រហូតដល់ស្លាប់កាលពីថ្ងៃទី25 ឧសភាកន្លងទៅនោះ បើទោះជាប៉ូលិសរូបនោះត្រូវបានបណ្ដេញចេញពីអង្គភាព និងត្រូវបានចោទប្រកាន់ពីបទឃាតកម្មទៅហើយក្ដី តែទោសទណ្ឌ នឹងធ្ងន់ ឬក៏ស្រាលយ៉ាងណានោះ វាមានចំណុចសង្កេតដែលអាចមានផលដល់រឿងក្ដីដែលកើតឡើងនេះបាន។
ម៉ាយ៉ា សានតាម៉ារៀ (Maya Santamaria) ស្ត្រីម្ចាស់ហាង អេល នូអេវ៉ូ រ៉ូដេអូ (El Nuevo Rodeo) ណៃត៍ក្លិបល្បីល្បាញក្នុងក្រុមពួកអាមេរិកឡាទីន ដែលស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុង មីននីអាប៉ូលិស រដ្ឋមីននីសូតា (Minneapolis, Minnesota) សហរដ្ឋអាមេរិក បានឱ្យដឹងថា ទាំង 2នាក់នោះ(ហ្វ្លយ និង ដេរេក) ធ្លាប់ធ្វើការជាសន្តិសុខ នៅក្នុងណៃត៍ក្លិបរបស់អ្នកស្រីជាមួយគ្នា ដោយដេរេក ធ្វើយូរមកហើយ ប្រហែលជា 17ឆ្នាំ ជាមេក្រុមរបស់ពួកប៉ូលិសដែលមកមើលការខុសត្រូវណៃត៍ក្លិប ខណៈដែល ហ្វ្លយ មានការងារផ្សេងទៀតស្រាប់ហើយនោះ តែងតែត្រូវបានហៅមកជួយធ្វើអន្តរាគមន៍ជាមួយកម្លាំងសន្តិសុខ បែបម្ដងម្កាល ពេលមានពិធីធំៗជាមួយគ្នាយ៉ាងតិចណាស់ក៏ជាង 10ដងដែរ ដោយកាលពីឆ្នាំកន្លងទៅ(2019) ក៏នៅតែធ្វើនៅឡើយ ទើបតែមកផ្អាក ក្នុងអំឡុងពេលមានវីរុសកូរ៉ូណាឆ្លងរាលដាលហ្នឹងឯង។
អ្នកស្រីបានបង្ហើបឱ្យដឹងទៀតថា ដេរេក ត្រូវគ្នាណាស់ជាមួយពួកអតិថិជនអាមេរិកឡាទីន តែបើអតិថិជនដែលបង្កបញ្ហានោះជាជនស្បែកខ្មៅវិញ គឺច្រើនតែមានអំពើហិង្សាខ្លាំងក្លាកើតឡើងជាញឹកញាប់មិនខាន។ ទោះជាអ្នកស្រីមិនអាចអះអាងបានថា ទាំង 2នាក់នោះ ស្គាល់គ្នា ឬអត់ក៏ដោយ តែខ្ញុំ(អ្នកសរសេរ)ក៏គិតថា រឿងនេះ វាអាចមានអាថ៌កំបាំងអ្វីម្យ៉ាងជ្រៅជាងយើងគិតទៅទៀត ដែលបើសិនជា ដេរេក ធ្លាប់ស្គាល់ ហើយធ្លាប់ស្អប់មុខ ហ្វ្លយដ៍ ពីមុនមកផងនោះ ការកាត់ក្ដីករណីដែលជាដើមហេតុបណ្ដាលឱ្យ ហ្វ្លយដ៍ ស្លាប់នោះ ប្រហែលជាមានទោសធ្ងន់ជាងអ្នកណាៗ គិតទៅទៀតយ៉ាងពិតប្រាកដ។ រឹតតែសាកល្បងពិចារណាមើលពីទិដ្ឋភាព ខណៈដែល ដេរេក យកជង្គង់សង្កត់ក ហ្វ្លយដ៍ ឱ្យបានច្បាស់ៗផងនោះ យើងនឹងមើលឃើញថា គេកំពុងតែសម្លឹងមើលជនរងគ្រោះក្នុងអារម្មណ៍ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ និងយកដៃឆ្វេងលូកហោប៉ាវខោទៀតផង។ ទិដ្ឋភាពនេះ បង្ហាញឱ្យឃើញពីភាពឈាមត្រជាក់របស់ប៉ូលិសម្នាក់នេះបានយ៉ាងច្បាស់ក្រឡែត។
