ប្រជាជននៅក្នុងទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក ដូចជាទីក្រុង New York, Houston និង Atlanta ជាដើម បាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងករណីប៉ូលិសបានធ្វើឱ្យពលរដ្ឋស្បែកខ្មៅម្នាក់បាត់បង់ជីវិតនៅឯទីក្រុង Minneapolis នៃរដ្ឋ Minnesota។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅកីឡដ្ឋាន Barclays Center ក្នុងតំបន់ Brooklyn នៃទីក្រុង New York កាលពីថ្ងៃទី 29ឧសភាកន្លងទៅ ក្នុងគ្រាដែលរលកនៃបាតុកម្មកំពុងផ្ទុះឡើងពាសពេញផ្ទៃប្រទេស បន្ទាប់ពីមានករណី George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់រស់នៅក្នុងទីក្រុង Minneapolis បានបាត់បង់ជីវិតខណៈកំពុងត្រូវបានប៉ូលិសចាប់ខ្លួន។
ក្រុមបាតុករបាននាំគ្នាលើកបដាដែលមានសរសេរថា “ខ្ញុំមិនអាចដកដង្ហើម” ខណៈពួកគេប្រមូលផ្ដុំគ្នានៅតំបន់ Manhattan ក្នុងទីក្រុង New York ដោយស្នើឱ្យអនុម័តទៅលើសេចក្ដីព្រាងច្បាប់ ហាមមិនឱ្យសមត្ថកិច្ចប្រើប្រាស់យុទ្ធសាស្ត្រដែលអាចបណ្ដាលឱ្យអ្នកត្រូវចាប់ខ្លួនថប់ដង្ហើម។
Floyd អាយុ46ឆ្នាំ ត្រូវបានប៉ូលិស4នាក់ចាប់ខ្លួនកាលពីថ្ងៃទី25ឧសភា ក្រោមបទចោទថាបានប្រើប្រាស់ប្រាក់ក្លែងក្លាយ។ មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Derek Chauvin បានគ្រាកសង្កត់ Floyd ក្នុងរយៈពេល9នាទី បើទោះជាបុរសនេះបានស្រែកអង្វរ និងនិយាយថា “ខ្ញុំមិនអាចដកដង្ហើម” ហើយក៏បានសន្លប់។ Floyd បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ។
បន្ទាប់មក បាតុកម្មជាច្រើនកន្លែងត្រូវបានធ្វើឡើងនៅពាសពេញទីក្រុង Minneapolis ដោយសារតែពេលនោះ មន្ត្រីប៉ូលិស4នាក់ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាខាងលើមិនទាន់ត្រូវបានចាត់ការតាមផ្លូវច្បាប់ បើទោះត្រូវបានដកហូតតំណែងក៏ដោយ។ ក្រុមបាតុករបានប្រមូលផ្ដុំគ្នាជាច្រើនថ្ងៃបន្តបន្ទាប់ដើម្បីថ្កោលទោសករណីខាងលើនេះ។ ជាងនេះ ក្រុមបាតុករថែមទាំងបានដុតបំផ្លាញការិយាល័យដែលជាកន្លែងធ្វើការរបស់មន្ត្រីប៉ូលិស4នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់មនុស្សនេះទៀតផង។
Chavin កាលពីថ្ងៃទី29ឧសភា ត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយអចេតនា។ ចំណែកប៉ូលិស3នាក់ផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេត ហើយអាចនឹងត្រូវបានចោទប្រកាន់នាពេលខាងមុខ។
ក្នុងបាតុកម្មកាលពីម្សិលមិញនៅទីក្រុង New York ប៉ូលិសបានចាប់ខ្លួនមនុស្សរាប់សិបនាក់ និងបានបិទផ្លូវធំមួយ បន្ទាប់ពីក្រុមបាតុករនាំគ្នាខាកស្ដោះ និងគប់ដបកែវសំដៅសមត្ថកិច្ច។
នៅ Atlanta ដែលជាទីក្រុងធំរបស់ Georgia បាតុកម្មមានសភាពខ្លាំងក្លា ហើយពេលខ្លះបានកើតជាអំពើហិង្សាផងដែរ ក្នុងនោះ យ៉ាងហោចមានរថយន្តរបស់ប៉ូលិសមួយគ្រឿងត្រូវបានដុតបំផ្លាញ។ កញ្ចក់នៃអគាររបស់ CNN និងអគារមួយចំនួនទៀតក៏ត្រូវបានវាយកម្ទេច៕
ប្រភព៖ សារព័ត៌មានបរទេស