Skip to content

មិត្ត​របស់ George Floyd​ ស្រែក​ថា “យើង​នឹង​ហែក​កម្ទេច​ប្រព័ន្ធ​នេះ​ពី​ក្រៅ​ទៅក្នុង​” ខណៈ​មនុស្ស​ 60,000​នាក់​ ប្រមូល​ផ្ដុំ​គ្នា​ ​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​

ទីក្រុង​ Houston​ ដែលជា​ទីកំណើត​របស់ George Floyd បាន​ប្រារព្ធ​ពិធី​ហែក្បួន​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​បុរស​ស្បែក​ខ្មៅ​​ដែល​ត្រូវ​បាន​ប៉ូលិស​សង្កត់​ក​ស្លាប់​​កាល​​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ 60,000​នាក់​។

ពិធី​ហែ​ក្បួន​​រំឭក​ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ George Floyd ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Houston រដ្ឋ​ Texas កាលពី​ថ្ងៃទី2​មិថុនា​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សិល្បករ​ល្បី​ឈ្មោះ​ក្នុង​តំបន់​ នោះ​គឺ​អ្នក​ចម្រៀង​ Rapper ឈ្មោះ​ Trae Tha Truth ដែលជា​មិត្ត​ជិត​ស្និទ្ធ​របស់ Floyd និង​អ្នក​ចម្រៀង​ Bun B។ អភិបាល​ក្រុង​ និង​អធិការ​នគរ​បាល​ក្រុង​ Houston ក៏​បាន​ចូល​រួម​ផងដែរ​។

តារា​ចម្រៀង​រ៉ែប​ លោក Trae Tha Truth ជា​មិត្ត​ជិត​ស្និទ្ធ​របស់ Floyd

George Floyd បាន​រស់នៅ​​អស់​រយៈ​ពេល46​ឆ្នាំ​ក្នុង​តំបន់​​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ នៅ​ទីក្រុង​ Houston ដែល​មាន​ចម្ងាយ​ពី​កន្លែង​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ប្រមាណជា​2គីឡូម៉ែត្រ​។ George Floyd ​ទៅ​ធ្វើ​ការ​និង​រស់នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota បាន​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

“យើង​នឹង​ជំនួស​មុខ​ឱ្យ​​គាត់​ (George Floyd)។ យើង​នឹង​ហែក​កម្ទេច​ប្រព័ន្ធ​នេះ​ពី​ក្រៅ​ទៅ​ក្នុង​។ George Floyd កំពុង​តែ​សម្លឹង​ពីលើ​មើល​មក​យើង​ ហើយ​គាត់​កំពុង​ញញឹម​” Trae Tha Truth និយាយ​នៅ​ចំពោះ​មុខ​មហាជន​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​។

បន្ទាប់​ពី​ពិធី​បួង​សួង​ ក្រុម​មនុស្ស​បាន​ចាក​ចេញ​ពី​តំបន់​សួន​ច្បារ​ ឆ្ពោះ​ទៅ​កាន់​​សាលា​ក្រុង​។ Sheila Jackson Lee​ ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ នៅ​តំបន់ដែល​ Floyd រស់​នៅ​ បាន​ប្រកាស​ថា នឹង​ស្នើ​បង្កើត​ច្បាប់​កែ​ទម្រង់កង​កម្លាំង​នគរ​បាល​​នៅ​ថ្ងៃទី​4​មិថុនា​ខាង​មុខ​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់ Floyd។

អភិបាល​ក្រុង​ Houston លោក Sylvester Turner ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដែរ​នោះ​ ថ្លែង​ថា លោក​យល់​អំពី​ការ​ឈឺ​ចាប់​របស់​ពួកគេ​ ហើយ​ពួកគេ​កំពុង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​។ “យើង​មិន​ត្រឹម​តែ​ស្ដាប់​នោះ​ទេ តែ​យើង​ត្រូវ​តែ​ធ្វើសកម្ម​ភាព​។ ខ្ញុំ​ចង់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ហែក្បួន​ និង​ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​រាល់​គ្នា មិន​មែន​គ្មាន​ប្រយោជន៍​នោះ​ឡើយ​”។

ទីក្រុង​ Houston ហាក់​ដូច​មិន​មាន​បាតុកម្ម​ហិង្សា​កើតឡើង​ដូច​ទៅ​នឹង​ទីក្រុងផ្សេង​ៗ​នៅ​សហរដ្ឋ​អាមេរិកនោះ​ទេ។​ David Hill ដែល​ជា​គ្រូអាចារ្យ និង​ជា​សកម្ម​ជន​សង្គម​ម្នាក់​នៅ​ទីក្រុង​ Houston ដែល​បាន​ស្គាល់​ច្បាស់​អំពី​គ្រួសារ​របស់​ Floyd បាន​ថ្លែង​ថា “អ្នក​ដែល​បាន​ស្គាល់​ George Floyd បាន​ជួយ​បង្កើត​បរិយាកាស​សម្រាប់​ Houston។ George Floyd ជា​មនុស្ស​ស្លូត​ត្រង់ និង​ជា​មនុស្ស​ផ្អែម​ល្ហែម​ម្នាក់​”។

Floyd បាន​ស្លាប់​ដោយ​សារ​ “បេះ​ដូង​ និង​សួត​លែង​ដំណើរ​ការ​ ព្រោះ​តែ​ត្រូវ​ប៉ូលីស​ចាប់​ក្រៀក​ និង​សង្កត់​ក” កាល​ពី​ថ្ងៃទី​25​ឧសភា នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ចាយ​លុយ​ក្លែង​ក្លាយ។ ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​យ៉ាង​តិច​ចំនួន​​140​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *