ភរិយារបស់អតីតប៉ូលិសឈ្មោះ Derek Chauvin បានដាក់ពាក្យសុំលែងលះ បន្ទាប់ពីស្វាមីរបស់អ្នកស្រីត្រូវបានបញ្ឈប់ពីការងារ និងត្រូវបានចាប់ខ្លួន ព្រោះតែបានចាប់ខ្លួន និងសង្កត់កបរុសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd រហូតដល់ស្លាប់ ដែលបញ្ហានេះបានធ្វើឱ្យមានបាតុកម្មពេញផ្ទៃសហរដ្ឋអាមេរិក។
ការិយាល័យមេធាវី Sekula ជាតំណាងរបស់អ្នកស្រី Kellie Chauvin បានឱ្យដឹងថា បានពិភាក្សាជាមួយ អ្នកស្រី Kellie Chauvin និងគ្រួសារអំពីការលែងលះជាមួយនឹងអតីតប៉ូលិស Derek Chauvin កាលពីថ្ងៃទី30ឧសភា។
សេចក្ដីប្រកាសរបស់ការិយាល័យមេធាវី Sekula បានឱ្យដឹងថា “អ្នកស្រី (Kellie Chauvin) មានការខ្លោចចិត្តជាខ្លាំងចំពោះការស្លាប់របស់ Floyd និងបានសុំចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតជាមួយគ្រួសារសព្វ រួមនឹងអ្នកដែលកំពុងរងគ្រោះដោយសារហេតុការណ៍នេះ។ អ្នកស្រីបានដាក់ពាក្យលែងលះជាមួយនឹងលោក Derek Chauvin រួចរាល់ហើយ”។
សេចក្ដីប្រកាសខាងលើក៏បានឱ្យដឹងថា Kellie បានស្នើសុំឱ្យមានការគោរពសិទ្ធិឯកជន និងសុវត្ថិភាពរបស់កូនស្រី ឪពុកម្ដាយ និងគ្រួសាររបស់អ្នកស្រីនៅក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ។
អ្នកស្រី Kellie អាយុ45ឆ្នាំ ជាជនជាតិអាមេរិកាំងដើមកំណើតឡាវ គឺជាអតីតជ័យលាភីនៃកម្មវិធី “ស្ត្រីមេផ្ទះស្រស់ស្អាតនៅ Minnesota (Mrs. Minnesota) ឆ្នាំ2018។ Kellie បានឆ្លងកាត់ការរស់នៅជាមួយស្វាមីទីមួយរបស់អ្នកស្រីដោយមិនមានសុភមង្គល និងមានកូនប្រុស2នាក់ មុនពេលបានរៀបការជាមួយប៉ូលិស Derek កាលពីឆ្នាំ2010។ Kellie និង Derek មិនទាន់មានកូនជាមួយគ្នានៅឡើយ។
ក្នុងកិច្ចសម្ភាសកាលពីឆ្នាំ2018 អ្នកស្រី Kellie បានចំណាយពេលច្រើនសរសើរ Derek ដែលជាបុរសដែលអ្នកស្រីបានជួបដំបូងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃខណ្ឌ Hennepin ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota។ អ្នកស្រី Kellie បានធ្វើការនៅទីនេះអស់រយៈពេល13ឆ្នាំបន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ។
អ្នកស្រី Kellie ថ្លែងថា “នៅខាងក្រោយឈុតឯកសណ្ឋាន(ប៉ូលិស)នោះ គាត់ (Derek Chauvin) គឺជាបុរសស្លូតត្រង់ខ្លាំងណាស់។ គាត់គឺជាមនុស្សចេះគួរសម គាត់បើកទ្វារឱ្យខ្ញុំ គាត់ពាក់អាវក្រៅឱ្យខ្ញុំ។ បន្ទាប់ពីបានលែងលះ (ជាមួយនឹងស្វាមីមុន) ខ្ញុំបានបង្កើតតារាងមួយ រៀបរាប់អំពីលក្ខខណ្ឌដែលខ្ញុំត្រូវការពីមនុស្សដែលខ្ញុំនឹងស្រឡាញ់ ហើយគាត់ (Derek Chauvin) បានបំពេញលក្ខខណ្ឌទាំងនោះ”។
Derek អាយុ44ឆ្នាំ ជាមន្ត្រីប៉ូលិសប្រចាំទីក្រុង Minneapolis ក្នុងរដ្ឋ Minnesota ត្រូវបានបញ្ឈប់ពីមុខតំណែង និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី29ឧសភា ដោយសារជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ត្រូវបានចាប់ខ្លួនដោយសារចាយលុយក្លែងក្លាយ។ ចៅក្រមបានឱ្យដឹងថា Derek បានប្រើជង្គង់សង្កត់ករបស់ Floyd រយៈពេល8នាទីនិង46វិនាទី ក្នុងនោះមាន2នាទីនិង53វិនាទីក្រោយពីជនរងគ្រោះ “លែងមានប្រតិកម្ម”។
ឯកសារចោទប្រកាន់បានឱ្យដឹងថា Floyd មានជំងឺប្រចាំកាយ រួមមានសរសៃឈាមបេះដូង និងខ្សោយបេះដូង ដោយសារលើសឈាម។ បើទោះជាជនរងគ្រោះអង្វរព្រោះតែ “មិនអាចដកដង្ហើមបាន” ប៉ូលិសឈ្មោះ Derek នៅតែមិនលែង។ ឯកសារបន្តថា “ឥទ្ធិពលរួមចំណែកក្នុងការដែល Floyd ត្រូវបានប៉ូលិសសង្កត់ក រួមនឹងជំងឺប្រចាំកាយ និងសារធាតុអ្វីមួយនៅក្នុងរាងកាយរបស់ Floyd បាននាំឱ្យមានការបាត់បង់ជីវិត”។
បច្ចុប្បន្ន ប៉ូលិសឈ្មោះ Derek Chauvin ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល25ឆ្នាំពីបទមនុស្សឃាតកម្រិត3 និង10ឆ្នាំពីបទមនុស្សឃាតដោយអចេតនា។ ចំណែកប៉ូលិស3នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ ក៏ត្រូវបានបណ្ដេញចេញពីមុខតំណែង និងកំពុងប្រឈមនឹងការចោទប្រកាន់៕
ប្រភព៖ CBS News