ក្នុងគ្រាដែលទីក្រុង និងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងរលកនៃបាតុកម្ម និងហិង្សា ក្រុមមន្ត្រីនៅតំបន់ជាច្រើនបានចេញបទបញ្ជាដាក់បម្រាមគោចរ និងដាក់ពង្រាយកងទ័ពផងដែរដើម្បីការពារសន្តិសុខផងដែរ។
យោងតាមសារព័ត៌មាន AP ចលនាបាតុកម្មដែលមានឈ្មោះថា “ខ្ញុំមិនអាចដកដង្ហើម” ខាងលើ បានចាប់ផ្ដើមកើតចេញពីតំបន់ Minneapolis រដ្ឋ Minnesota ហើយបានរាលដាលពេញផ្ទៃប្រទេស បន្ទាប់ពី George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ត្រូវបានប៉ូលិសក្រៀកសង្កត់រហូតដល់ស្លាប់ ព្រោះតែជាប់សង្ស័យថាបានប្រើប្រាស់ប្រាក់ក្លែងក្លាយ។ ចលនានេះបានបណ្ដាលឱ្យមានបាតុកម្មហិង្សា ការឆក់ប្លន់ជាច្រើនកើតឡើងនៅក្នុងទីក្រុងនានានៃសហរដ្ឋអាមេរិក។
ទីក្រុងជាច្រើននៅសហរដ្ឋអាមេរិកបន្តស្ថិតក្នុងបាតុកម្ម ក្នុងនោះក៏មានអំពើហិង្សា រវាងក្រុមប៉ូលិសជាមួយនឹងក្រុមបាតុករ ព្រមទាំអមានអំពើបាញ់ប្រហារបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ទៀតផង។ ទីក្រុងមួយចំនួនត្រូវបានដាក់បម្រាមគោចរ មានដូចជាទីក្រុង Angeles, Atlanta, Seattle, Portland, Denver, Cleveland, Columbus, Pittsburgh និង Philadelphia ជាដើម។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺជាង7.1លាននាក់ និងអ្នកស្លាប់ជាង103,000នាក់។ ក្រុមអ្នកវិភាគជឿថា ជាមួយនឹងបាតុកម្មដែលបានរាលដាលពាសពេញផ្ទៃប្រទេស ក្នុងគ្រាដែលមានអ្នកជំងឺCOVID-19 ច្រើនបែបនេះ តួលេខនៃអ្នកជំងឺ និងអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកប្រាកដជានឹងកើនឡើងយ៉ាងគំហុកមិនខាន។
អភិបាលរដ្ឋ Minnesota លោក Timothy James Walz និងអភិបាលក្រុង Minneapolis លោក Jacob Frey សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃការឆ្លងវីរុសនៅក្នុងពេលដែលបាតុកម្មជាច្រើនកំពុងកើតឡើង៕
ប្រភព៖ សារព័ត៌មានបរទេស