ករណីការស្លាប់របស់ ចច ហ្វ្លយដ៍ ត្រូវបានមើលឃើញថា ជាការរើសអើងជាតិសាសន៍ពណ៌សម្បុរ ដែលសាងក្ដីមិនពេញចិត្តយ៉ាងខ្លាំង និងយ៉ាងទូលំទូលាយ។ មនុស្សម្នាបាននាំគ្នាចេញមកតាមដងផ្លូវ រហូតរាលដាលទៅក្នុងទីក្រុងជាច្រើនទៀត មានការបំផ្លិចបំផ្លាញទព្យសម្បត្តិ ហាងលក់ទំនិញ និងឆ្លៀតឱកាសឆក់ប្លន់ទៀតផងក៏មាន។ តែយ៉ាងណាក៏ដោយ ជនល្បីឈ្មោះជាច្រើនមកពីពិភពសិល្បៈ អ្នកចម្រៀង តារាសម្ដែង និងពិភពកីឡា កីឡាករតឺនីស កីឡាករបាល់ទាត់-ល- បាននាំគ្នាចេញមករួមបង្ហាញពីកម្លាំងនៃការមិនយល់ស្របចំពោះការរើសអើងពូជសាសន៍ពណ៌សម្បុរលើកនេះ ហើយ EYE ON SPORTS ក្នុងឋានៈជាអត្ថបទដែលពាក់ព័ន្ធនឹងរឿងគ្រប់យ៉ាងនៃជីវិតតាមរយៈកីឡា ដែលតែងតែមានរឿងរ៉ាវទាក់ទិននឹងនយោបាយជាញឹកញាប់នោះ ក៏សូមរួមកម្លាំងតវ៉ាទាមទារ សម្ដែងការមិនយល់ស្របចំពោះការរើសអើងពណ៌សម្បុរក្នុងគ្រានេះមួយចំណែកដែរ។
កាលពីអតីតកាល ក្នុងពិភពកីឡា ក៏ធ្លាប់មានការបង្ហាញកម្លាំងតតាំងនឹងការរើសអើងពូជសាសន៍ពណ៌សម្បុរនេះដែរ ខ្ញុំសូមថយត្រឡប់ទៅក្នុងហេតុការណ៍ការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នាំ1968 ដែលទីក្រុងមិកស៊ីកូ ស៊ីធី ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ ដែលនៅយុគសម័យនោះ បញ្ហាការរើសអើងពណ៌សម្បុរនៅមានច្រើនណាស់នៅក្នុងសហរដ្ឋអាមេរិក។ នាពេលព្រឹកនៃថ្ងៃទី16 តុលា ឆ្នាំ1968នោះ គឺជាការប្រកួតកីឡារត់ប្រណាំង 200ម៉ែត្រ ផ្ដាច់ព្រ័ត្រផ្នែកបុរស ដែលលទ្ធផលបានបង្ហាញថា អត្តពលិកស្បែកខ្មៅរបស់សហរដ្ឋអាមេរិកបានឡើងទទួលពានរង្វាន់ដល់ទៅ 2នាក់ ដោយ ថមមី ស្ម៊ីត(Tommy Smith) បានមកដល់ទីមុនគេ ក្នុងរយៈពេល 19.83វិនាទី បំបែកឯកទគ្គកម្មពិភពលោក។ កីឡាករ ភីធើរ ណ័រមែន (Peter Norman) មកពីអូស្ត្រាលី មកដល់ទីលំដាប់ទី2 ដោយប្រើរយៈពេល 20.06វិនាទី និង ចន ខាឡូស (John Carlos) កីឡាករស្បែកខ្មៅរបស់សហរដ្ឋអាមេរិកម្នាក់ទៀត តាមមកដល់ទីលំដាប់លេខ3 ដោយប្រើពេល 20.10វិនាទី។
