អគ្គនាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg យល់ថា បណ្ដាញសង្គមមិនគួរក្លាយជាកន្លែងពិនិត្យរកភាពពិតរបស់ព័ត៌មានដែលបង្ហោះដោយអ្នកនយោបាយនោះឡើយ។
“ខ្ញុំគិតថា Facebook ឬកម្មវិធីដែលប្រើអ៊ីនធើណិតទូទៅនានា មិនគួរធ្វើជាអាជ្ញាកណ្ដាលក្នុងការកាត់ក្ដីរកភាពពិតនោះទេ” Zuckerberg ប្រាប់ CNBC បន្តថា “សេចក្ដីថ្លែងការណ៍នយោបាយគឺជាផ្នែកមួយប្រកបដោយភាពរសើបនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយអ្នករាល់គ្នាអាចដឹងបានអំពីអ្វីដែលអ្នកនយោបាយបានថ្លែង”។
មហាសេដ្ឋី Zuckerberg និយាយថា Facebook ប្រើប្រាស់ប្រព័ន្ធចម្រោះព័ត៌មានឯករាជ្យ តាមពេលវេលាជាក់ស្ដែង និងបូករួមជាមួយក្រុមត្រួតពិនិត្យខ្លឹមសារដែលធ្វើការជាប្រចាំ។ ប៉ុន្តែ CEO របស់ Facebook ថ្លែងថា កម្មវិធីត្រួតពិនិត្យមិនបានព្យាយាមវិភាគរកខុស-ត្រូវទៅលើសេចក្ដីថ្លែងការណ៍ ឬការប្រកាសដែលមានចរិតនយោបាយនោះទេ។ លោកក៏បានបញ្ជាក់ថា នេះគឺជាបញ្ហា “រសើប” ដែលបណ្ដាញសង្គមដូចជា Facebook ជាដើម ត្រូវតែ “មានការគោរព”។
កាលពីខែតុលាឆ្នាំមុន Facebook បានប្រកាសថា ខ្លួនអនុញ្ញាតឱ្យអ្នកនយោបាយឃោសនានៅលើបណ្ដាញសង្គមនេះបាន សូម្បីតែខ្លឹមសារឃោសនានោះជាព័ត៌មានមិនត្រឹមត្រូវ។ ក៏ប៉ុន្តែ ថ្មីៗនេះ Facebook ធ្លាប់បានលុបសារមួយទាក់ទិននឹងវីរុសCOVID-19 ដែលត្រូវបានបង្ហោះដោយប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កាលពីខែមីនា។ បញ្ហានេះត្រូវបានម្ចាស់ Facebook អះអាងថា “អ្វីក៏ដោយ ក៏តែងតែមានដែនកំណត់របស់វា សូម្បីតែអ្នកនយោបាយ។ គ្មាននរណាម្នាក់មានសិទ្ធិប្រើប្រាស់ Facebook ដើម្បីបង្កើតអំពើហិង្សា ឬបង្ហោះព័ត៌មានក្លែងក្លាយដែលបង្កផលប៉ះពាល់នោះទេ”។
Zuckerberg បច្ចុប្បន្នកំពុងតែរក្សាជំហរកណ្ដាល។ ជាងនេះ Zuckerberg ថែមទាំងបានព្យាយាមបែងចែកភាពខុសគ្នារវាង Facebook ជាមួយនឹង Twitter ទៀតផង បន្ទាប់ពី Twitter បានដាក់ tag និងតំណភ្ជាប់នៅលើសារចំនួន2ឃ្លារបស់ប្រធានាធិបតី Donald Trump។ សកម្មភាពរបស់ Twitter ត្រូវបានគេមើលឃើញថា ជាមូលហេតុធំមួយដែលនាំឱ្យលោក Trump ចុះហត្ថលេខាលើបទបញ្ជាមួយទាក់ទងនឹងបណ្ដាញសង្គម ដែលលោក Trump អះអាងថា គឺក្នុងបំណង “ការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅចំពោះការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក”។
សេតវិមានកំពុងតែពិចារណាបង្កើតក្រុមប្រឹក្សាមួយដើម្បីត្រួតពិនិត្យទៅលើការតវ៉ាទាក់ទិននឹងនិន្នាការប្រឆាំងនឹងមតិអភិរក្សនិយមនៅលើបណ្ដាញសង្គមនានា។
បើទោះជាយ៉ាងនេះក៏ដោយ យោងតាម USA Today រដ្ឋាភិបាលរបស់លោក Trump តែឯងនឹងមិនអាចកែប្រែ ឬបិទបណ្ដាញសង្គមបានឡើយ។ ព្រោះថា បញ្ហាខាងលើនេះ តម្រូវឱ្យមានការគាំទ្រពីរដ្ឋសភា ឬគណៈកម្មធិការទូរគមនាគមន៍ជាតិ FCC (Federal Communications Commission)៕
ប្រភព៖ សារព័ត៌មានបរទេស