ក្រុមមន្ត្រីប៉ូលិសនៅពាសពេញសហរដ្ឋអាមេរិក បាននាំគ្នាលុតជង្គង់ផ្ទាល់ដី ដើម្បីគាំទ្រក្រុមបាតុករ ព្រមទាំងបានសម្ដែងការយល់ឃើញថា សកម្មភាពរបស់ប៉ូលិសដែលបានបង្កឱ្យបុរសស្បែកខ្មៅ George Floyd បាត់បង់ជីវិតនៅក្នុងទីក្រុង Minneapolis កាលពីថ្ងៃទី25ឧសភា គឺជាទង្វើមិនអាចទទួលយកបាន។
ឃ្លីបវីដេអូដែលបង្ហាញអំពីសកម្មភាពក្រុមប៉ូលិសនៅទីក្រុង New York នាំគ្នាលុតជង្គង់ផ្ទាល់ដីនៅចំពោះមុខក្រុមបាតុករកាលពីថ្ងៃទី31ឧសភា ត្រូវបានគេចែករំលែតយ៉ាងច្រើននៅលើបណ្ដាញសង្គម និងទទួលបានការគាំទ្រវិជ្ជមានពីសាធារណជន។
ស្នងការនគរបាលក្រុង Houston ក្នុងរដ្ឋ Taxas លោក Art Acevedo កំពុងប្រកៀកស្មាគ្នាជាមួយបាតុករជាស្ត្រីម្នាក់ កាលពីថ្ងៃទី30ឧសភា។ លោក Art Acevedo ថ្លែងថា ការស្លាប់របស់ George Floyd គួរតែ “ត្រូវបានថ្កោលទោសដោយស្ថាប័នអនុវត្តច្បាប់ និងសាធារណជន”។
ទំព័រ Twitter របស់ស្នងការដ្ឋាននគរបាលតំបន់ Oklahoma ក៏បានបង្ហោះរូបភាពក្រុមប៉ូលិសរបស់ខ្លួន លុតជង្គង់នៅចំពោះមុខក្រុមបាតុករនៅបរិវេណពន្ធនាគារ Oklahoma ផងដែរ។
ចំណែកទំព័របណ្ដាញសង្គមរបស់ប្រធានគណៈកម្មធិការសុខាភិបាលនៃក្រុមប្រឹក្សាក្រុង New York លោក Mark D. Levine កាលពីថ្ងៃទី1មិថុនា ក៏បានបង្ហោះរូបថតបង្ហាញអំពីសាមគ្គីភាពរវាងក្រុមប៉ូលិសជាមួយនឹងក្រុមបាតុករដែលពួកគេកំពុងការពារ។
នាយកដ្ឋាននគរបាលក្រុង Santa Cruz ក្នុងរដ្ឋ California កាលពីថ្ងៃទី31ឧសភា បានប្រកាសថា នាយកដ្ឋាននេះគាំទ្រទាំងស្រុងចំពោះបាតុកម្មដោយសន្តិវិធីក្នុងទីក្រុង និងថា ពួកគេនឹងការពារបាតុករទាំងនោះ។ ក្រុមប៉ូលិស រួមនឹងបាតុកររាប់រយនាក់បាននាំគ្នាលុតជង្គង់ផ្ទាល់ដី ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ George Floyd៕
ប្រភព៖ សារព័ត៌មានបរទេស