Skip to content

ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋ​ចំនួន​5​ ធ្វើ​ដំណើរ​មក​កាន់​ Washington D.C​ ដើម្បីជួយ​ទប់​ទល់​នឹង​​បាតុករ​

ប្រភព​ព័ត៌មាន​ពី​កង​ទ័ព​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា កង​វរសេនា​តូច​​មួយ​ក្រុម​​កំពុង​ត្រូវ​បាន​​កែន​ដើម្បី​បញ្ជូន​ទៅកាន់​​ Washington D.C ខណៈ​ដែល​ឆ្មាំ​ការ​ពារ​ជាតិ​ពី​រដ្ឋ​ចំនួន​5​របស់​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​រដ្ឋ​ធានី​នៃ​ប្រទេស​នេះ​ផងដែរ​។

សារ​ព័ត៌​មាន​ Reuters ដក​ស្រង់​ប្រភព​ព័ត៌មាន​​ពី​កង​ទ័ព​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា កង​វរសេនា​តូច​មួយ​ក្រុម​ រួម​មាន​ទាហាន​ប្រមាណ​ពី​200​ទៅ​250​នាក់​ កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ Washington D.C។ ការ​បញ្ជូន​កង​កម្លាំង​នេះ​មក​កាន់​ Washington D.C គឺ​គ្រាន់​តែ​ដើម្បី​ការ​ពារ​សន្តិសុខ​ និង​មិន​ធ្វើ​ការ​ចាប់​ចង​ជន​ណា​មួយ​នោះ​ទេ​។

កាលពី​ថ្ងៃទី​2មិថុនា​ Reuters​ បាន​ចេញ​ផ្សាយ​ថា ទាហាន​នៅ​ខាងក្រៅ​រដ្ឋ​ធានី​ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ប្រុង​ជើង​ការ​ខ្ពស់​ដើម្បី​ទប់​ទល់​នឹង​បាតុកម្ម​។

ឆ្មាំ​ការ​ពារ​ជាតិ​​របស់​រដ្ឋ​ចំនួន​5​ ធ្វើ​ដំណើរ​មក​កាន់​ Washington D.C​ ដើម្បីជួយ​ទប់​ទល់​នឹង​​បាតុករ​ក្រៅ​ពី​នេះ មន្ត្រីជាន់​ខ្ពស់​​ម្នាក់​មក​ពី​ក្រសួង​ការ​ពារ​ជាតិ​បាន​ប្រកាស​ថា​ ទាហាន​​ចំនួន​1.200​នាក់​ដែល​ស្ថិត​ក្រោម​អង្គ​ភាព​ឆ្មាំ​ការ​ពារ​ជាតិ​ (United States National Guard) នៅ​ក្នុង​រដ្ឋធានី ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ស្រេច​។ កង​ទ័ព​សហរដ្ឋ​អាមេរិក​កំពុង​តែ​កែន​​ទាហាន​មក​ពីអង្គ​ភាព​​ឆ្មាំ​ការ​ពារ​ជាតិ​ ប្រមាណ​ពី​600ទៅ​800​នាក់​បន្ថែម​ទៀត​ពី​រដ្ឋ​ចំនួន​5​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​នានា។

ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ ក្នុង​គ្រា​ដែលរលក​បាតុកម្ម​បាន​រាល​ដាល​ពេញ​ផ្ទៃ​សហរដ្ឋ​អាមេរិក​។ បាតុកម្ម​ទាំង​ឡាយ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ការ​ស្លាប់​របស់​ George Floyd អាយុ​46​ឆ្នាំ នៅ​រដ្ឋ​ Minnesota។ បរុស​ស្បែក​ខ្មៅ​ម្នាក់​នេះ​បាន​បាត់​បង់​ជីត​ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​​ និង​យក​ជង្គង់​សង្កត់​ក​ក្នុង​រយៈ​ពេល​ជា​ច្រើន​នាទី ដោយ​សារ​តែ​បុរស​ឈ្មោះ​ George Floyd នេះត្រូវ​បាន​ចោទ​ថា​ បាន​ប្រើប្រាស់លុយ​ក្លែង​ក្លាយ​។

កាល​ពី​ថ្ងៃទី​1​មិថុនា​​ លោក​ Trump បាន​ប្រកាស​ថា​ លោក​បាន​ដាក់​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​នៅក្នុង​រដ្ឋ​ធានី​។ លោក Trump ក៏បាន​រិះ​គន់​ទៅ​លើ​មេដឹកនាំ​រដ្ឋ​មួយ​ចំនួន​ថា​ “ទន់​ទ្រាយ” ហើយ​បាន​ស្នើ​ឱ្យ​ប្រើ​កម្លាំង​ឆ្មាំ​ការ​ពារ​ជាតិ​ដើម្បី​បង្រាប​បាតុករ​ផងដែរ​។ លោក​ថែមទាំង​មាន​បំណង​បញ្ជូន​កង​ទ័ព​​ទៅកាន់​ទីក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទៀត​ផង៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *