ក្រុមបាតុករដែលទាក់ទិននឹងការស្លាប់របស់បុរសស្បែកខ្មៅ បាននាំគ្នារុញផ្ដួលរបងសន្តិសុខ និងបានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅសេតវិមាន។
វីដេអូដែលត្រូវបានគេចែករំលែកនៅលើ Twitter កាលពីថ្ងៃទី30ឧសភា បានបង្ហាញថារបងសន្តិសុខរបស់សេតវិមាន ត្រូវបានរុញឱ្យដួលរលំ ហើយក្រុមបាតុករបាននាំគ្នារុលទៅមុខ។ បាតុករបានប្រឈមមុខដាក់គ្នាជាមួយនឹងសមត្ថកិច្ច ខណៈដែលក្រុមនេះបានរៀបក្បួន និងលើកខែលរារាំង។ ប៉ូលិសមួយចំនួនត្រូវក្រុមបាតុករគប់នឹងស៊ុត។
សក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមសមត្ថកិច្ចបានព្រមានអំពីការប្រមូលផ្ដុំគ្នាដោយខុសច្បាប់ នៅមុនពេលចេញទៅរារាំងក្រុមបាតុករ។ មនុស្សមួយចំនួនក៏ត្រូវប៉ូលិសបាញ់ផ្សែងបង្ហូរទឹកភ្នែក។
សេតវិមានមុននោះត្រូវបានបិទទៅតាមបញ្ជារបស់អង្គភាពសម្ងាត់អាមេរិកាំង ប៉ុន្តែបានបើកឡើងវិញដោយសារក្រុមបាតុករបង្វែរគោលដៅទៅកន្លែងផ្សេងក្នុងរដ្ឋធានីវ៉ាស៊ីងតោន។ ប៉ុន្តែ ក្រោយមកក្រុមបាតុករក៏ត្រឡប់មកសេតវិមានវិញ។ បាតុកម្មបានចាប់ផ្ដើមនៅវេលាម៉ោងប្រហែល22 ថ្ងៃទី29ឧសភា ហើយដល់ម៉ោង3និង30នាទីព្រឹកថ្ងៃទី30ឧសភា ហាក់ដូចបានស្ងប់ស្ងាត់ទាំងស្រុង។
ប្រធានាធិបតី Donald Trump ឱ្យដឹងថា លោកមានសុវត្ថិភាព ខណៈស្ថិតនៅក្នុងសេតវិមាន ហើយក៏បានសរសើរដល់ក្រុមសម្ងាត់ថា បានបំពេញបេសកកម្មដោយជោគជ័យ”។ លោក Trump ក៏បានព្រមានក្រុមបាតុករថា នឹងជួប “ឆ្កែកាច” បើសិនឆ្លងផុតរបងសេតវិមាន។
លោក Trump យល់ថា អំពើហិង្សារបស់ក្រុមបាតុករនៅ Minneapolis គឺជាសកម្មភាពរបស់ “ក្រុមចោរប្លន់ និងអាណាធិបតេយ្យ”។ លោកបន្តថា “អាជ្ញាធររបស់ខ្ញុំនឹងទប់ស្កាត់អំពើហិង្សារបស់ក្រុមបាតុករ”។
សូមរំឭកថា បាតុកម្មខាងលើបានចាប់ផ្ដើមកើតចេញពីតំបន់ Minneapolis រដ្ឋ Minnesota ហើយបានរាលដាលពេញផ្ទៃប្រទេស បន្ទាប់ពី George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ត្រូវបានប៉ូលិសក្រៀកសង្កត់រហូតដល់ស្លាប់ ព្រោះតែជាប់សង្ស័យថាបានប្រើប្រាស់ប្រាក់ក្លែងក្លាយ៕
ប្រភព៖ សារព័ត៌មានបរទេស