Skip to content

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​

Mark Esper បាន​ធ្វើ​ការ​ជំទាស់​ទៅនឹង​ការ​អនុវត្ត​ច្បាប់​​ប្រឆាំង​កុបកម្ម​ (Anti-Riot Act) ដែល​ប្រើ​ប្រាស់​កង​​ទ័ព​ដើម្បី​បំបែក​ហ្វូង​បាតុករនៅ​ទូទាំង​ប្រទេស​។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក Mark Esper ថ្លែង​ថា យុទ្ធ​សាស្ត្រ​ដាក់​ពង្រាយ​កង​ទ័ព​សម្រាប់​ការ​អនុវត្ត​ច្បាប់​​នានា​ គួរ​ប្រើ​ប្រាស់​តែ​នៅ​ក្នុង​ “ករណី​បន្ទាន់​ និង​ធ្ងន់​ធ្ងរ​បំផុត​ប៉ុណ្ណោះ​”។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​រូប​នេះ​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួន​នៅ​រដ្ឋធានី​វ៉ាស៊ីង​តោន​កាល​ពីថ្ងៃទី​3​មិថុនា​ថា “យើង​មិន​មែន​ស្ថិត​នៅក្នុង​ស្ថាន​ភាព​ដូច្នេះ​ទេ​។ ខ្ញុំ​មិន​គាំទ្រ​ការ​ប្រើ​ច្បាប់​ប្រឆាំង​កុប​កម្ម​នោះ​ឡើយ​”។

ដើម្បី​អាច​ដាក់​ពង្រាយ​កង​ទ័ព​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​បំណង​អនុវត្ត​ច្បាប់​អ្វី​មួយ​ លោក Trump ត្រូវ​តែ​ធ្វើ​ឱ្យ​ច្បាប់​ប្រឆាំង​កុបកម្ម​​ឆ្នាំ​1807​ ដំណើរ​ការ​ឡើង​វិញ​ ដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​1992​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​កុបកម្ម​នៅ​ Los Angeles។

លោក Trump កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ថ្លែង​ថា​ លោក​អាច​ប្រើ​ប្រាស់​កង​ទ័ព​ដើម្បី​ទប់​ទល់​នឹងកុបកម្ម​នៅ​ក្នុង​បណ្ដា​ទីក្រុង​​ ប៉ុន្តែ លោក​មិន​ទាន់​បាន​ធ្វើ​ឱ្យ​ច្បាប់​ប្រឆាំង​កុបកម្ម​​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​។ ទាហាន​ចំនួន​1,600​នាក់​បាន​បោះ​ជំរំ​នៅ​ខាង​ក្រៅ​រដ្ឋ​ធានីវ៉ាស៊ីង​តោន​ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចូល​ធ្វើ​អន្តរាគមន៍​​ក្នុង​រដ្ឋធានី​​បើ​សិនជា​​ចាំបាច់​។

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​
លោក Mark Esper រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ជំទាស់​ការ​ប្រើ​កង​ទ័ព​​បំបែក​បាតុកម្ម​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ លោក Mark Esper បាន​រិះគន់​ខ្លាំង​ៗ​ទៅលើ​សកម្ម​ភាព​របស់​ប៉ូលិស​ក្រុង​ Minneapolis ដែល​បាន​ធ្វើ​ឱ្យ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ឈ្មោះ Floyd ស្លាប់​កាល​ពីថ្ងៃទី​25​ឧសភា ដោយ​ការ​ប្រើ​ជង្គង់​សង្កត់​ក​ នៅក្នុង​ពេល​ចាប់​ខ្លួន​ជន​រង​គ្រោះនេះ​​​។ លោក Mark Esper បាន​ហៅ​អំពើ​នេះ​ថា​ជា​​ “អំពើ​មនុស្ស​ឃាត” និង​ជា “ឧក្រិដ្ឋកម្ម​ដ៏​សាហាវ”។

បាតុកម្ម​ទាមទារ​យុត្តិ​ធម៌​ជូន​សព​លោក​ Floyd ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ជាង​140​​នៅ​សហរដ្ឋ​អាមេរិក​។ ក្រុម​ជ្រុល​និយម​ និង​ក្រុម​ឱកាស​និយម​មួយ​ចំនួន​ បាន​ប្រើ​ប្រាស់​​ហេតុ​ការណ៍​នេះ​ដើម្បី​ឆក់​ប្លន់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ឯកជន​។ ទីក្រុង​យ៉ាង​តិច​40 ត្រូវ​បាន​ដាក់​បម្រាម​គោចរ​ដើម្បី​ទប់​ទល់​នឹង​កុបកម្ម​។ ទាហាន​ការ​ពារ​ជាតិ​ជាង​20,000​នាក់​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​​ដើម្បី​ជួយ​ដល់​កង​កម្លាំង​នគរ​បាល​ក្នុងការ​អនុវត្ត​ច្បាប់​នៅ​វ៉ាស៊ីងតោន​ និង​28​រដ្ឋ​ផ្សេង​ទៀត​​ផងដែរ​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Leave a Reply

Your email address will not be published. Required fields are marked *