Skip to content

សហរដ្ឋ​អាមេរិក​ថា “បាតុកម្ម​​ហិង្សា​អុជ​អាល​ដោយ​​​ចលនា​ ANTIFA គឺជា​ភេរវកម្ម​ក្នុង​ស្រុក

រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​សហរដ្ឋ​អាមេរិក​ លោក William Barr កាលពី​ម្សិល​មិញ​ (31​ឧសភា) បាន​ប្រកាស​អំពី​អំពើ​ហិង្សា​ទាំង​ឡាយ​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​។ លោករដ្ឋ​មន្ត្រី​ថ្លែង​ថា អំពើ​ហិង្សា​នេះ​ “ត្រូវ​បាន​អុជ​អាល​ និង​បង្កើត​ឡើង​ដោយ​ក្រុម​ Antifa”។ លោក​ក៏បាន​ហៅ​អំពើ​នេះ​ថា ជា​ភេរវ​កម្ម​ក្នុង​ស្រុក​ ហើយ​ថា នឹង​ត្រូវ​បាន​ចាត់​វិធាន​ការ​យ៉ាង​សម​ស្រប​។

លោក William Barr

ក្នុង​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ លោក Barr ថ្លែង​ថា “អំពី​ហិង្ស​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ សម្លេង​បាតុករ​អហិង្សា និង​ស្រប​ច្បាប់​ត្រូវ​បាន​លុក​លុយ​ដោយ​កត្តា​ជ្រុល​និយម​ និង​ហិង្សា​និយម”។ លោក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា “ក្រុម​ជ្រុល​និយម និង​ក្រុម​អុជ​អាល​ខាង​ក្រៅ​ កំពុង​តែ​ប្រើប្រាស់​ស្ថាន​ភាព​បច្ចុប្បន្ន​ដើម្បី​បង្កើត​ការ​បំបែក​បំបាក់​ អំពើ​ហិង្សា​ និង​អំពើ​ជ្រុល​និយម​នានា​”។

លោក George Floyd ដែល​បាន​ស្លាប់​ដោយ​សារ​ប៉ូលិស​ក្រៀក​សង្កត់​ក​ ខណៈ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​លុយក្លែង​ក្លាយ

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​ប៉ូលិស​យក​ជង្គង់​សង្កត់​ក ក្នុង​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើប្រាស់​លុយ​ក្លែង​ក្លាយលោក William Barr បាន​បន្ថែម​ថា បណ្ដា​ក្រុម​ប្រើ​អំពើ​ហិង្សា​នេះ​ កំពុង​ស្វែង​រក​វិធី​បំបែក​បំបាក់​ប្រជា​ជន​អាមេរិកាំង​ ហើយ​លោក​ក៏បាន​ព្រមាន​ថា ការ​អនុវត្ត​ច្បាប់​ “នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ចាប់​ខ្លួន​ និង​កាត់​ទោស​ក្រុម​អុជ​អាល​ឱ្យ​មាន​អំពើហិង្សា​ជ្រុល​និយម​ដែល​បាន​ជ្រៀត​ចូល​ក្នុង​ក្រុម​បាតុករ​សន្តិភាព​ និង​ចូលរួម​ក្នុង​សកម្ម​ភាព​ល្មើស​ច្បាប់​រដ្ឋ​”។

Antifa គឺជា​ឈ្មោះ​ដែល​សរសេរ​កាត់​របស់ពាក្យ Antifascist ដែល​ហៅ​ខ្លួន​ឯង​ថា​​ជា​ ចលនាបាតុកម្ម​មិន​មាន​រចនា​សម្ព័ន្ធ​ ប្រើ​ប្រាស់​ដើម្បី​​ប្រឆាំងនឹងលទ្ធិ​​​ហ្វាស៊ីសនិយម​ថ្មី​ លទ្ធិ​ស្បែក​ស​និមយ​ និង​ការ​រើស​អើង​ពូជ​សាសន៍​ ហើយ​ក្រុម​ដែល​ជ្រុល​និយម​ជាង​នេះ​ គឺ​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ និង​ប្រឆាំង​មូលធននិយម។ លោក​ Trump និង​ក្រុម​អភិរក្ស​និយម​បាន​ចាត់​ទុក​ Antifa ថាជា​ក្រុម​ជ្រុល​និយម​ និងឆ្វេង​និយម​ ហើយ​​ថា សកម្ម​ភាព​ហិង្សា​របស់​ពួកគេ​ត្រូវ​បាន​អុជ​អាល​ ឬ​បិទ​បាំង​ដោយ​ក្រុម​សារ​ព័ត៌​មាន​ប្រឆាំង​នឹង​ Donald Trump។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​បាន​អះអាង​ថា អំពើ​ហិង្សា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ Antifa និង​ក្រុម​ស្រដៀងគ្នា​នេះ​ គឺ​ជា​ភេរវ​កម្ម​ក្នុង​ស្រុក​ ហើយ​លោក​សន្យា​ថា ក្រុម​បង្ក​ភាព​ចលាចល​នេះ​នឹង “​ត្រូវ​បាន​ចាត់​ការ​យ៉ាង​សម​ស្រប​បំផុត​”។

ក្រុម​មន្ត្រី​រដ្ឋាភិបាល រួម​នឹង​​លោកប្រធានាធិបតី​ Donald Trump ផងដែរ​ ក៏​បាន​ថ្លែង​ថា បាតុកម្ម​ដែល​បាន​ក្លាយ​ជា​អំពើ​ហិង្សា​នេះ​ គឺជា​លទ្ធ​ផល​នៃ​ការ​អុជ​អាល​ពី​ខាង​ក្រៅ​ ដើម្បី​បង្កើត​ជា​កំហឹង​ និង​អស្ថិរភាព​នៅ​សហរដ្ឋ​អាមេរិក​។

លោក Trump កាលពី​ថ្ងៃទី​31​ឧសភា បាន​ប្រកាស​ថា​ “សហរដ្ឋ​អាមេរិក​នឹង​បញ្ចូល​ឈ្មោះ​ Antifa ទៅ​ក្នុង​បញ្ជី​នៃ​ក្រុម​ភារវ​កម្ម”​។

ប្រភព​៖ សារ​ព៏ត៌មានបរទេស

Leave a Reply

Your email address will not be published. Required fields are marked *