ពេលឡើងទទួលពានរង្វាន់ ទាំង 3នាក់ សុទ្ធតែមានពាក់និមិត្តសញ្ញានៃការលើកតម្កើងសិទ្ធិមនុស្សរបស់អូឡាំពិក(Olympic Project for Human Rigths)នាសម័យនោះទាំងអស់ តែអ្វីដែលពិសេសនោះគឺ អត្តពលិកស្បែកខ្មៅរបស់សហរដ្ឋអាមេរិកទាំង 2នាក់ បានណាត់គ្នាសម្ដែងនិមិត្តសញ្ញាដើម្បីបង្ហាញអំពីកម្លាំងរបស់ជនស្បែកខ្មៅ ដោយទាំង 2នាក់មិនពាក់ស្បែកជើង តែពាក់ស្រោមជើងពណ៌ខ្មៅ ដែលបង្ហាញពីភាពទីទ័លក្ររបស់ជនស្បែកខ្មៅ។ ថមមី មានកន្សែងបង់កពណ៌ខ្មៅ បង្ហាញពី ក្ដីមោទនភាពរបស់ជនស្បែកខ្មៅដែលហៅថា ប្ល៊ែក ផ្រាយដ៍ (Black Pride) ខណៈដែល ចន បានដោះឡេវអាវក្រៅរបស់គេ ដែលនេះជានិមិត្តសញ្ញា បង្ហាញពីភាពរួមគ្នាជាធ្លុងមួយរបស់ជនវណ្ណៈកម្មករនៅក្នុងសហរដ្ឋអាមេរិក និងពាក់ខ្សែអង្កាំ ឧទ្ទិសដល់ជនស្បែកខ្មៅដែលត្រូវបានធ្វើបាប ឬសម្លាប់ រួមទាំងពួកដែលត្រូវបានចាប់បោះទម្លាក់ទៅក្នុងសមុទ្រ ក្នុងយុគសម័យដេញចាប់ជនស្បែកខ្មៅយកមកធ្វើជាទាសករ។
ការពិត អត្តពលិកស្បែកខ្មៅរបស់អាមេរិកទាំង 2នាក់ បានណាត់គ្នាពាក់ស្រោមដៃពណ៌ខ្មៅ ដែលជានិមិត្តសញ្ញាបង្ហាញពីកម្លាំងរបស់ជនស្បែកខ្មៅ ដែលហៅថា ប្ល៊ែក ផៅវើរ (Black Power) ជាទង្វើដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ក្នុងយុគទសវត្សរ៍ទី60 ដែលសង្កត់ធ្ងន់លើការរួមកម្លាំងគ្នាតស៊ូ ដើម្បីផលប្រយោជន៍របស់ជនជាតិស្បែកខ្មៅ…តែ ចន បែរជាភ្លេចពាក់ស្រោមដៃចេញមក ពេលនោះ ភីធើរ (កីឡាកររបស់អូស្ត្រាលីដែលឡើងទទួលរង្វាន់លេខ2) ក៏ណែនាំឱ្យ ថមមី ចែករំលែកស្រោមដៃខាងឆ្វេងទៅឱ្យ ចន ពាក់ផង។ នេះហើយ ជាដើមហេតុដែលធ្វើឱ្យមានរូបភាពអត្តពលិកសហរដ្ឋអាមេរិក ខណៈឡើងទទួលពានរង្វាន់ បង្ហាញពីការពាក់ស្រោមដៃម្នាក់ម្ខាង ឈរឱនមុខ និងលើកកណ្ដាប់ដៃឡើងម្នាក់ម្ខាងនៅលើក្ដារចំណាត់ថ្នាក់នោះឯង។ លទ្ធផលនៃការសម្ដែងនិមិត្តសញ្ញាក្នុងគ្រានោះ បានធ្វើឱ្យអត្តពលិកសហរដ្ឋអាមេរិកទាំង 2នាក់ ត្រូវគេបង្ខំឱ្យចាកចេញកន្លែងស្នាក់នៅរបស់អ្នកកីឡា និងថែមទាំងត្រូវបញ្ជាឱ្យប្រគល់ពានរង្វាន់នោះ ទៅឱ្យគណៈកម្មការអូឡាំពិកវិញទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា