សហរដ្ឋអាមេរិកមានគម្រោងលុបចោលទិដ្ឋាការរបស់និសិស្ស និងក្រុមអ្នកសិក្សាស្រាវជ្រាវជនជាតិចិនរាប់ពាន់នាក់ដែលត្រូវបានយល់ថាមានជាប់ទាក់ទងជាមួយនឹងកងទ័ពនៅទីក្រុងប៉េកាំង។
ក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិកដែលទទួលបន្ទុកលើគម្រោងខាងលើបានឱ្យដឹងថា អ្នកដែលត្រូវបានយកមកពិចារណាក្នុងការលុបចោលទិដ្ឋាការ មានជាប់ទាក់ទងផ្ទាល់ជាមួយនឹងសាលាដែលមានទំនាក់ទំនងនឹងកងទ័ពរំដោះប្រជាជនចិន (PLA)។ ប្រភពព័ត៌មានខាងលើក៏បានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលបានពិភាក្សាអំពីបញ្ហានេះអស់រយៈពេល3ឆ្នាំមកហើយ។
“យើងនឹងប្រកាសអំពីសកម្មភាពដែលត្រូវធ្វើចំពោះទីក្រុងប៉េកាំងនៅថ្ងៃស្អែក ហើយយើងមិនពេញចិត្តជាមួយនឹងប្រទេសចិននោះដែរ” លោក Trump ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ។ លោក បន្តថា “យើងមិនសប្បាយនឹងអ្វីដែលបានកើតឡើង។ មនុស្សនៅក្នុងប្រទេសចំនួន186 នៅទូទាំងពិភពលោក កំពុងរងទុក្ខ”។
គម្រោងខាងលើរបស់សហរដ្ឋអាមេរិកអាចប៉ះពាល់ដល់និស្សិតចិនយ៉ាងតិច3,000នាក់ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ នេះគ្រាន់តែជាតួលេខតិចបំផុតប៉ុណ្ណោះនៅក្នុងចំណោមនិស្សិតចិនជិត370,000នាក់នៅសហរដ្ឋអាមេរិក ដែលតួលេខនេះស្មើនឹង 33.7% នៃនិស្សិតបរទេសសរុបដែលកំពុងរៀននៅលើទឹកដីអាមេរិក។ ទំហំទឹកប្រាក់ដែលសហរដ្ឋអាមេរិកទទួលបានពីនិស្សិតទាំងនេះ មានប្រមាណជាជិត15ពាន់លានដុល្លារក្នុងឆ្នាំ2018។
ក្រុមមេដឹកនាំសាលា និងអង្គការវិទ្យាសាស្ត្រអាមេរិកាំងដែលទទួលបានប្រយោជន៍ពីនិស្សិតចិន មានការព្រួយបារម្ភថា សកម្មភាពខាងលើនឹងអាចនាំឱ្យមានការសងសឹកពីទីក្រុងប៉េកាំង ដោយការកាត់បន្ថយសិស្សិត និងសាលារបស់ជនជាតិអាមេរិកាំងនៅលើទឹកដីចិន។
តំណាងរាស្ត្រ Cotton យល់ថា ក្រុមនិស្សិតចិនមកសហរដ្ឋអាមេរិកដើម្បីទទួលបានការបណ្ដុះបណ្ដាលពីប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក ហើយក្រោយមកពួកគេត្រលប់ទៅស្រុកចិនវិញដើម្បី “ប្រជែងជាមួយនឹងកិច្ចការរបស់យើង” និងលួចយកគំនិតច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក។ លោក Cotton បន្តថា ដោយសារមូលហេតុនេះ ក្រុមនិស្សិតចិនគួរតែត្រូវបានហាមមិនឱ្យមកសហរដ្ឋអាមេរិកដើម្បីសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅសាលានានា លើទឹកដីសហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស