Skip to content

ប្អូន​របស់​ George Floyd អំពាវ​នាវ​​ទៅកាន់​ក្រុម​បាតុករ​

Terrence Floyd ដែលជា​ប្អូន​ប្រុស​របស់​ George Floyd បាន​ស្រែក​អំពាវ​នាវ​ដល់​ក្រុម​បាតុករ​នានា​ ឱ្យ​ឈប់​ធ្វើ​សកម្ម​ភាព​ហិង្សា​ និង​ឆក់​​ប្លន់​ ហើយ​គួរ​ជំនួស​មក​វិញ​ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ដែល​ស័ក្ដិ​សម​​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ នា​ពេល​ខាង​មុខ​។

“ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​មិន​សប្បាយ​ចិត្ត ប៉ុន្តែ ប្រហែល​ជា​មិន​ស្មើ​ពាក់​កណ្ដាល​នៃ​​​ការ​កើត​ទុក្ខ​​របស់​ខ្ញុំ​នោះ​ទេ​” លោក​ Terrence Floyd ថ្លែង​បែប​នេះ​កាល​ពីថ្ងៃទី​1​មិថុនា​ នៅ​ឯទីតាំង​គោរព​វិញ្ញាណក្ខន្ធ​បណ្ដោះ​អាសន្ន​នា​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​ George Floyd ត្រូវ​បាន​ប៉ូលីស​ Derek Chauvin ចាប់​សង្កត់​ក​រហូត​ដល់​ស្លាប់​។

Terrence បន្ថែម​ថា “ដូច្នេះ បើសិន​ជា​ខ្ញុំ​មិន​មែន​ជា​អ្នក​ខឹង​ខ្លាំង​ និង​បង្ក​ឱ្យ​មាន​ចលាចល​ អស្ថិរ​ភាព​ក្នុង​សង្គម​ តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​អ្វី​? សកម្ម​ភាព​ទាំង​នោះ​មិន​បាន​ជួយ​ឱ្យ​ប្អូន​ប្រុស​របស់​ខ្ញុំ​រស់​ឡើង​វិញ​ឡើយ​។ យើង​ខ្ញុំ​ជា​គ្រួ​សារ​សន្តិ​ភាព​ និង​គោរព​ព្រះ​”។

Floyd បាន​ស្លាប់​ដោយ​សារ​ “បេះ​ដូង​ និង​សួត​លែង​ដំណើរ​ការ​ ព្រោះ​តែ​ត្រូវ​ប៉ូលីស​ចាប់​ក្រៀក​ និង​សង្កត់​ក” កាល​ពី​ថ្ងៃទី​25​ឧសភា នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ចាយ​លុយ​ក្លែង​ក្លាយ។ ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​យ៉ាង​តិច​ចំនួន​​140​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាម​ទារ​យុត្តិ​ធម៌​ជូន​ Floyd។ បាតុកម្ម​ទាំង​នោះ បាននាំ​​ឱ្យ​មាន​អំពើ​ហិង្សា​ ការ​ឆក់​ប្លន់​ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​ជា​ច្រើន​កើត​ឡើង ហើយ​មនុស្ស​ប្រមាណ​ជា​4,400​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

Terrence និយាយ​ជាមួយ​ក្រុម​បាតុករ​ថា​ ការ​ឆក់​ប្លន់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​អាច​បំពេញ​ចិត្ត​យើង​ ឬ​ត្រឹម​ត្រូវ​នៅ​ពេល​នេះ ប៉ុន្តែ​ចុង​ក្រោយ​វា​នៅ​តែ​មិន​បាន​ប្ដូរ​ផ្លាស់​អ្វី​នោះ​ឡើយ​។ ជាង​នេះ វា​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​មូលហេតុ​​នៃ​ការ​ក្រោក​តវ៉ា​របស់​យើង​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ក្រុម​ប៉ូលីស​កាល​ពី​ដំបូង​។

ប្អូន​ប្រុស​របស់​ Terrence បន្ត​ថា “ប្រការ​ដូច​គ្នា​នេះ​ធ្លាប់​បាន​កើត​ឡើង​នៅ​រាល់​ពេល​មាន​អំពើហិង្សា​ពី​ប៉ូលីស​។ អ្នក​ទាំង​ឡាយ​តែង​តែ​ធ្វើ​បាតុ​កម្ម​ បំផ្លិច​បំផ្លាញ​គ្រប់​យ៉ាង​ ប៉ុន្តែ​​ពួកគេ​ (ប៉ូលីស) នៅ​តែ​មិន​កែ​ប្រែ។ អ្នក​រាល់​គ្នា​ដឹង​ថា​មក​ពី​ហេតុ​អ្វី​ទេ​? ព្រោះ​ថា នោះ​មិន​មែន​ជា​កិច្ច​ការ​ដែល​ពួក​គេ​ធ្វើ​ ប៉ុន្តែ​ពួក​យើង​ទេ​ដែល​ជា​អ្នក​ធ្វើ​។ ដូច្នេះ សូម​ធ្វើ​វា​ដោយ​ប្រើ​វិធី​ផ្សេង​”។

“សូម​ឈប់​​គិត​ថា​ សម្លេង​របស់​យើង​មិន​មាន​សារ​សំខាន់​ទៀត​ទៅ​ ហើយ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​។ ចូរ​កុំ​រង់​ចាំ​ស្ដាប់​ការ​និយាយ​ពី​អ្នក​ដទៃ​ដែល​ថា អ្នក​នេះ​ អ្នក​នោះ​ យ៉ាង​ដូច​ម្ដេច​។ ចូរ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​​អំពី​មនុស្ស​ដែល​អ្នក​បាន​បោះ​ឆ្នោត​ជ្រើស​រើស​” នេះ​ជា​សម្ដី​ប្រកប​ដោយ​សន្តិភាព​របស់​ Terrence ដែល​ជា​ប្អូន​ប្រុស​របស់​លោក George Floyd៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Leave a Reply

Your email address will not be published. Required fields are marked *