នៅពេលក្រុមបាតុករទាមទាររកយុត្តិធម៌សម្រាប់ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd កំពុងប្រមូលផ្ដុំគ្នានៅខាងក្រៅសេតវិមាន អង្គភាពសម្ងាត់ បានសម្រេចចិត្តនាំប្រធានាធិបតី Donald Trump ចុះលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី។
បន្ទប់ក្រោមដីនេះមានឈ្មោះថា PEOC (Presidential Emergency Operations Center/មជ្ឈមណ្ឌលគ្រប់គ្រងអាសន្ននៃប្រធានាធិបតី។ PEOC ដែលស្ថិតនៅក្រោមដី ផ្នែកខាងក្រោមនៃស្លាបខាងកើតរបស់សេតវិមាន មានតួនាទីជាកន្លែងលាក់ខ្លួនដ៏មានសុវត្ថិភាព និងជាមជ្ឈមណ្ឌលទំនាក់ទំនងសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក រួមនឹងមន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលនៅពេលមានអាសន្នកើតឡើង។
បន្ទប់សម្ងាត់ក្រោមដីនេះ ត្រូវបានសាងសង់ឡើងកាលពីសង្គ្រាមលោកលើកទី2 ដើម្បីការពារប្រធានាធិបតី Franklin D. Roosevelt ក្នុងករណីមានការវាយប្រហារពីលើអាកាសនៅរដ្ឋធានីវ៉ាស៊ីងតោន។ PEOC ត្រូវបានការពារ 24ម៉ោង/24ម៉ោង ដោយកងកម្លាំងសន្តិសុខនៅសេតវិមាន។
កាលសម័យប្រធានាធិបតី Bush អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dick Cheney ក៏ធ្លាប់ត្រូវបាននាំចុះជ្រកក្នុងបន្ទប់ក្រោមដីនេះដែរកាលពីឆ្នាំ2001 ខណៈភេរវកម្ម11កញ្ញាបានកើតឡើង ដោយសារអាជ្ញាធរមានការព្រួយបារម្ភចំពោះយន្តហោះដែលត្រូវបានក្រុមភេរវកម្ម al-Qaeda ប្លន់ និងកំពុងឆ្ពោះមកកាន់សេតវិមាន។ ប្រធានាធិបតី George W. Bush ដែលមិនមានវត្តមានក្នុងសេតវិមានរហូតដល់ពេលយប់ ក៏ត្រូវបាននាំចុះលាក់ខ្លួនក្នុងបន្ទប់ PEOC នេះដែរ បន្ទាប់ពីលោកបានត្រលប់មកពីរដ្ឋ Florida។
នៅមុនហេតុការណ៍ភេរវកម្មថ្ងៃទី11កញ្ញា PEOC ហាក់មិនទាន់ត្រូវបានគេសាងសង់ឱ្យបានរឹងមាំជាស្ថាពរនៅឡើយ បន្តែក្រោយមានអំពើភេរវកម្មនេះ PEOC ត្រូវបានសាងសង់បន្ថែមយ៉ាងរឹងមាំ និងសុវត្ថិភាពបំផុត។ នេះបើតាម លោកស្រី Laura Bush ដែលជាភរិយារបស់ប្រធានាធិបតី Bush។
អ្នកកាសែតជនជាតិអាមេរិកាំង Garrett Graff បានសរសេរនៅក្នុងសៀវភៅ “Raven Rock” (និយាយអំពីគម្រោងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងសេនារីយោ “សេតវិមានត្រូវបានវាយប្រហារ”) ដែលបានបោះពុម្ភផ្សាយកាលពីឆ្នាំ2017 បានឱ្យដឹងថា PEOC មានទីចាត់ការនិងទំនាក់ទំនងមួយដែលមានទំហំ56ម៉ែត្រក្រឡា មានបន្ទប់ប្រជុំមួយ បន្ទប់សម្រាប់ជាទីបញ្ជាការធំមួយដែលក្នុងនោះមានអេក្រង់ទូរទស្សន៍ដ៏ធំមួយ និងតុប្រជុំដែលមានកៅអីច្រើនជាង16កន្លែង។
NYTimes បានសរសេរថា បន្ទប់ក្រោមដីនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងកម្លាំងយន្តហោះដែលបុកចំពីលើសេតវិមាន។
កាលពីឆ្នាំ2010 សកម្មភាពសាងសង់នៅផ្នែកខាងជើងដែលជាប់នឹងស្លាបខាងលិចរបស់សេតវិមាន ដែលបានចំណាយអស់ទឹកប្រាក់375លានដុល្លារអាមេរិក ក្នុងរយៈពេល4ឆ្នាំ ត្រូវបានសារព័ត៌មាននានាចុះផ្សាយថា រដ្ឋាភិបាលរបស់លោក Obama កំពុងសាងសង់ “មហាបន្ទប់ក្រោមដី” ថ្មី ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងមានសុវត្ថិភាពខ្ពស់បំផុត។ អ្នកសារព័ត៌មាន Ronald Dessler បានសរសេរថា បន្ទប់ក្រោមដីខាងលើនេះ “រួមមានយ៉ាងតិច5ជាន់ និងអាចផ្ទុកបុគ្គលិកទាំងអស់នៅស្លាបខាងលិចនៃសេតវិមាន បើសិនជាមានការវាយប្រហារភេរវកម្មដោយអាវុធប្រល័យលោក”។
ក៏ប៉ុន្តែ ដំណឹងដែលត្រូវបានចុះផ្សាយនៅលើទំព័រកាសែតកាលណោះ ត្រូវបានច្រានចោលដោយអង្គភាពសេវាកម្មសាធារណៈ ដោយនិយាយថា នោះគ្រាន់តែជាសកម្មភាពផ្លាស់ប្ដូរប្រព័ន្ធបង្ហូរទឹក ខ្សែភ្លើង ការកែលម្អប្រព័ន្ធកម្ដៅ ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធការពារអគ្គិភ័យតែប៉ុណ្ណោះ៕
ប្រភព៖ Drive/NYTimes