គេហទំព័រចំនួន2 បានបង្ហោះសារជាព័ត៌មានក្លែងក្លាយនៅលើទំព័រ Facebook ដើម្បីពិសោធទៅលើការប្រកាសរបស់បណ្ដាញសង្គមនេះ ដែល Mark Zuckerberg បានអះអាងថា “បណ្ដាញសង្គមមិនគួរធ្វើជាអាជ្ញាកណ្ដាលក្នុងការសម្រេចថាអ្វីជាការពិត និងអ្វីជាការក្លែងក្លាយ”។
សារព័ត៌មាន Business Insider បានឱ្យដឹងថា គេហទំព័រ2ដែលមានជំនាញខាងសរសេរខ្លឹមសាររិះគន់ និងមានមូលដ្ឋាននៅអូស្ត្រាលី គឺ The Shovel និង The Chaser បានបង្ហោះអត្ថបទចំនួន2ដែលមានខ្លឹមសារខុសពីការពិត ស្ដីអំពី CEO របស់ Facebook។ The Shovel បានសរសេរថា “Mark Zuckerberg-បានស្លាប់ក្នុងវ័យ36” ខណៈដែល The Chaser បានសរសេរចំណងជើងថា “Zuckerberg គឺជាអ្នករំលោភបំពានផ្លូវភេទកុមារ”។
គេហទំព័រទាំង2ខាងលើនេះ បានបញ្ជាក់ថា នេះគឺជាព័ត៌មានខុសពីការពិត ហើយពួកគេគ្រាន់តែចង់សាកល្បងទៅលើសមត្ថភាពនៃការទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ Facebook ក៏ដូចជា “សាកល្បង” លើការប្រកាសមុននេះរបស់ម្ចាស់ Facebook ដោយចង់ដឹងថានឹងមានអ្វីកើតឡើង បន្ទាប់ពី Zuckerberg និយាយថា បណ្ដាញសង្គម មិនគួរធ្វើជាអាជ្ញាកណ្ដាលដើម្បីកាត់ក្ដីរកការពិតនោះទេ។
បច្ចុប្បន្ន អត្ថបទក្លែងក្លាយខាងលើ មិនទាន់ត្រូវបានលុបចោលនៅឡើយ។ ចំណែកតំណាងរបស់ Facebook ក៏មិនទាន់មានប្រតិកម្មអ្វីនោះដែរទាក់ទិននឹងរឿងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស