ប៉ូលិសបង្រាបកុបកម្មរបស់បារាំង ប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករនៅរដ្ឋធានីប៉ារីស នៅពេលដែលបាតុករនាំគ្នាដុតភ្លើងនៅលើដងផ្លូវ ក្រោយពីការស្លាប់របស់ George Floyd នៅសហរដ្ឋអាមេរិក។
ក្រុមបាតុករនៅទីក្រុងបារីស កាលពីម្សិលមិញបាននាំគ្នាលុតជង្គង់ និងលើកកណ្ដាប់ដៃក្នុងបាតុកម្មចម្រុះជាតិសាសន៍ដែលភាគច្រើនប្រកបដោយសន្តិវិធី និងមានករណីតានតឹងមួយចំនួនតូចប៉ុណ្ណោះ ដោយសារមានការដុតភ្លើងនៅតាមដងផ្លូវ ប៉ុន្តែ ត្រូវបានក្រុមពន្លត់អគ្គិសភ័យចាត់ការទាន់ពេល។
សមត្ថកិច្ចនៃទីក្រុងបារីស ប្រទេសបារាំង បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស20,000នាក់បានចូលរួមធ្វើបាតុកម្ម ដោយមិនអើពើដល់បម្រាមទាក់ទិននឹង COVID-19 ដើម្បីបង្ហាញការគោរពដល់ George Ployd ដែលបានស្លាប់នៅពេលប៉ូលិសចាប់ខ្លួននៅសហរដ្ឋអាមេរិក និង Adama Traore ដែលជាជនជាតិស្បែកខ្មៅនៅបារាំងបានស្លាប់ក្នុងពេលត្រូវឃុំខ្លួនកាលពីឆ្នាំ2016។
បាតុករមួយចំនួនបានឱ្យដឹងថា ស្ថានភាពហិង្សារបស់ក្រុមសមត្ថកិច្ច បានប្រែជាអាក្រក់ឡើងៗនៅក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងវីរុស COVID-19 ដែលបណ្ដាលឱ្យកម្មករនៅជាយក្រុង ដែលជាក្រុមភាគតិចក្នុងសង្គម កាន់តែក្ដៅក្រហាយព្រោះតែអយុត្តិធម៌។
ប៉ូលិសបានបង្ហាញវត្តមានតិចជាង បើធៀបនឹងបាតុកម្មផ្សេងៗនៅបារីស។ ពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្រោយមកក៏បានផ្ទុះអាវុធនៅពេលបាតុករគប់វត្ថុនានាទៅកាន់ប៉ូលិស។ ការប៉ះទង្គិចគ្នាប្រកបដោយភាពតានតឹងក៏បានកើតឡើងនៅក្នុងបាតុកម្មដែលទាក់ទិននឹងរឿងខាងលើនៅឯទីក្រុង Marseille ផងដែរ។
បាតុកម្មនានាបានចាប់ផ្ដើមផ្ទុះឡើងនៅទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក ជាកន្លែងដែលបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ត្រូវបានប៉ូលីសសង្កត់ករហូតដល់ស្លាប់ ធ្វើឱ្យមានការក្ដៅក្រហាយដោយសារស្ថានភាពរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលីស។ តំបន់ជាច្រើននៅសហរដ្ឋអាមេរិក ត្រូវបានដាក់បម្រាមគោចរ និងដាក់ពង្រាយទាហានការពារជាតិ ក្នុងគ្រាដែលមានក្រុមជ្រុលនិយមនាំគ្នាឆក់ប្លន់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
បាតុកម្មនេះ ក្រោយមកក៏បានរាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក ដូចជា អូស្ត្រាលី ហូឡង់ អ៊ីស្រាអែល ដោយនាំគ្នាលើកបដា និងស្រែកថា “ខ្ញុំមិនអាចដកដង្ហើម”។ ការខឹងសម្បានេះក៏ត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមផងដែរ នៅពេលប្រជាជនស៊ុយអែតរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មតាមអ៊ីនធើណិត៕
ប្រភព៖ AP