បាតុកម្មជាច្រើន និងជាបន្តបន្ទាប់ដែលត្រូវបានបង្កើតឡើងក្រោយពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ Floyd បានរីករាលដាលទូទាំងសហរដ្ឋអាមេរិក ធ្វើឱ្យក្រុមហ៊ុនធំៗ ដូចជា Apple, Amazon និង Target ជាដើម ត្រូវបញ្ចេញមតិ។
ក្រុមហ៊ុន Amazon បានបង្ហោះសារនៅលើ Twitter អំពី “សង្គ្រាមប្រឆាំងនឹងការរើសអើងពូជសាសន៍ និងអយុត្តិធម៌” ប៉ុន្តែ មិនទាន់បានប្រកាសឱ្យដឹងអំពីគម្រោង ឬវិធីដែលក្រុមហ៊ុននេះនឹងលើកយកមកប្រើដើម្បីដោះស្រាយបញ្ហានេះនៅឡើយ។
CEO របស់ក្រុមហុ៊ន Snap លោក Evan Spiegel បានអំពាវនាវឱ្យបង្កើតគណៈកម្មធិការទាមទារសំណងមួយនៅសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងការរើសអើងពូជសាសន៍។ លោក Evan ក៏បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Snap នឹងបរិច្ចាគប្រាក់ដើម្បីជួយដល់អង្គការនានាដែលធ្វើសកម្មភាពលើកកម្ពស់យុត្តិធម៌ និងភាពស្នើគ្នាផងដែរ។
ចំពោះ CEO របស់ក្រុមហ៊ុន Target គឺលោក Brian Cornell វិញ បានប្រកាសថា នឹងផ្ដល់ជំនួយមនុស្សធម៌ រួមមានជាអាហារ និងរបស់របរចាំបាច់ដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Target ក៏នឹងបន្តផ្ដល់ប្រាក់ខែចំនួន2ខែបន្ថែមទៀតដល់បណ្ដាបុគ្គលិកនៅហាងរបស់ខ្លួនដែលត្រូវបានបិទទ្វារ។ ក្រុមហ៊ុន Target ក៏បានចុះកិច្ចសន្យានៅក្នុងសំបុត្រដែលទទួលបានពីអង្គការ Children’s Minnesota ថា នឹងចូលរួមដោះស្រាយបញ្ហារើសអើងពូជសាសន៍ជាមួយនឹងអង្គការនេះ។
ក្រុមហ៊ុន Starbucks ក៏បានជជែកជាមួយដៃគូរបស់ខ្លួនអំពីការរើសអើងពូជសាសន៍។ CEO របស់ Starbucks លោក Kevin Johnson សង្កត់ធ្ងន់ថា “សន្យារបស់យើងជាមួយនឹងដៃគូ គឺការបំពេញបេសកកម្ម និងតម្លៃរបស់យើងជារៀងរាល់ថ្ងៃ”។
CEO របស់ក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg ក៏បានសន្យាថានឹងផ្ដល់ជំនួយ10ដុល្លារដើម្បីទប់ស្កាត់គ្រោះរើសអើងពូជសាសន៍។ លោក Zuckerberg ថ្លែងថា “ព្រឹត្តិការណ៍ដ៏ឈឺចាប់កាលពីសប្ដាហ៍មុនបានរំឭកយើងថា ប្រទេសជាតិយើងត្រូវការពេលវេលាយូរដើម្បីឱ្យបុគ្គលនីមួយៗទទួលបានសេរីភាពជាមួយនឹងភាពជាមនុស្ស និងសន្តិភាព”។ ប៉ុន្តែ Mark Zuckerberg នៅតែត្រូវបានគេរិះគន់ ដោយសារតែមិនបានធ្វើសកម្មភាពអ្វីសោះចំពោះសាររបស់លោក Trump ដែលហាក់ដូចជាគំរាមប្រើកម្លាំងទ័ពមកលើក្រុមបាតុករ។
ចំណែកក្រុមហ៊ុន The Walt Disney បានប្រកាសនៅលើ Twitter ថា “យើងប្រឆាំងចំពោះអំពើប្រកាន់ពូជសាសន៍។យើងគាំទ្រការបង្រួបបង្រួម។ យើងនៅជាមួយបុគ្គលិកស្បែកខ្មៅ និងសហគមន៍អ្នកមានសម្បុរស្បែកខ្មៅទាំងអស់។ យើងត្រូវតែសាមគ្គី និងបញ្ចេញមតិ”។
រីឯក្រុមហ៊ុន TokTok វិញ បានធ្វើការសុំទោសចំពោះhashtag “#BlackLivesMatter” និង “#GeorgeFloyd” ដែលបានបង្ហាញចំនួនអ្នកមើលស្មើ “0” ខណៈដែលការពិត វាមានដល់ទៅរាប់ពាន់លាននាក់ចូលមើល។ ក្រុមហ៊ុននេះបានបកស្រាយថា នេះជាកំហុសបច្ចេកទេស។ TikTok បានសន្យាថានឹងបរិច្ចាគ 3លានដុល្លារសម្រាប់មូលនិធីដើម្បីសហគមន៍ និង1លានដុល្លារផ្សេងទៀតសម្រាប់កម្មវិធីទប់ស្កាត់ការរើសអើងពូជសាសន៍ និងបញ្ហាអយុត្តិធម៌សង្គម។
CEO របស់ក្រុមហ៊ុន Apple គឺលោក Tim Cook បានដកស្រង់សម្ដីរបស់ Martin Luther King Jr. ៖ “សន្តិភាពអវិជ្ជមានដែលបង្កប់ដោយជម្លោះនឹងមិនអាចមកជំនួសសន្តិភាពវិជ្ជមានបានទេ ដោយមានវត្តមានរបស់យុត្តិធម៌”។ New York Times បានឱ្យដឹងថា នៅក្នុងកំណត់ហេតុមួយផ្ញើជូនបុគ្គលិក Apple លោក Tim Cook បានសន្យាថានឹងបរិច្ចាគប្រាក់ជំនួយទៅឱ្យបណ្ដាអង្គការមិនស្វែងរកកម្រៃផងដែរ ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌សង្គម៕
ប្រភព៖ សារព័ត៌មានបរទេស