Skip to content

រដ្ឋ​ធានី​​របស់​សហរដ្ឋ​អាមេរិក​ ដាក់​បម្រាម​គោចរ ដោយ​សារ​បាតុកម្ម​(វីដេអូ)

អភិបាល​រដ្ឋ​ធានី​វ៉ាស៊ីងតោន​ ដាក់​បទ​បញ្ជា​បម្រាម​គោចរ​​នា​យប់​ថ្ងៃ​ទី​31​ឧសភា​​ និង​បាន​បញ្ចេញ​កម្លាំង​ឆ្មាំ​ការ​ពារ​ជាតិ​​​​ USNG (United States National Guard) ដើម្បី​ជួយ​ដល់​កម្លាំង​ប៉ូលិស​​​ក្នុង​ការ​ទប់​ស្កាត់​បាតុកម្ម។

បទ​បញ្ជា​បម្រាម​គោចរ​ខាងលើ​ដែល​មាន​សុពល​ភាព​ចាប់ពី​វេលា​ម៉ោង​23​ថ្ងៃទី​31​ឧសភា ដល់​ម៉ោង​6​ព្រឹក​ថ្ងៃទី​1​ខែ​មិថុនា​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់​ទល់​ទៅ​នឹង​ក្រុម​បាតុ​ករ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​សេត​វិមាន​។ នេះ​បើ​តាម​អភិបាល​ក្រុង​វ៉ាស៊ីង​តោន​ឌីស៊ី (District of Columbia, DC) លោក​ស្រី​ Muriel Bowser។

Steve Dresner អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ​វិទ្យុ​​ WTOP បាន​ឱ្យ​ដឹង​ថា ក្រុម​បាតុករ​នៅ​​ទីលាន​ Lafayette ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​សេត​វិមាន​ ដំបូងឡើយ​ “​មាន​របៀប​​រៀប​​រយ​ល្អ ប៉ុន្តែ​មាន​សម្លេ​ងរំខាន​ខ្លាំង​”។ ស្ថាន​ភាព​បាន​ប្រែ​ទៅ​ជា​អាក្រក់​បន្ទាប់​ពី​មាន​បាតុករ​ខ្លះ​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​នគរ​បាល​ ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ប្រតិ​កម្ម​តបត​ដោយ​ការ​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​បែក​ជះ​ពន្លឺ (stun grenade)​ ដើម្បី​ទប់​ទល់​។

បាតុករ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ខាង​ក្រៅ​សេត​វិមាន​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​បន្ត​បន្ទាប់​ដើម្បី​ប្រឆាំង​ទៅ​​នឹង​សមត្ថកិច្ច​ និង​គាំទ្រ​ដល់​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រៀក​សង្កត់​រហូត​ដល់​ស្លាប់​កាល​ពីថ្ងៃទី​25​ឧសភា​ នៅ​ក្នុង​ទី​ក្រុង​ Minneapolis នៃ​រដ្ឋ​ Minnesota ដោយ​សារ​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​លុយ​ក្លែង​ក្លាយ។ ក្រុម​បាតុករ​បាន​នាំ​គ្នា​ស្រែកថា “ជីវិត​របស់​ជន​ជាតិស្បែក​ខ្មៅ​ក៏​សំខាន់​” និង​ “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​”។

ក្រៅ​ពី​រដ្ឋធានី​វ៉ាស៊ីង​តោន ក៏​មាន​ទីក្រុង​យ៉ាងតិច40​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ដាក់​បទ​បញ្ជា​បម្រាម​គោចរ​ ដើម្បី​ទប់​ទល់​នឹង​បាតុកម្ម​ទាម​ទារ​យុត្តិ​ធម៍​ជូន​លោក​ George Floyd។ ឆ្មាំ​​ការ​ពារ​ជាតិ​ប្រមាណ​ជា​ 5,000​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​ និង​រដ្ឋ​ចំនួន​15​ផ្សេង​ទៀត​ ខណៈ​ដែល​ទាហាន​បម្រុង​2,000​នាក់​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​សកម្ម​ភាព​។

រដ្ឋ​ចំនួន​3​ រួម​មានរដ្ឋ​​ Arizona រដ្ឋ Texas និង​រដ្ឋ Virginia ត្រូវ​បាន​​ដាក់​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រមូល​ និង​ដាក់​ពង្រាយ​កម្លាំងសមត្ថ​កិច្ច​ ​ក្នុង​បំណង​ដោះ​ស្រាយ​បញ្ហា​ហិង្សា​ និង​ការ​ប្លន់​ទ្រព្យ​សម្បត្តិ​ដែល​កើត​មាន​ឡើង​ជា​ហូរ​ហែ​ខណៈ​ពេល​មាន​បាតុកម្ម​​៕

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Leave a Reply

Your email address will not be published. Required fields are marked *